សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, July 25, 2013

ស្ថានភាព​រស់នៅ​លំបាក​របស់​អតីត​អ្នក​បុរីកីឡា​នៅ​ភ្នំបាត

អ្នក​បុរីកីឡា នៅ​ភ្នំបាត ៦១០
ស្ថានភាព​រស់នៅ​របស់​អតីត​អ្នក​បុរីកីឡា នា​ភ្នំបាត ជាយ​រាជធានី​ភ្នំពេញ
 កាល​ពី​ថ្ងៃ​ទី២៤ ខែ​កក្កដា ឆ្នាំ​២០១៣

អតីត​អ្នក​បុរីកីឡា ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ឱ្យ​ទៅ​រស់នៅ​តំបន់​ជាយ​រាជធានី​ភ្នំពេញ អស់​រយៈពេល​ជិត ២​ឆ្នាំ​មក​ហើយ​នោះ ពួក​គាត់​នៅ​តែ​មាន​ភាព​ខ្វះខាត​ដដែល។ ការ​អូស​បន្លាយ​នៃ​ភាព​ខ្វះខាត​នេះ ដោយសារ​ពួក​គាត់​មិន​មាន​មុខ​របរ​ច្បាស់​លាស់ និង​ដីធ្លី​សម្រាប់​ការ​ដាំ​ដំណាំ​ផ្សេងៗ ក៏​មិន​មាន​គ្រប់គ្រាន់​ដែរ។ ពួក​គាត់​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ជួយ​ដោះស្រាយ​បញ្ហា​កង្វះ​ខាត​ស្បៀង​អាហារ និង​បញ្ហា​ការងារ​ធ្វើ​សម្រាប់​ពួក​គេ។

រយៈពេល​ជិត ២​ឆ្នាំ​មក​ហើយ ដែល​ប្រជាជន​តំបន់​បុរីកីឡា ត្រូវ​បាន​ក្រុមហ៊ុន ផានអ៊ីម៉ិច (PhanImex) បណ្ដេញ​ចេញ​ពី​លំនៅឋាន​នៅ​ភ្នំពេញ ដោយ​ជំនួស​មក​វិញ​នូវ​ការ​រស់នៅ​តំបន់​ថ្មី​នៅ​ឯ​ជាយ​ក្រុង​វិញ។ ប៉ុន្តែ ស្ថានភាព​រស់នៅ​របស់​ពួក​គាត់​នៅ​តែ​ជួប​ការ​លំបាក។ ការងារ​នៅ​តំបន់​ថ្មី​មិន​ទាន់​មាន ហើយ​មិន​មាន​ដើម​ទុន​សម្រាប់​ប្រកប​របរ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គាត់​នៅ​តែ​ជួប​កង្វះ​ខាត​ដដែល។ ចំណែក​បញ្ហា​ទឹក​ស្អាត ប្រព័ន្ធ​ភ្លើង​អគ្គិសនី និង​សេវា​ផ្សេងៗ មិន​ទាន់​មាន​គ្រប់គ្រាន់​ដែរ។

