សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, July 25, 2013

លោកហ៊ុនសែនដំឡើង​​បុណ្យស័ក្ដិដល់​កូន​ប្រុស​២​នាក់​មុន​ថ្ងៃ​បោះ​ឆ្នោត

ហ៊ុន ម៉ាណែត ៣០៥
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​កូន​ប្រុស លោក ហ៊ុន ម៉ាណែត។ លោក ហ៊ុន 
ម៉ាណែត កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១១ ត្រូវ​បាន​តែងតាំង​ជា​មេបញ្ជាការ​រង​
នៃ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ

កូន​ប្រុស​លោក ហ៊ុន សែន ពីរ​នាក់ ត្រូវ​បាន​ដំឡើង​បុណ្យ​ស័ក្ដិ​ក្នុង​តួនាទី​យោធា និង​ការ​ដាក់​កូន​ប្រុស​ម្នាក់​ទៀត​ជា​តំណាងរាស្ត្រ បណ្ដាល​ឲ្យ​មាន​ការ​សង្ស័យ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ចង់​ពង្រឹង​អំណាច​គ្រួសារ​ដើម្បី​បន្ត​កាន់​កាប់​អំណាច​នៅ​ប្រទេស​កម្ពុជា។

ការ​ដំឡើង​​ឋានន្តរសក្ដិ​ដល់​កូន​ប្រុស​លោក ហ៊ុន សែន ពីរ​នាក់​ក្នុង​វិស័យ​ការពារ​ជាតិ​នេះ បាន​ធ្វើ​ឡើង​បួន​ថ្ងៃ​មុន​ថ្ងៃ​ការ​បោះ​ឆ្នោត​សកល​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ខាង​មុខ​នេះ។
ទីភ្នាក់ងារ​ព័ត៌មាន អា.អេហ្វ.ប៉េ (AFP) រាយការណ៍​ថា ព្រះរាជក្រឹត្យ​ពីរ​ផ្សេង​គ្នា​បង្ហាញ​ថា កូន​ប្រុស​ច្បង​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​ដំឡើង​ស័ក្ដិ​ជា​នាយ​ឧត្ដមសេនីយ៍។ ចំណែក​លោក ហ៊ុន ម៉ាណិត ជា​ឧត្ដមសេនីយ៍​ឯក។ លោក ហ៊ុន សែន ក៏​បាន​ដាក់​បេក្ខជន​កូន​ប្រុស​ពៅ​លោក គឺ​លោក ហ៊ុន ម៉ានី ជា​បេក្ខជន​តំណាងរាស្ត្រ​សម្រាប់​ការ​បោះឆ្នោត​រដ្ឋ​សភា​នីតិកាល​ទី​៥ នេះ។

អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ចាត់​ទុក​ថា ការ​ដំឡើង​តំណែង​នៅ​មុន​ពេល​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨ ខែ​កក្កដា ខាង​មុខ​នេះ​បង្ហាញ​ថា លោក ហ៊ុន សែន កំពុង​រៀប​ចំ​យុទ្ធសាស្ត្រ​គ្រប់​គ្រង​អំណាច​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា និង​ចង់​ឲ្យ​យោធា​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។
អ្នក​វិភាគ​សង្គម​ឯករាជ្យ លោក កែម ឡី មាន​ប្រសាសន៍​ថា ការ​ដំឡើង​បុណ្យស័ក្ដិ​ដោយ​គ្មាន​គុណសម្បត្តិ និង​បទពិសោធន៍​សមស្រប នឹង​បណ្ដាល​ឲ្យ​មន្ត្រី​យោធា​ផ្សេង​ទៀត​បាក់​ទឹក​ចិត្ត​បំពេញ​ការងារ។ លោក​បន្ត​ទៀត​ថា ប្រទេស​កម្ពុជា ប្រកាន់​លទ្ធិប្រជាធិបតេយ្យ ហើយ​សន្ទុះ​នៃ​ប្រជាពលរដ្ឋ ដែល​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​មេដឹកនាំ​កំពុង​កើន​ឡើង ដូច្នោះ​គម្រោង​បន្ត ឬ​ផ្ទេរ​អំណាច​ឲ្យ​កូន ឬ​ក្រុម​គ្រួសារ​ទំនង​ជា​គ្មាន​ប្រសិទ្ធភាព​ឡើយ។
លោក កែម ឡី៖ «ប្រជាជន​យើង​មាន​ភាព​វៃឆ្លាត​ជាង​មុន។ កាលណា​ប្រជាជន​ឆ្លាត​ជាង​មុន ហើយ​មាន​ព័ត៌មាន​ច្រើន​ជាង​មុន ពិបាក​នឹង​ធ្វើ​នយោបាយ​ប្រជាភិថុតិ។ ការ​គំរាម​កំហែង​សង្គ្រាម និង ប៉ុល ពត មក​វិញ​អ្វី​នោះ​វា​នឹង​ពិបាក»
ការ​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​មេដឹកនាំ​នៅ​កម្ពុជា មិន​មែន​មាន​តែ​ពលរដ្ឋ​កម្ពុជា ឡើយ។ តំណាងរាស្ត្រ​សហរដ្ឋអាមេរិក ក៏​ស្នើ​ឲ្យ​លោក ហ៊ុន សែន ចាកចេញ​ពី​តំណែង​ដោយ​សន្តិវិធី​ដែរ។ សមាជិក​សភា​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក ពី​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា (California) លោក ដាណា រ៉ូរ៉ាបាឃើ (Dana Rohrabacher) កាល​ពី​ដើម​ខែ​កក្កដា បាន​ទទូច​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញ​ពី​អំណាច ដោយសារ​តែ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ។ លោក​ព្រមាន​ថា ចលនា​មហាជន​នៅ​កម្ពុជា អាច​នឹង​ងើប​ឡើង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក ហ៊ុន សែន ប្រសិន​បើ​លោក​មិន​ចុះ​ចេញ​ពី​តំណែង​ដោយ​សន្តិវិធី។
មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​ការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​ដំឡើង​បុណ្យស័ក្ដិ​ឲ្យ​កូន​ប្រុស​លោក ហ៊ុន សែន ទាំង​ពីរ គឺ​យោង​តាម​បទពិសោធន៍​ការងារ​និង​គុណភាព​ការងារ។ លោក​បន្ត​ថា យោធា​នៅ​កម្ពុជា មិន​មែន​បម្រើ​បុគ្គល​ដើម្បី​កាន់​កាប់​អំណាច​ផ្ដាច់​ការ​ឡើយ ប៉ុន្តែ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ៖ «នៅ​ក្នុង​ប្រវត្តិ​ស្រុក​ខ្មែរ យោធា​រំលំ​អំណាច​រដ្ឋ ឬ​ចាត់​តាំង​ជា​អ្នក​ដឹកនាំ​រដ្ឋ លើកលែង​តែ​នៅ​ជំនាន់ ១៩៧០ ដែល​យោធា​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក...»
របាយការណ៍​អង្គការ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) ផ្សាយ​នៅ​ដើម​សប្ដាហ៍​នេះ​រក​ឃើញ​ថា កូន​ប្រុស​លោក ហ៊ុន សែន ដែល​មាន​តួនាទី​ជាន់​ខ្ពស់​នៅ​វិស័យ​យោធា​បាន​ឃោសនា​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា រំលោភ​ទៅ​នឹង​អព្យាក្រឹត​ភាព​របស់​មន្ត្រី​យោធា។ ក្រៅ​ពី​បុណ្យ​ស័ក្ដិ​ថ្មី​នេះ លោក ហ៊ុន ម៉ាណែត ក៏​ជា​អគ្គ​មេបញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​ក្រសួង​ការពារ​ជាតិ ចំណែក​លោក ហ៊ុន ម៉ាណិត ជា​នាយក​រង​នាយកដ្ឋាន​ចារកម្ម​ក្រសួង​ការពារ​ជាតិ។
អ្នកវិភាគ​ឲ្យ​ដឹង​ថា ការ​ដំឡើង​បុណ្យស័ក្ដិ​នេះ គឺ​ជា​យុទ្ធសាស្ត្រ​ដើម្បី​អនុញ្ញាត​ឲ្យ​បុត្រា​កូនលោក ហ៊ុន សែន ទាំងពីរ​អាច​បន្ត​យក​តំណែង​ជាន់ខ្ពស់​បន្ថែម​ទៀត​ក្នុង​វិស័យ​យោធា៕

No comments:

Post a Comment

yes