សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, May 3, 2013

សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​ធ្លាក់​ចុះ​៦​ឆ្នាំ​ជាប់ៗ​គ្នា

130503_04
លោក​ម៉ម សូណង់​ដូពេល​នាំ​ពី​គុក​ចូល​តុលា​ការ​កន្លង​មក
យោង​តាម​របាយ​ការណ៍​សេរីភាព​សារ​ព័ត៌មាន​ឆ្នាំ ២០១៣​របស់ Freedom House ជា​អង្គការ​ឃ្លាំ​មើល​របស់​សហរដ្ឋ​អាមេរិក​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ បាន​ឲ្យ​ដឹង​ថា​ចំណាត់​ថ្នាក់​សេរីភាព​សារ​ព័ត៌មាន​កម្ពុជា​បាន​ធ្លាក់​ចុះ​ក្នុង​រយៈ​ពេល ៦ ឆ្នាំ​ជាប់ៗ​គ្នា ដោយ​ធ្លាក់​ចុះ​៥ ចំណាត់​ថ្នាក់​មក​ត្រឹម​លេខ ១៤៩។
របាយ​ការណ៍​បាន​លើក​ឡើង​អំពី «​ការ​កើន​ឡើង​នូវ​ចំនួន​អ្នក​សារ​ព័ត៌មាន​ដែល​ជាប់​ពន្ធនាគារ ...និង​ការ​កើន​ឡើង​ខ្លាំង​នូវ​ការ​គំរាម​កំហែង និង​អំពើ​ហិង្សា​លើ​រូបកាយ​មក​លើ​អ្នក​សារ​ព័ត៌មាន​» ជា​មូលហេតុ​សំខាន់​ធ្វើ​ឲ្យ​កម្ពុជា​មាន​ចំណាត់​ថ្នាក់​និង​ពិន្ទុ​សេរីភាព​សារ​ព័ត៌មាន​ធ្លាក់​ចុះ។
លោក ប៉ា ងួនទៀង នាយក​វិទ្យុ​សំឡេង​ប្រជា​ធិបតេយ្យ និង​ជា​ប្រធាន​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ បាន​ថ្លែង​ថា ចំណាត់​ថ្នាក់​នេះ​ពិត​ជា​បាន​ឆ្លុះ​បញ្ចាំង អំពី​ការ​កំហិត​មក​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​កម្ពុជា។

