ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរ ទៅទស្សនាប្រាសាទព្រះវិហារ កាលពីចុងឆ្នាំមុន
ភ្នំពេញប៉ុស្តិ៍
ជូនចំពោះការីនិពន្ធ
ខ្ញុំសរសេរនេះក្នុងគោលបំណងអំពាវនាវយ៉ាងខ្លាំងក្លាទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីសម្រេចលើការបកស្រាយឡើងវិញនៃសាលក្រមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ របស់ខ្លួនស្តីពីប្រាសាទព្រះវិហារ។
ប្រសិនបើចំណាត់ការតុលាការនឹងត្រូវបានធ្វើឡើងអ្នកនយោបាយជាពិសេសខាងភាគីថៃនិងអ្នកកេងចំណេញអត្ថប្រយោជន៍ដទៃៗទៀតនឹងលែងមានលេសប្រើបញ្ហានេះសម្រាប់ការចំណេញនយោបាយទៀតហើយ។ ភាគីទាំងពីរ អាចពិចារណាអំពីកិច្ចព្រមព្រៀង«គ្មានជម្លោះប្រដាប់អាវុធបន្តទៀត»នៅតំបន់ប្រាសាទព្រះវិហារ។
ទោះបីជាសាលក្រមឆ្នាំ១៩៦២បានបញ្ជាក់យ៉ាងច្បាស់អំពីភាពជាកម្មសិទ្ធិរបស់កម្ពុជាលើប្រាសាទព្រះវិហារនិងតំបន់ជុំវិញនោះដូចបង្ហាញក្នុងបន្ទាត់ផែនទីនៃឧបសម្ព័ន្ធ១ ភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថាធ្វើការបកស្រាយផ្ទុយគ្នានៃសាលក្រមនោះ។ ជាលទ្ធផលការប៉ះទង្គិចប្រដាប់អាវុធដែលកើតមានជាបន្តបន្ទាប់បានផ្ទុះឡើងនៅតំបន់ប្រាសាទនេះតាំងពីឆ្នាំ២០០៨ដែលបានបណ្តាលឲ្យទាហាននិងប្រជាជនជាច្រើននាក់នៃភាគីទាំងសងខាងស្លាប់។ ដោយប្រឈមនឹងបញ្ហាទាំងនេះកម្ពុជាបានសម្រេចដាក់ពាក្យស្នើសុំការបកស្រាយសាលក្រមរបស់(ICJ) ឡើងវិញ។
បញ្ហានេះជាថ្មីម្តងទៀតបានទាញចំណាប់អារម្មណ៍អន្តរជាតិដោយភាគីថៃ និងកម្ពុជាមានឱកាសលើកទឡ្ហីករណ៍ផ្ទាល់មាត់កាលពីពាក់កណ្តាលខែមេសានិងទឡ្ហីករណ៍ជាលាយលក្ខណ៍អក្សរដើម្បីគាំទ្រការអះអាងផ្លូវច្បាប់របស់ពួកគេរៀងៗខ្លួននៅ ICJ ជាជាងដោយមធ្យោបាយប្រើយោធា។
វាជាការអនុវត្តល្អដែលយន្តការផ្លូវច្បាប់កំពុងត្រូវបានប្រើដើម្បីដោះស្រាយវិវាទនេះ ហើយវាពិតជាសំខាន់និងបន្ទាន់ដែលភាគីទាំងពីរត្រូវគោរពតាមការបកស្រាយឡើងវិញរបស់ ICJ ជាជាងធ្វើការគំរាមកំហែងបង្កជម្លោះប្រដាប់អាវុធ នៅតាមបណ្តោយព្រំដែន ឬប្រើប្រាស់បញ្ហាផ្ទៃក្នុងរបស់ថៃជាឥទ្ធិពលដាក់សម្ពាធផ្នែកចិត្តសាស្រ្តមួយចំនួនលើ ICJ នោះ។ ដោយសារកម្ពុជាបានឆ្លងកាត់បទពិសោធសង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍ហើយដែលអាក្រក់ជាងនេះទៀតគឺការកាប់សម្លាប់យ៉ាងព្រៃផ្សៃក្នុងរបបខ្មែរក្រហមចន្លោះពីឆ្នាំ១៩៧៥និង១៩៧៩ កម្ពុជាត្រូវការដំណោះស្រាយដោយសន្តិវិធីជាជាងសង្រ្គាម។ ប៉ុន្តែនោះមិនមែនមានន័យថាកម្ពុជាខ្លាចការប្រើប្រាស់កម្លាំងយោធារបស់ថៃទេ។
វាជាក្តីសង្ឃឹមរបស់ខ្ញុំថា ចៅក្រម ICJ ដែលមានលក្ខណៈគួរឲ្យគោរពនឹងធ្វើសេចក្តីសម្រេចដោយផ្អែកទៅលើសាលក្រមដែលមានរួចហើយ(ផែនទីឧបសម្ព័ន្ធ១) និងមិនទទួលអារម្មណ៍រងសម្ពាធតាមរយៈការគំរាមកំហែងនៃការផ្ទុះអាវុធដែលអាចកើតមានណាមួយបញ្ហាចលាចលផ្ទៃក្នុងរបស់ថៃ ឬទស្សនៈលម្អៀងរបស់អ្នកចេះដឹងថៃពីភាគីខាងថៃនោះទេ។
ការស្នើសុំឲ្យមានការបកស្រាយសាលក្រមឡើងវិញនេះគឺកើតចេញពីកត្តាជាក់ច្បាស់ចំនួន៤ ៖ ទីមួយ ការបកស្រាយឡើងវិញនៃសាលក្រមរបស់ ICJ គួរតែជាវិធីសាស្រ្តចុងក្រោយតែមួយគត់ដើម្បីឆ្ពោះទៅរកការបញ្ចប់វិវាទបញ្ហាតំបន់ប្រាសាទព្រះវិហារដែលកើតចេញពីឥទ្ធិពលបញ្ហានយោបាយ។ ទីពីរ វានឹងជួយបញ្ចប់ជម្លោះរវាងប្រទេសនិងប្រទេសដោយសារអ្នកនយោបាយនឹងលែងអាចប្រើវាជាលេសបក់ភ្លើងជម្លោះជាតិសាសន៍និយមគ្មានហេតុផលនិងជាតិនិយមជ្រុល។ ទីបី ប្រជាជនថៃនិងកម្ពុជានឹងដឹងច្បាស់តាមរយៈការបកស្រាយឡើងវិញនៃសាលក្រមឆ្នាំ១៩៦២នេះបើទោះបីជាបញ្ហាចម្រូងចម្រាសអាចនឹងនៅតែកើតឡើងភ្លាមៗបន្ទាប់ពីការចេញសេចក្តីសម្រេចរបស់ ICJ ក៏ដោយ។
ទីបួន ប្រជាជននៃប្រទេសទាំងពីរនឹងនៅទីបំផុតរីករាយពីផ្លែផ្កានៃការអភិវឌ្ឍដែលធ្វើឲ្យជីវភាពរស់នៅរបស់ពួកគេប្រសើរឡើងជាងមុន៕
No comments:
Post a Comment
yes