សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, May 10, 2013

មិន​ទាន់​មាន​វិធានការ​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​នៅ​លំផាត់​ទេ

130510_06
ឈើ​ហុប​​រាប់​រយ​ដើម​នៅ​ក្នុង​ក្រុម​ហ៊ុន​ដី​សម្ប​ទាន​វៀត​ណាម​​ 
នៅ​ជាប់​តំបន់​អភិរក្ស​សត្វ​ព្រៃ​លំផាត់​
ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​ក្រុមហ៊ុន ហ៊ង​អាញ HAGL រួម​នឹង​ម្ចាស់​មូលនិធិ ដែល​ផ្តល់​ប្រាក់​កម្ចី​ឲ្យ​ក្រុមហ៊ុន​ធំ របស់​វៀតណាម​នេះ បាន​ចុះ​ទៅ​ពិនិត្យ​ក្រុមហ៊ុន និង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ក្នុង​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ពុធ​បន្ទាប់​ពី​មាន​ការ​ផ្សាយ​ព័ត៌មាន​ពី​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​តំបន់​នោះ។
លោក ឆាយ ធី អ្នក​សម្រប​សម្រួល​អង្គការ​អាដហុក ខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​ថា ម្ចាស់​ក្រុមហ៊ុន​ធំ ហ៊ង​អាញ HAGL មក​ពី​វៀតណាម ម្ចាស់​មូលនិធិ អង្គការ​សត្វ​ស្លាប Birdlife​International សហការ និង​មន្រ្តី​បរិស្ថាន​រួម​នឹង​អង្គការ​អាដហុក​បាន​ចុះ​ទៅ​មើល​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់​និង​ទីតាំង​ក្រុមហ៊ុន​ហ៊ង​អាញ​លំផាត់ ដែល​នៅ​ជាប់​នឹង​ដែន​ជម្រក​សត្វ​ព្រៃ​នេះ។ លោក ឆាយ ធី​បញ្ជាក់​ថា៖«យើង​បាន​ទៅ​មើល​រោងចក្រ​ឈើ​មួយ ក្នុង​ដី​ក្រុមហ៊ុន​។ ឃើញ​ឃ្លាំង​មួយ​ផ្ទុក​ឈើ​ប្រណីត​ច្នៃ​ពេញ​ប្រហែល​២០ ទៅ ៣០​ម៉ែត្រ​គុប។ ជុំវិញ​នោះ​មាន​គំនរ​ឈើ​មិន​ទាន់​អារ​រាប់​រយ​កំណាត់​ម៉ាស៊ីន​រ៉ៃ​ធំៗ​ពីរ​និង​ម៉ាស៊ីន​អារ​ច្រៀក​តូចៗ​ពីរ-បី​គ្រឿង ក៏​ឃើញ​នៅ​ទី​នោះ​ដែរ»។ លោក​ឲ្យ​ដឹង​ថា ឈើ​មួយ​ដើមៗ​គឺ​ចន្លោះ​ពី ៥ ទៅ ៧​ម៉ែត្រ​គុប។ បើ​គេ​លក់​ក្នុង​ស្រុក​តម្លៃ​ចាប់​ពី​២០០​ទៅ​៤០០​ដុល្លារ និង​លក់​ចេញ​ទៅ​ភ្នំពេញ ឬ​ទៅ​ក្រៅ​ប្រទេស​ថ្លៃ​ចាប់​ពី​១០០០ ទៅ​១២០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​គុប។

