សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, May 10, 2013

ពលរដ្ឋ​ពីរ​ស្រុក​នៅ​កោះកុង​ស្វះ​ស្វែង​រក​និស្សិត​ទៅ​វាស់​ដី

130510_10
ក្រុម​អ្នក​ភូមិ​កំពុង​អង្គុយ​លើ​ដី​ចម្ការ​​របស់​ពួក​គាត់ ដែលក្រុម​​និស្សិត​មិន​ព្រម​វាស់​ឲ្យ​​
ពលរដ្ឋ​៣៨ គ្រួសារ​នៅ​ក្រុង​ខេមរ​ភូមិន្ទ និង​ស្រុក​មណ្ឌល​សីមា ដែល​មាន​ទំនាស់​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ ជាមួយ​អង្គការ​វ៉ាយអេត បាន​ដាក់​លិខិត​ស្វែង​រក​ការ​ជួយ​អន្តរាគមន៍​ពី​សំណាក់​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​អាជ្ញាធរ​ខេត្ត​ករណី​ដែល​អាជ្ញាធរ​ស្រុក មិន​ព្រម​ឲ្យ​ក្រុម​និស្សិត​វាស់​ដី​ជូន​ពួក​គាត់​និង​ទាមទារ​ឲ្យ​ដោះលែង​ពលរដ្ឋ​ម្នាក់​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​ដើម​ខែ​ឧសភា។
ប្រជា​ពលរដ្ឋ ដែល​មាន​ជម្លោះ​ដី​ធ្លី​ទាំង​នេះ មាន​១៨ គ្រួសារ​នៅ​ភូមិ​ស្មាច់​មាន​ជ័យ សង្កាត់​ខេមរ​ភូមិន្ទ លើ​ផ្ទៃ​ដី ៦៧ ហិកតា និង ២០ គ្រួសារ​នៅ​ភូមិ​ចាំយាម ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌល​សីមា លើ​ផ្ទៃ​ដី ៤៣​ហិកតា។
បើ​តាម​ស្រ្តី​អ្នក​ភូមិ​ម្នាក់ គឺ​អ្នក​ស្រី​អ៊ឹន ច្រន អាយុ​៥៣ឆ្នាំ បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​មូលដ្ឋាន​និង​ក្រុម​និស្សិត​បាន​បដិសេធ​មិន​ព្រម​វាស់​ដី​នេះ​ឲ្យ​ពួក​គាត់​ឡើយ​។​អ្នក​ស្រី​និយាយ​ថា​៖​«​នៅ​ខែ​មីនា ឆ្នាំ ២០១៣ ក្រុម​គេ​បាន​ចុះ​មក​វាស់​វែង​ដី ឲ្យ​ពលរដ្ឋ​ដែល​មាន​ព្រំ​ប្រទល់​ដី​ជាប់​ពួក​ខ្ញុំ​ហើយ​សន្យា​ថា នឹង​វាស់​ឲ្យ​ពួក​ខ្ញុំ​នៅ​ពេល​ក្រោយ​តែ​ស្រាប់​តែ​ចូល​ឆ្នាំ​ខ្មែរ​ហើយ​ខ្ញុំ​សួរ​គេ​ខាង​និស្សិត​ថា​ដី​នោះ​មិន​អាច​វាស់​ឲ្យ​បាន​ទេ​ពី​ព្រោះ​ជា​ដី​ចម្ការ​មីន​»។ ស្រ្តី​រូប​នេះ បាន​ចោទ​សួរ​ថា តើ​មាន​គ្រាប់​មីន​មក​ពី​ណា​បើ​អ្នក​ភូមិ​បាន​ធ្វើ​ស្រែ​ធ្វើ​ចម្ការ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៧​មក​មិន​ដែល​ប៉ះ​មីន​មួយ​គ្រាប់​ផង។ កាល​ពី​ថ្ងៃ​ទី២ ខែ​ឧសភា ក្រុម​អ្នក​ភូមិ បាន​នាំ​គ្នា​ធ្វើ​ការ​បោះ​បង្គោល​ព្រំ​ដី​ដោយ​ខ្លួន​ឯង ត្រូវ​បាន​កង​កម្លាំង​របស់​អង្គការ​វ៉ាយ​អេត​ចាប់​ខ្លួន​បុរស​អ្នក​ភូមិ ម្នាក់ ហើយ​បញ្ជូន​យក​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត។

