ភ្នំពេញ: ប្រជាពលរដ្ឋមកពីសមាគមអ្នកប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូ រាប់រយនាក់ បានប្រមូលផ្តុំ លើកបដា កាន់រូបលោកម៉មសូណង់ដូ និងស្រែកមេក្រូគាំទ្រលោកម៉មសូណង់ដូ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣ ទាមទារឲ្យចៅក្រមក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ ពិចារណាដោះលែងលោក ម៉ម សូណង់ដូ ពីពន្ធនាគារ ពីព្រោះក្រុមអ្នកគាំទ្រ អះអាងថា លោក ម៉ម សូណង់ដូ ពុំបានធ្វើអំពើខុសច្បាប់ទេ។
ការប្រមូលផ្តុំតវ៉ារបស់ប្រជាពលរដ្ឋជាច្រើននាក់នោះ បានធ្វើឡើងខណៈដែលតុលាការសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣ បានបើកសវនាការកាត់ក្តី លើករណីរបស់លោក ម៉ម សូណង់ដូ ដែលត្រូវតុលាការក្រុងភ្នំពេញ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ ២០ ឆ្នាំ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១២។
លោកស្រី ឃួន ផាន់ណារី អគ្គលេខាធិការរង សមាគមអ្នកប្រជាធិបតេយ្យ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែត នៅមុខតុលាការសាលាឧទ្ធរណ៍ថា ការជួបជុំរបស់ក្រុមអ្នកគាំទ្រ ទាមទារឲ្យតុលាការសាលាឧទ្ធរណ៍ ពិចារណា ដោះលែងលោក ម៉ម សូណង់ដូ ពីព្រោះគាត់បានបានធ្វើអ្វីខុសច្បាប់ទេ។
លោកស្រី បានមានប្រសាសន៍បន្តថា ប្រជាពលរដ្ឋទាំងនោះ មកពីបណ្តាខេត្តនានា ដូចជា កំពង់ចាម កណ្តាល តាកែវ ព្រៃវែង និងខេត្តក្រចេះ ជាដើម។
លោកស្រី ផាន់ណារី បានបន្ថែមថា "លោក ម៉ម សូណង់ដូ មានសុខភាពទ្រុឌទ្រោម ទើបយើងសុំឲ្យតុលាការ ដោះលែងគាត់"។
នៅព្រឹកថ្ងៃទី៥ ខែមីនានេះ ប្អូនស្រីទី៨ របស់លោក ម៉ម សូណង់ដូ គឺលោកស្រី ម៉ម ម៉ាសាឌី ក៏បានមកពីប្រទេសបារាំង មកចូលរួមតាមដានសវនាការកាត់ទោសលោក ម៉ម សូណង់ដូផងដែរ។ លោកស្រី ម៉ម ម៉ាសាឌី បាននិយាយថា លោកស្រី មានការជឿជាក់ថា តុលាការនឹងដោះលែងបងប្រុសរបស់លោកស្រីវិញ ពីព្រោះគាត់អត់បានធ្វើអ្វីខុសច្បាប់ទេ។
នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣ លោក ម៉ម សូណង់ដូ និងពិរុទ្ធជនជាអ្នកភូមិផ្សេងទៀត ត្រូវបានគេនាំខ្លួន មកកាត់ទោស នៅតុលាការសាលាឧទ្ធរណ៍។ ក្រុមសកម្មជនសិទ្ធិមនុស្សជាតិ អន្តរជាតិ និងអ្នកកាសែតជាច្រើននាក់ បានតាមដានសវនាការនោះ។
លោក ម៉ម សូណង់ដូ ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១២ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ២០ ឆ្នាំ និងពិន័យជាប្រាក់ ១០ លានរៀល ពីបទជាប់ពន្ធពាក់នឹងការបង្កើតតំបន់អបគមន៍ ប្រឆាំងរាជរដ្ឋាភិបាល តាមរយៈជម្លោះដីធ្លី នៅភូមិប្រម៉ា ខេត្តក្រចេះ។
តាមគម្រោងសវនាការលើករណីលោក ម៉ម សូណង់ដូ នៅតុលាការសាលាឧទ្ធរណ៍ នឹងត្រូវធ្វើឡើងរយៈពេល ៣ ថ្ងៃ។ សាក្សីក្នុងរឿងនឹង ទាំងសាក្សីដាក់បន្ទុក និងដោះបន្ទុក មានប្រហែលជា ១០ នាក់។
មានអាយុ ៧១ឆ្នាំ លោក ម៉ម សូណង់ដូ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ តាមរយៈបណ្តឹងចោទប្រកាន់ពីបទញុះញង់ឲ្យមានការបង្កើតតំបន់អបគមន៍ក្នុងភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
ក៏ប៉ុន្តែសហគមន៍សិទ្ធិមនុស្សជាតិ និងអន្តរជាតិ រួមទាំងក្រុមអ្នកគាំទ្ររូបលោក បានច្រានចោលការចោទប្រកាន់ ហើយចាត់ទុកថា ជារឿងនយោបាយ និងទាមទារឲ្យមានការដោះលែងលោកម៉មសូណង់ដូ ឲ្យមានសេរីភាពឡើងវិញ។
កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៣ អង្គការលើកលែងទោសអន្តរជាតិ Amnesty International បានចេញសេចក្តីថ្លែងការណ៍ អំពាវនាវឲ្យតុលាការ ដោះលែងលោក ម៉ម សូណង់ដូ។
យ៉ាងណាក៏ដោយ មន្ត្រីរដ្ឋាភិបាលបានបដិសេធ និងថា សំណុំរឿងក្តីនោះ ស្ថិតនៅក្នុងដៃតុលាការ ដែលរាជរដ្ឋាភិបាល មិនបានលូកដៃ ជ្រៀតជ្រែកលើរឿងក្តីបទល្មើស ប្រឆាំងនឹងច្បាប់នោះឡើយ៕
No comments:
Post a Comment
yes