សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 12, 2013

លោក កឹម សុខា ថា​មាន​ការ​គំរាម

Kem-Sokha
លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នឹង​ផ្ញើ​លិខិត​ជូន​លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​នេះ ដើម្បី​ស្នើ​សុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ក្រុម​មនុស្ស​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ប្រមាណ ៥ នាក់ ដែល​ជិះ​ម៉ូតូ​តាម​រថយន្ត​របស់​លោក កាល​ពី​ថ្ងៃ​សុក្រ។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំ​ពាក្យ​បក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា កាល​ពី​ថ្ងៃ​សុក្រ មាន​មនុស្ស​ប្រុស​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុម មាន​គ្នា​ពី ៤ ទៅ ៥ នាក់ បាន​ជិះ​ម៉ូតូ ៣-៤ គ្រឿង តាម​រថយន្ត​របស់​លោក កឹម សុខា ជាប់​រហូត បើ​ទោះ​បី​ជា​រូប​លោក​ធ្វើ​ដំណើរ​ទៅ​ទី​ណា ឬ​ឈប់​កន្លែង​ណា​ក៏​ដោយ។ លោក​បាន​និយាយ​ថា ៖ «យើង​ក៏​មិន​ដឹង​ថា ជា​ការ​គំរាម​កំហែង​របស់​រដ្ឋាភិបាល ឬ​របស់​ក្រុម​ដទៃ​ណា​ទេ។ តែ​លិខិត​នឹង​ដាក់​ជូន​ដំណឹង ដល់​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង ដើម្បី​ស្នើ​ឲ្យ​ចាត់​វិធានការ​ស៊ើប​អង្កេត​ថា ក្រុម​នោះ​មាន​បំណង​យ៉ាង​ណា?»។

លោក កឹម សុខា បាន​ចាត់​ទុក​ក្រុម​មនុស្ស​ដែល​ជិះ​ម៉ូតូ​តាម​រថយន្ត​របស់​លោក​នេះ​ថា ជា​ការ​គំរាម​កំហែង​មួយ មក​លើ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក កឹម សុខា បាន​និយាយ​នៅ​ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ អាស៊ី​សេរី កាល​ពី​យប់​ថ្ងៃ​សុក្រ​ថា៖ «តើ​យុត្តិធម៌​យ៉ាង​ម៉េច បើ​គំរាម​តាំង​ពី​មេ​បក្ស​ទៀត​នោះ​ហើយ​មុខ​អ្នក​ដែល​ជិះ​ម៉ូតូ​តាម​ឡាន​របស់​ខ្ញុំ ទាំង​អស់​នោះ ខ្ញុំ​ស្គាល់។ សូម​ឲ្យ​រដ្ឋាភិបាល​ល្មម​ដូរ​គំនិត តាម​ដាន​បង្ខំ​ឲ្យ​គេ​ធ្វើ​តាម​ខ្លួន​ទៅ គឺ​ត្រូវ​ខំ​ធ្វើ​អ្វី​ឲ្យ​ល្អ​ឲ្យ​គេ​តាម​ខ្លួន​វិញ។ គេ​តាម​ដាន​ឡាន​ខ្ញុំ ខ្ញុំ​ជិះ​ដល់​ណា គេ​ជិះ​ដល់​ហ្នឹង ពេល​ខ្ញុំ​បត់​ទៅ​ណា​គេ​បត់​ទៅ​ហ្នឹង​។ ឥឡូវ​ខ្ញុំ​ថត​រូប​បាន​ទៀត តើ​គាត់​ថា អ្នក​ហ្នឹង​ជា​អ្នក​ណា?»។
លោក​កឹម សុខា បាន​លើក​ឡើង​ថា កាល​ពី​មុន​ការ​បោះឆ្នោត មាន​ការ​គំរាម​កំហែង​ទៅ​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​ករណី និង​មាន​ការ​ឃុំ​ខ្លួន​ពួក​គេ​ក្នុង​ពន្ធនាគារ ដោយ​លើក​ហេតុ​ផល​ផ្សេងៗ តែ​តាម​ពិត គឺ​ជា​រឿង​នយោបាយ។
ប៉ុន្តែ លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​មិន​ជឿ​ថា មាន​អ្នក​ជិះ​ម៉ូតូ​តាម​រថយន្ត​របស់​លោក កឹម សុខា នោះ​ទេ ដោយ​ចាត់​ទុក​ការ​លើក​បញ្ហា​នេះ​ឡើង ថា​ជា​ការ​ដុត​កម្តៅ​ស្ថានការ​នយោបាយ​ឲ្យ​កាន់​តែ​ក្តៅ។
លោក​បាន​និយាយ​ថា ៖ «ឯកឧត្តម​ឧប ធ្លាប់​ថា មិន​មាន​ការ​គំរាម​ទេ​មាន​តែ​ការ​និយាយ​ទល់​មុខ​គ្នា​។ ខ្ញុំ​គិត​ថា រដ្ឋាភិបាល ឬ​ក្រសួង​មហាផ្ទៃ ទៅ​ជិះ​ម៉ូតូ​តាម​បាន​ប្រយោជន៍​អី​គាត់​ចេះ​តែ​និយាយ»។
លោក ខៀវ សុភ័គ បាន​គូស​បញ្ជាក់​ថា បើ​រដ្ឋាភិបាល​មាន​ចេតនា​ជិះ​ម៉ូតូ​តាម​វិញ «គឺ​មិន​ធ្វើ​ជា​ចំហ» ឡើយ​។
លោក​បន្ត​ថា៖ «នេះ​ជា​សារ​របស់​គាត់ ដើម្បី​ដំឡើង​កម្តៅ​បរិយាស​ដែល​គាត់​មិន​ជួយ​ធ្វើ​ឲ្យ​កម្តៅ​បរិយាកាស​ស្រក​ចុះ តែ​បែរ​ជា​ធ្វើ​ឲ្យ​កាន់​តែ​ក្តៅ​ទៅ​វិញ​។ គាត់​គួរ​ជួយ​ផ្ញើ​សារ​បន្ថយ​កម្ដៅ​ក្នុង​ពេល​ហ្នឹង»។
ចាប់​តាំង​ពី​ក្រោយ​ការ​បោះឆ្នោត​មក គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្រមាន​ធ្វើ​មហា​បាតុកម្ម​អហិង្សា ប្រសិន​បើ​គណៈកម្មការ​ចម្រុះ​មួយ​ដែល​ដឹក​នាំ​ដោយ​អង្គការ​សហ​ប្រជាជាតិ មិន​ត្រូវ​បាន​បង្កើត​ឡើង ទៅ​តាម​ការ​ទាមទារ​របស់​ខ្លួន ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត​ទេ​នោះ​។ ការ​ព្រមាន​ធ្វើ​មហា​បាតុកម្ម​នេះ បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ជា​ច្រើន មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ខណៈ​ដែល​គេ​ឃើញ​កង​កម្លាំង និង​រថយន្ត​យោធា​របស់​រដ្ឋាភិបាល​ជាច្រើន ត្រូវ​បាន​គេ​ចល័ត​ខុស​ប្រក្រតី ដែល​ហាក់​ដូច​ជា​សញ្ញា​មួយ​បង្ហាញ​យ៉ាង​ច្បាស់​ថា ប្រសិន​បើ​គណបក្ស​ប្រឆាំង​ដឹក​នាំ​ឲ្យ​មាន​ការ​តវ៉ា​ណា​មួយ​កើត​ឡើង រដ្ឋាភិបាល​នឹង​ធ្វើ​ការ​បង្ក្រាប៕

No comments:

Post a Comment

yes