លោក ទូច ខន ដែល​ជា​តំណាង​អតីត​អ្នក​ភូមិ​បុរីកីឡា បាន​បញ្ជាក់​ថា ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​តំបន់​ភ្នំបាត នៅ​ពេល​នេះ​នៅ​តែ​មាន​ភាព​ខ្វះខាត ពិសេស​ដល់​ដំណាក់​កាល​ដាច់​អាហារ​ម្ដងៗ​ទៅ​ហើយ ពីព្រោះ​កន្លង​មក ពួក​គាត់​រស់នៅ​អាស្រ័យ​លើ​ជំនួយ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ខាង​សង្គម​ស៊ីវិល៖ «ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ រយៈពេល​មួយ​ខែ​ពីរ​ខែ​នេះ គឺ​ពួក​គាត់​ដាច់​មែន​ទែន។ បច្ចុប្បន្ន​នេះ ដល់​ពួក​គាត់​ដាច់​អ៊ីចឹង​ទៅ យើង​ក៏​អត់​មាន​សិទ្ធិ​អី​ហាម​ឃាត់​ពួក​គាត់​ដែរ គាត់​ទៅ​រក​ស៊ី​នៅ​ភ្នំពេញ អ្នក​ខ្លះ​ទៅ​រើស​អេតចាយ អ្នក​ខ្លះ​ទៀត​ទៅ​បោក​ខោ​អាវ​ស៊ី​ឈ្នួល​បោក​ខោ​អាវ​គេ​ទៅ អ្នក​ខ្លះ​ធ្វើ​សំណង់ អ្នក​ខ្លះ​មាន​ម៉ូតូ​ទៅ​រត់​ម៉ូតូ​ឌុប​នៅ​ភ្នំពេញ ពីព្រោះ​ដី​នៅ​ទី​នេះ​មាន​ទំហំ​ទទឹង​តែ​បួន​ម៉ែត្រ​ចិត​សិប គុណ​នឹង​បណ្ដោយ​ដប់​ពីរ​ម៉ែត្រ (៤,៧០x១២) ហើយ​ពួក​គាត់​អត់​មាន​ដី​ស្រែ​ទេ»
ជំនួស​ឱ្យ​ប្រជាជន​ជាង ១០០​គ្រួសារ លោក​ក៏​បាន​ស្នើសុំ​ទៅ​ដល់​រដ្ឋាភិបាល​ដែល​ជាប់​ឆ្នោត​អាណត្តិ​ថ្មី ក្រឡេក​មើល​ទុក្ខ​លំបាក និង​សូម​ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​ដែល​ប្រជាជន​ដែល​រស់នៅ​តំបន់​ភ្នំបាត កំពុង​តែ​ជួប​ប្រទះ ពិសេស​បញ្ហា​រក​មុខ​របរ​សមរម្យ​សម្រាប់​ពួក​គេ៖ «ខ្ញុំ​ចង់​សំណូមពរ​ដល់​រាជ​រដ្ឋាភិបាល​អាណត្តិ​ក្រោយ​ដែល​ជាប់​ឆ្នោត​អាណត្តិ​ក្រោយ និង​អង្គការ​សង្គម​ស៊ីវិល ឬ​មួយ​សប្បុរស​ជន​ក្រៅ​ស្រុក​នៅ​គ្រប់​ប្រទេស ជួយ​មើល​ប្រមើល​មើល​ដល់​ពួក​គាត់​ដែល​រងគ្រោះ​ដោយ​ខ្វះខាត​តាំង​ពី​ស្បៀង តាំង​ពី​ស្អី​គិត​ទៅ​ខ្វះខាត បើ​និយាយ​រឿង​ខ្វះខាត ខ្វះ​ខាត​ម៉ា​ចប់»
ចំពោះ​រឿង​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ដែល​ជាប់​ឆ្នោត​ថ្មី​ក្រោយ​ពេល​បោះឆ្នោត​នា​ថ្ងៃ​ទី២៨ ខែ​កក្កដា លោក ទូច ខន ក៏​បាន​បញ្ជាក់​ថា អតីត​ប្រជាជន​បុរីកីឡា ដែល​កំពុង​តែ​រស់នៅ​តំបន់​ភ្នំបាត ភាគ​ច្រើន​គឺ​មាន​ឈ្មោះ​សម្រាប់​ទៅ​ចូលរួម​បោះឆ្នោត​នៅ​ថ្ងៃ​ខាង​មុខ។