មន្រ្តី​អង្គការ​សត្វ​ស្លាប Birdlife International បាន​រក​ឃើញ​ថា ព្រៃឈើ​ទំហំ​ជិត ១ ម៉ឺន​ហិកតា​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់​ត្រូវ​បាន​គេ​កាប់​បំផ្លាញ​ដោយ​ខុស​ច្បាប់។ អង្គការ​នេះ​បាន​ចាត់​ទុក​ការ​កាប់​បំផ្លាញ​នេះ​ថា ជា«សោកនាដកម្ម​ព្រៃ​ឈើ»។ អង្គការ​អាដហុក​ក៏​បាន​ធ្វើ​ការ​អង្កេត​និង​ប៉ាន់​ស្មាន​ថា ឈើ​ប្រណីត​ប្រមាណ​១ ម៉ឺន​៦​ពាន់​ដើម​ត្រូវ​បាន​គេ​កាប់​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​នេះ​ផង​ដែរ។
ប្រជា​សហគមន៍​ម្នាក់ ឈ្មោះ ជួន រិទ្ធ អាយុ​៥៤ឆ្នាំ ដែល​បាន​នាំ​ផ្លូវ​ក្រុម​មន្ត្រី​ទៅ​ត្រួត​ពិនិត្យ​ការ​កាប់​បំផ្លាញ​ព្រៃ​ដែន​ជម្រក​សត្វ​នោះ​បាន​អះ​អាង​ថា លោក​ថៃ ដែល​មាន​ងារ​ជា​ឧកញ៉ា និង​ក្រុមហ៊ុន​វៀតណាម ហ៊ង​អាញ លំផាត់ ជា​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ព្រៃឈើ​ទាំង​នេះ​ចាប់​តាំង​ពី​ខែ​តុលា​ឆ្នាំ ២០១២ មក។ លោក រិទ្ធ​បញ្ជាក់​ថា៖«កម្មករ​ទាំង​ខ្មែរ​និង​វៀតណាម​ប្រហែល​ជា ៥០នាក់ បាន​កាប់​ឈើ ហើយ​ដឹក​តាម​ឡាន​ជាង​២០ គ្រឿង​ចូល​ក្រុមហ៊ុន​វៀតណាម​។ គ្មាន​អ្នក​ចាប់​គេ​ទេ»។
ប្រជា​សហគមន៍​ចំនួន ២៩ គ្រួសារ នៅ​ស្រុក​កូន​មុំ​ធ្លាប់​ប្រកប​របរ​យក​ជ័រ​ពី​ដើម​ច្បោះ​នៅ​ក្នុង​ព្រៃ​អភិរក្ស​នោះ​។ តាម​ការ​ប៉ាន់​ស្មាន ដើម​ច្បោះ​របស់​ប្រជា​ពលរដ្ឋ​ទាំង​នោះ ប្រមាណ​ជិត ១ ម៉ឺន​ដើម​ត្រូវ​បាន​គេ​កាប់​។ គ្រួសារ​លោក​ជួន រិទ្ធ​ធ្លាប់​យក​ជ័រ​ទឹក​ពី​ដើម​ច្បោះ​ចំនួន ៦០០​ដើម​ចាប់​ពី​ឆ្នាំ ១៩៩៨​មក​ហើយ​ក្នុង​មួយ​ឆ្នាំៗ គ្រួសារ​របស់​លោក អាច​រក​ប្រាក់​បាន​ប្រមាណ ៨ លាន​រៀល ពី​ការ​លក់​ជ័រ​ទឹក។ លោក រិទ្ធ​និយាយ​ដូច្នេះ​ថា៖«​ឥឡូវ​នេះ ចង់​យំ​ក៏​យំ​មិន​ចេញ​ដែរ។ ខ្ញុំ​ស្រណោះ​ណាស់​ធ្លាប់​តែ​ដើរ​យក​ជ័រ​ទឹក។ តែ​ពេល​នេះ​គេ​កាប់​អស់​ហើយ​គ្មាន​សល់​អី​ទេ​ក្នុង​ដែន​ជម្រក​សត្វ​នេះ។ យើង​បាន​ប្រាប់​មេ​ឃុំ​ដែរ តែ​គាត់​មិន​អាច​ជួយ​បាន​ទេ​»។
លោក​សន សុវណ្ណសុង ប្រធាន​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់​បាន​បដិសេធ​មិន​ធ្វើ​អធិប្បាយ​ឡើយ​ដោយ​ថ្លែង​ថា ជាប់​រវល់។
លោក ប៉ាវ ហមផាន អភិបាល​ខេត្ត​រតនគិរី បាន​ថ្លែង​ថា លោក​មិន​ទាន់​ទទួល​បាន​របាយ​ការណ៍​ពី​ការ​កាប់​ឈើ​នេះ​ទេ​បើ​ទោះ​បី​ជា​មន្ត្រី​អាជ្ញាធរ​លោក​បាន​ចុះ​ស្រាវ​ជ្រាវ​កាល​ពី​សប្តាហ៍​មុន​រួច​មក​ហើយ​ក៏​ដោយ។ លោក​បន្ត​ថា៖​«​មន្រ្តី​ខេត្ត​បាន​ទៅ​សាក​សួរ​ពលរដ្ឋ​ដែល​ធ្លាប់​បាន​ចូល​ទៅ​តំបន់​គេ​ថា កាប់​នោះ​។ មិន​ទាន់​បាន​ចូល​ទៅ​ដល់​ជាក់​ស្តែង​នៅ​ឡើយ​ទេ ព្រោះ​វា​នៅ​ឆ្ងាយ។ អ៊ីចឹង វា​មិន​ទាន់​ច្បាស់​ពី​រឿង​នេះ​ទេ»។
លោក ឆាយ ធី បាន​បញ្ជាក់​ថា នា​ពេល​នេះ ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ រួម​រឹត ហ៊ុមព័ទ្ធ​ជុំវិញ​ទៅ​ដោយ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​៧​ហើយ​ដែន​ជម្រក​សត្វ​ព្រៃ​មួយ​នេះ​កំពុង​ទទួល​រង​នូវ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​យ៉ាង​ធ្ងន់​ធ្ងរ​។ ប្រសិន​បើ​មិន​មាន​វិធានការ​ទប់​ស្កាត់​ឲ្យ​ទាន់​ពេល​ទេ ព្រៃ​ដែន​ជម្រក​សត្វ​នេះ នឹង​ត្រូវ​កាប់​អស់​ជា​មិន​ខាន​ឡើយ​៕

No comments:

Post a Comment

yes