លោក​បញ្ជាក់​ថា៖ «​ខ្ញុំ​ឯកភាព​ទាំង​ស្រុង​នឹង​របាយ​ការណ៍​ហើយ​វា​ជា​ការ​ពិត​ដែល​កម្ពុជា​កំពុង​ធ្លាក់​ចុះ​លើ​សេរីភាព​សារ​ព័ត៌មាន​»។ លោក​បាន​បន្ត​ថា ការ​បិទ​ស្ថានីយ​វិទ្យុ​ឯករាជ្យ ក្នុង​អំឡុង​ពេល​បោះឆ្នោត​ឃុំ​សង្កាត់ កាល​ពី​ឆ្នាំ​មុន ឆ្លុះ​បញ្ចាំង​នូវ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​មក​លើ​សំឡេង​ផ្សេង​។ លោក​បន្ត​ថា៖«ប្រសិន​បើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អាច​ផ្សាយ​នៅ​ថ្ងៃ​បោះឆ្នោត អ្នក​បោះ​ឆ្នោត អាច​មាន​គំនិត​ពិចារណា​លើ​ការ​បោះ​ឆ្នោត​របស់​ខ្លួន»។
លោក ប៉ែន សមិទ្ធិ ប្រធាន​ក្លឹប​អ្នក​សារ​ព័ត៌មាន​កម្ពុជា បាន​ថ្លែង​ថា អ្នក​សារ​ព័ត៌មាន​ពុំ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ដោយ​ផ្ទាល់​ដោយ​រដ្ឋាភិបាល​ទេ ផ្ទុយ​ទៅ​វិញ ពួកគេ​បាន​ជ្រើស​រើស​ត្រួត​ពិនិត្យ​ខ្លឹមសារ​ចុះ​ផ្សាយ​របស់​ខ្លួន​ដោយ​ខ្លួន​ឯង ដើម្បី​ចៀស​វាង​ផ្សាយ​ប្រធាន​បទ​ដែល​ចម្រូង​ចម្រាស។ លោក​បញ្ជាក់​ថា៖ «​ដូច្នេះ ប្រសិន​បើ​អ្នក​សារ​ព័ត៌មាន​អាច​ងាក​ចេញ​ពី​ការ​ត្រួត​ពិនិត្យ​ខ្លួន​ឯង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាច​កាន់​តែ​សេរី និង​ល្អ​ប្រសើរ​ជាង​មុន»។
ប្រទេស​ន័រវែស​និង​ស៊ុយអ៊ែត​មាន​ចំណាត់​ថ្នាក់​កំពូល​ស្មើ​គ្នា ក្នុង​ចំណាត់​ថ្នាក់​សេរីភាព​សារ​ព័ត៌មាន ចំណែក​ឯ​កូរ៉េ​ខាង​ជើង​វិញ​ស្ថិត​នៅ​ក្រោម​គេ​បង្អស់ ជាមួយ​នឹង​ប្រទេស Turkmenistan។
នៅ​ថ្នាក់​តំបន់​វិញ កម្ពុជា​មាន​ចំណាត់​ថ្នាក់​ទាប​ជាង​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ទីម័រ​ខាង​កើត ថៃ និង​ហ្វីលីពីន តែ​នៅ​ពី​លើ​ប្រទេស​ឡាវ មីយ៉ាន់ម៉ា សិង្ហបុរី ប៊្រុយណេ និង​វៀតណាម។ បើ​ទោះ​បី​ជា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​១៦២ ក៏​ដោយ ក៏​ប៉ុន្តែ ប្រទេស​មីយ៉ាន់ម៉ា​មាន​ការ​រីក​ចម្រើន​ខ្លាំង​ធៀប​នឹង​ឆ្នាំ​មុន ដែល​មីយ៉ាន់ម៉ា​ជាប់​ចំណាត់​ថ្នាក់​លេខ ១៨៧។ ការ​ងើប​ឡើង​នេះ​គឺ​ដោយ​សារ​តែ​សកម្មភាព​របស់​រដ្ឋាភិបាល​នា​ពេល​ថ្មីៗ​នេះ​ដែល​បាន​បើក​សេរី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស និង​ដោះ​លែង​អ្នក​សរសេរ​លើ​ប្លុក​អ៊ីនធឺណិត និង​អ្នក​សារ​ព័ត៌មាន។ ចំពោះ​កម្ពុជា​វិញ របាយ​ការណ៍​ចង្អុល​បង្ហាញ​ករណី​ល្បី​ចំនួន​ពីរ ជា​ភ័ស្តុតាង​នៃ​ការ​ធ្លាក់​ចុះ​នូវ​សេរីភាព​សារ​ព័ត៌មាន​។
ឧទាហរណ៍​គឺ​ករណី​លោក ម៉ម សូណង់ដូ ម្ចាស់​វិទ្យុ​សំបុក​ឃ្មុំ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​មុន​ពី​បទ​បង្កើត​តំបន់​អប្បគមន៍ ក្នុង​ខេត្ត​ក្រចេះ​ហើយ​ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​២០ ឆ្នាំ មុន​ពេល​ត្រូវ​បាន​ដោះ​លែង​កាល​ពី​ខែ​មុន។ មួយ​ទៀត​គឺ​ករណី​អ្នក​សារ​ព័ត៌មាន​ឈ្មោះ​ហង្ស សេរីឧត្តម ដែល​ត្រូវ​បាន​វាយ​ដំ និង​រក​ឃើញ​ស្លាប់​ក្នុង​រថយន្ត​របស់​លោក កាលពី​ខែ​កញ្ញា​ក្នុង​ស្រុក​អូរជុំ ខេត្ត​រតនគិរី។
សេរី​ឧត្តម ដែល​បាន​សរសេរ​អត្ថបទ​ពី​ការ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ខេត្ត​រតនគិរី ឲ្យ​កាសែត វីរជន​ខ្មែរ​ចុះ​ផ្សាយ​គឺជា​អ្នក​សារ​ព័ត៌មាន​ទី ១ ដែល​ត្រូវ​គេ​សម្លាប់​នៅ​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ ២០០៨ មក ហើយ​ជា​អ្នក​កាសែត​ទី១០ ដែល​ត្រូវ​គេ​សម្លាប់​ចាប់​តាំង​ពី​ឆ្នាំ ១៩៩២ មក នេះ​បើ​យោង​តាម​គណៈ​កម្មាធិការ​ការពារ​អ្នក​សារ​ព័ត៌មាន។
លោក សមិទ្ធិ បាន​ថ្លែង​ថា៖«​ខ្ញុំ​គិត​ថា ដោយ​សារ​ករណី​ល្បី​ទាំង​ពីរ​នាក់​ខាង​លើ ទើប​ចំណាត់​ថ្នាក់​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​ធ្លាក់​ចុះ​។ ប៉ុន្តែ ជា​ទូទៅ ស្ថានការណ៍​សម្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​កម្ពុជា​ឥឡូវ​នេះ​គឺ​ល្អ​ប្រសើរ​ជាង​មុន​»។
លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី បាន​ថ្លែង​ថា របាយ​ការណ៍​នេះ ពុំ​បាន​ឆ្លុះ​បញ្ចាំង​ពិត​អំពី​បរិស្ថាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​ទេ។ លោក​បាន​ថ្លែង​ថា៖ «​អ្នក​យក​ព័ត៌មាន​កម្ពុជា​យើង​ទៅ​ទី​ណា​ក៏​បាន​យ៉ាង​សេរី​សូម្បី​តែ​ក្នុង​បន្ទាយ​យោធា​។ ខ្ញុំ​មិន​គិត​ថា កម្ពុជា​នៅ​ពី​ក្រោយ​ប្រទេស​ជិត​ខាង​ឡើយ»។​លោក​បន្ថែម​ថា៖«​អ្នក​សារ​ព័ត៌មាន​វិជ្ជាជីវៈ និង​មាន​ក្រម​សីលធម៌​តែង​តែ​មាន​សុវត្ថិភាព​នៅ​កម្ពុជា»៕ 

No comments:

Post a Comment

yes