ប្រធាន​ភូមិ​ស្រះពោធិ៍ លោក វង់ ឈន បាន​បញ្ជាក់​អំពី​ស្ថានភាព​រស់នៅ​របស់​ប្រជាជន អតីត​នៅ​បុរីកីឡា នេះ​ថា កន្លង​មក​លោក​ធ្លាប់​បាន​ខ្វាយខ្វល់​ពី​សុខទុក្ខ​របស់​ពួក​គេ​ដែរ។ លោក​បន្ត​ថា អតីត​អ្នក​បុរីកីឡា ពេល​នេះ មាន​សំណាង​ជាង​ប្រជាជន​ចាស់​របស់​ពួក​គាត់​មួយ​ចំនួន​ផង ពីព្រោះ​ពួក​គាត់​មាន​ការ​ជួយ​ទំនុក​បម្រុង​ពី​អង្គការ​សង្គម​ស៊ីវិល ហើយ​ឥឡូវ​ពួក​គេ​មាន​ជម្រក​សមរម្យ និង​មាន​បន្ទប់​ទឹក​ត្រឹមត្រូវ៖ «ដែល​ប្រជាជន​បុរីកីឡា នោះ រឿង​ការងារ​អ្វី​ដែល​បាន ខ្ញុំ​បាន​ជួយ​គ្រប់​ពេល​វេលា ខ្ញុំ​ចុះ​សួរ​សុខទុក្ខ និង​ការងារ​ធ្វើ ដូច​ជា ធ្វើ​ផ្លូវ​រហូត​ដល់​ទំនាក់ទំនង​ជាមួយ​ក្រុម​សហគមន៍​មិញ​នេះ ដែល​ខ្ញុំ​បាន​ទំនាក់ទំនង​ជួយ​ដើម្បី​សហការ​ជាមួយ​អង្គការ​គ្រប់​ពេល​វេលា ដើម្បី​ជួយ​បុរីកីឡា ហ្នឹង កុំ​ឱ្យ​មាន​បញ្ហា​អ្វី​កើត​ឡើង។ ពី​មុន បុរីកីឡា ហ្នឹង មក​ផ្ទះ​តូច តែ​ឥឡូវ​ហ្នឹង រហូត​ដល់​មាន​ផ្ទះ​ធំៗ ហើយ​មាន​បង្គន់​គ្រប់​ផ្ទះ​ទៀត»
ចំពោះ​ការ​ចុះ​ឈ្មោះ​របស់​ប្រជាជន​ថ្មី​ទាំង​នោះ​សម្រាប់​ការ​បោះឆ្នោត នៅ​អាណត្តិ​ថ្មី​នេះ ក៏​គាត់​បាន​ជូន​ដំណឹង​ទៅ​ដល់​ប្រជាជន​ទាំងអស់ ទាំង​ចាស់ ទាំង​ថ្មី​នៅ​ក្នុង​ភូមិ​ស្រះពោធិ៍ នេះ ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ទៅ​បោះឆ្នោត​ទាំងអស់​គ្នា។ លោក​បាន​បន្ត​ថា អតីត​ប្រជាជន​បុរីកីឡា ដែល​មាន​ឈ្មោះ​ទៅ​បោះឆ្នោត​នា​ពេល​ខាង​មុខ​មាន​ចំនួន ២០៧​នាក់ ក្នុង​ចំណោម​មនុស្ស​ដែល​គ្រប់​អាយុ​ប្រហែល ២៥០​នាក់។ ប៉ុន្តែ​លោក​មិន​ដឹង​ថា ពួក​គាត់​ទាំង​នោះ​មាន​និន្នាការ​នយោបាយ​ទៅ​រក​បក្ស​ខាង​ណា​នោះ​ទេ៖ «ការងារ​អ្វី​មួយ​ដែល​ប្រជាជន​ទាំងអស់ ប្រជាជន​ខ្ញុំ​នៅ​ភូមិ​ស្រះពោធិ៍ ទាំងអស់ រឿង​ខ្ញុំ​មិន​ដឹង​ថា​ប្រជាជន​ខ្ញុំ​មាន​កាន់​នយោបាយ​ជាមួយ​គណបក្ស​ណា​មួយ​នោះ​ទេ។ ខ្ញុំ​បាន​ប្រកាស​ជា​សាធារណៈ​ហើយ ប្រជាជន​ក៏​ស្ដាប់​ទូរទស្សន៍​ដែល​គេ​បាន​ផ្សាយ​គ្រប់​ពេល​វេលា ដើម្បី​ឱ្យ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ហើយ​ឱ្យ​បងប្អូន​ទាំងអស់​ហ្នឹង មើល​អា​រឿង​គេ​ថា​ដាក់​ឱ្យ​មើល​នៅ​កន្លែង​ការិយាល័យ​របស់​គេ»
ចំពោះ​រឿង​បោះឆ្នោត​នេះ អតីត​អ្នក​បុរីកីឡា​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ថា សម្រាប់​ប្រជាជន​បុរីកីឡា ដែល​មាន​នៅ​ក្នុង​បញ្ជី​ឈ្មោះ​របស់ គ.ជ.ប គឺ​មាន​ជាង ១៨០​នាក់។ អ្នកស្រី​បន្ត​ថា អ្នក​ដែល​មិន​បាន​ចុះ​ឈ្មោះ​នោះ ដោយសារ​តែ​ពួក​គាត់​ទៅ​ស្រុក​កំណើត និង​ខ្លះ​ទៀត​ទៅ​ធ្វើ​ការងារ​នៅ​កន្លែង​ផ្សេងៗ​ជាដើម៖ «មូលហេតុ​ដែល​គាត់​អត់​បាន គឺ​គាត់​បាន​នៅ​ទី​នេះ​នៅ​ពេល​គាត់​ចាក​ចេញ​ពី​បុរីកីឡា មក​នៅ​ទី​នេះ ខ្លះ​គាត់​ទៅ​ស្រុក​ទៅ ខ្លះ​គាត់​ទៅ​ប៉ោយប៉ែត ទៅ ខ្លះ​ទៅ​ថៃ ទៅ​អីចឹង»