អ្នក​ស្រី គឹម ចាន់ អាយុ ៤៧ ឆ្នាំ​ដែល​ជា​តំណាង​ពលរដ្ឋ ២០ គ្រួសារ​នៅ​ក្នុង​ភូមិ​ចាំយាម បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​របស់​អ្នក​ស្រី​បាន​មក​រស់​នៅ​ក្នុង​តំបន់​នោះ​តាំង​ពី​ឆ្នាំ​១៩៩៧ ហើយ​ក៏​ពុំ​មាន​អាជ្ញាធរ​ណា​មក​ហាម​ឃាត់​នោះ​ទេ​ទើប​តែ​នៅ​ក្នុង​ឆ្នាំ ២០០៤ ក្រុម​អង្គការ​វ៉ាយ​អេត​ចុះ​មក​ពិនិត្យ​បន្ទាប់​មក​នៅ​ក្នុង​ឆ្នាំ​២០០៧ អង្គការ​នេះ បាន​ដាក់​ស្លាក​ហាម​មិន​ឲ្យ​ពលរដ្ឋ​ដាំ​ដុះ​។ បន្ទាប់​មក​ទៀត​នៅ​ថ្ងៃ​ទី២៩ ខែ​មីនា ឆ្នាំ ២០០៩ អង្គការ​នេះ​បាន​ចុះ​បំផ្លាញ​ដំណាំ​និង​ផ្ទះ​ពលរដ្ឋ​អស់​៨ខ្នង​។ អ្នក​ស្រី​និយាយ​ថា​៖​«ខ្ញុំ​សូម​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​មេត្តា​ជួយ​អន្តរាគមន៍ ឲ្យ​ក្រុម​និស្សិត​ចុះ​មក​វាស់​វែង​ដី​ជូន​ពួក​យើង​ដែល​រង​គ្រោះ​ទាំង​អស់​ផង​កុំ​វាស់​ឲ្យ​តែ​អ្នក​ដែល​គេ​មាន​លុយ​ដែល​ពុំ​មែន​ជា​ពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ​ពិត​ប្រាកដ»។
លោក សេង សាយ មេ​ភូមិ​ចាំយាម បាន​ឲ្យ​ដឹង​ថា លោក​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ជាមួយ​កង​កម្លាំង​នៅ​ក្នុង​តំបន់​នោះ​ហើយ​បាន​រាយការណ៍​ទៅ​ថ្នាក់​លើ​។ ថ្នាក់​លើ​បាន​ប្រាប់​មក​វិញ​ថា​មិន​អាច​ឲ្យ​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ចុះ​មក​វាស់​ដី​ឲ្យ​អ្នក​ភូមិ​បាន​ទេ​ដោយ​សារ​តំបន់​នេះ​ជា​តំបន់​មីន។ លោក​និយាយ​ថា​៖​«យើង​គិត​អំពី​សុវត្ថិភាព​របស់​យុវជន​ស្ម័គ្រ​ចិត្ត យើង​មិន​អាច​ឲ្យ​ពួក​គេ​ទៅ​ធ្វើ​ការ​នៅ​ក្នុង​តំបន់​មីន​បាន​ទេ»។
ប៉ុន្តែ​លោក​នាង បូរាទីណូ មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​កោះកុង បាន​ឲ្យ​ដឹង​ថា តាម​ការ​ចុះ​អង្កេត​របស់​អង្គការ​អាដ​ហុក​តំបន់​ដី​ជម្លោះ​នោះ​ពុំ​ដែល​មាន​មីន​ទេ​។ លោក​និយាយ​ថា៖«​ដី​តំបន់​នោះ​អ្នក​ភូមិ​បាន​ដាំ​ដំណាំ​ជាច្រើន​ឆ្នាំ​មក​ហើយ​ដូច្នេះ​គ្មាន​ហេតុផល​ណា​ដែល​អាជ្ញាធរ​មិន​វាស់​វែង​ដី​ឲ្យ​ពួក​គាត់​នោះ​ទេ​»​។ លោក​បូរាទីណូ បាន​អំពាវនាវ​សូម​ឲ្យ​អាជ្ញាធរ ធ្វើ​ការ​ដោយ​មាន​ភាព​យុត្តិធម៌​ក្នុង​ការ​វាស់​វែង​ដី​ធ្លី​ជូន​ប្រជា​ពលរដ្ឋ​ទូទៅ​កុំ​លំអៀង​ទៅ​តែ​ខាង​អ្នក​ដែល​មាន​លុយ។
មិន​អាច​ទំនាក់​ទំនង​មន្ត្រី​អង្គការ​វ៉ាយ​អេត​ប្រចាំ​ខេត្ត​កោះកុង ដើម្បី​សុំ​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ថ្ងៃ​ម្សិលមិញ៕

No comments:

Post a Comment

yes