បញ្ហា​នេះ​ត្រូវ​បាន​ប្រធាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ បាន​បញ្ជាក់​ថា ពលរដ្ឋ​មួយ​ចំនួន​មិន​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ទេ គឺ​ដោយសារ​តែ​ពួក​គាត់​មិន​មាន​ឯកសារ​គ្រប់គ្រាន់ ហើយ​ម្យ៉ាង​ទៀត គឺ​អាច​ជា​ចេតនា​នៃ​ដំណើរ​ការ​ការងារ​នៃ​ប្រព័ន្ធ​រដ្ឋបាល​នៅ​ប្រទេស​កម្ពុជា៖ «តាម​អ្វី​ដែល​យើង​បាន​ទទួល​ព័ត៌មាន​ពី​ពួក​គាត់ គឺ​ដោយសារ​តែ​ពួក​គាត់​ហ្នឹង​ពុំ​មាន​ឯកសារ​គ្រប់គ្រាន់ ហើយ​វា​អាច​ថា​ជា​ចេតនា​មួយ​ដែរ ដោយសារ​តែ​យើង​ដឹង​ហើយ​ថា ប្រព័ន្ធ​ការងារ​របស់​ប្រទេស​កម្ពុជា យើង​មាន​ការ​យឺតយ៉ាវ ឬ​ក៏​មិន​សូវ​មាន​លក្ខណៈ​ប្រសើរ។ អីចឹង​ហើយ ធ្វើ​ឱ្យ​គាត់​មាន​ការ​ខក​មិន​បាន​បោះឆ្នោត​មួយ​ចំនួន»
លោក​បាន​បន្ត​ថា រឿង​បោះឆ្នោត​នេះ​ជា​រឿង​យ៉ាង​សំខាន់​សម្រាប់​ពួក​គាត់ ដូច្នេះ​ពួក​គាត់​ត្រូវ​តែ​បំពេញ​កាតព្វកិច្ច​មួយ​នេះ​ឱ្យ​បាន​ផុលផុស បើ​មិន​ដូច​នេះ​ទេ លទ្ធផល​ជា​អវិជ្ជមាន​នឹង​កើត​មាន​ឡើង​សម្រាប់​ពួក​គាត់​វិញ​ក្នុង​រយៈពេល ៥​ឆ្នាំ៖ «អាច​មាន ក៏ប៉ុន្តែ​ប្រសិន​ជា​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ដែល​គាត់​មិន​សូវ​រវីរវល់​ពី​រឿង​បញ្ហា​បោះឆ្នោត​ហ្នឹង ជា​រឿង​សំខាន់​ឆ្នាំង​បាយ​របស់​ពួក​គាត់​ទេ អា​ហ្នឹង​គាត់​អត់​សូវ​ខ្វល់​ពី​រឿង​បោះឆ្នោត​ជា​រឿង​សំខាន់​ទេ។ អីចឹង​ជា​រឿង​ដែល​ធ្វើ​ឱ្យ​ពួក​គាត់​បាត់​ឱកាស​សម្រាប់​បោះឆ្នោត​ជា​សិទ្ធិ​ដ៏​សំខាន់ ពីព្រោះ​បើ​សិន​ជា​គេ​រំលោភ​គាត់​រឿង​សិទ្ធិ​បោះឆ្នោត​ហ្នឹង មាន​ន័យ​ថា ដូច​គេ​រំលោភ​ជីវិត​គាត់​អ៊ីចឹង មាន​ន័យ​ថា គេ​ធ្វើ​បាប​គាត់​អស់​មួយ​ជីវិត។ យើង​ឃើញ​ហើយ​ផល​ប៉ះពាល់​នៃ​ការ​បោះឆ្នោត​រយៈពេល ៥​ឆ្នាំ តើ​ពួក​គាត់​ទទួល​បាន​នូវ​ផល​លំបាក​យ៉ាង​ម៉េច​ខ្លះ?»
លោក​បន្ថែម​ថា កន្លង​មក​ក្រុម​ការងារ​លោក​បាន​សហការ​ជាមួយ​អង្គការ​ជា​ដៃគូ ពិសេស​អង្គការ ខុមហ្រ្វែល (Comfrel) ដើម្បី​ចាត់​វិធានការ​ដោះស្រាយ​ចំពោះ​ករណី​មិន​មាន​ឈ្មោះ និង​ជំរុញ​ប្រជាជន​ឱ្យ​យល់​ដឹង​ពី​តម្លៃ​នៃ​ការ​បោះឆ្នោត។
អតីត​អ្នក​បុរីកីឡា ដែល​ទៅ​រស់នៅ​កន្លែង​ថ្មី​នៅ​ក្នុង​ភូមិ​ស្រះពោធិ៍ ឃុំ​ផ្សារដែក ដែល​មាន​ចំនួន​សរុប ១៤០​គ្រួសារ និង​ប្រជាជន​ចំនួន​សរុប ៥៥៨​នាក់៕

No comments:

Post a Comment

yes