លទ្ធផលបណ្តោះអាសន្ននៅក្នុងមណ្ឌលខេត្តកណ្តាល
គណកម្មាធិការជាតិរៀបចំការបោះឆ្នោត បានធ្វើការប្រកាសលទ្ធផលបណ្តោះអាសន្ននៅព្រឹកមិញនេះបានបញ្ជាក់ថា គណបក្សកាន់អំណាចនៅតែបន្តឈ្នះ និងគ្មានការប្រែប្រួលគួរឲ្យកត់សម្គាល់នៃចំនួនសម្លេងឆ្នោត ដែលឈ្នះដោយគណបក្សនិមួយៗទេ។
លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនេះ ត្រូវបានប្រកាសតាមខេត្តនិមួយៗ ខណៈ ចំនួនអាសនៈនៅមិនទាន់គណនា បែងចែកនៅឡើយទេ។ ប៉ុន្តែមានការប្រែប្រួលតិចតួច ដែលខុសគ្នាមិនដល់ចំនួនជាង ១ ០០០សម្លេងនោះឡើងនៅតាមខេត្តមួយចំនួន រវាងលទ្ធផលបឋម និងលទ្ធផលបណ្តោះអាសន្ននេះ។
នៅក្នុងខេត្តកណ្តាល ខេត្តដែលលោក នាយករដ្ឋមន្ត្រីហ៊ុន សែន ឈរឈ្មោះជាបេក្ខជនបោះឆ្នោត និងមានបញ្ហាច្រើននៅក្នុងថ្ងៃបោះឆ្នោតរហូតដល់ មានការិយាល័យបោះឆ្នោតខ្លះ ត្រូវបានដាក់កងកម្លាំងប្រដាប់អាវុធ និងត្រូវបិទទ្វារ គណបក្សសង្គ្រោះជាតិទទួលបានសម្លេងបន្ថែមជិត ៥០០ សម្លេងបន្ថែមលើលទ្ធផលបឋម។
គណបក្សប្រជាជន ដែលធ្លាប់តែឈ្នះឆ្នោតនាំមុខខ្លាំង នៅក្នុងខេត្ត(កណ្តាល)នេះ ទទួលបានត្រឹមតែ ៤០ ភាគរយ ទល់នឹង ៥៦ ភាគរយ ដែលគណបក្សសង្គ្រោះជាតិទទួលបាន គឺគណបក្សប្រជាជន ទទួលបាន ៥ អាសនៈក្នុងចំណោម ១១ អាសនៈ។ នេះបើតាមតួលេខបឋមរបស់ គ.ជ.ប។
ភាពប្រែប្រួលខ្លាំងជាងគេ គឺនៅក្នុងខេត្ត តាកែវ ដែលគណបក្សសង្គ្រោះជាតិ ទទួលបាន ៨៩០ សម្លេងបន្ថែម និងគណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេង ១,៦៩៤ បន្ថែម។ នៅក្នុងខេត្តក្រចេះ គណបក្សប្រជាជនកម្ពុជា លោតដល់ ១,៥៣២ បន្ថែម ចំណែកឯ គណបក្សសង្គ្រោះជាតិបានតែ ២៩៧ សម្លេង បន្ថែមតែប៉ុណ្ណោះ។
តាមលទ្ធផលបណ្តោះអាសន្ន គណបក្សប្រជាជនកម្ពុជា ទទួលការគាំទ្រលើគេបាន ចំនួន ៣.២៣៥.៩៦៩ រីឯ គណបក្សសង្គ្រោះជាតិទទួលបាន ២.៩៤៦.១៧៦ សំឡេង។ ជាសរុប គណបក្សប្រជាជនកម្ពុជា ឈ្នះគណបក្សសង្រ្គោះជាតិ ចំនួន ២៨៩.៧៩៣។
គណបក្សសង្គ្រោះជាតិ បានទាត់ចោលនូវការអះអាងរបស់គណបក្សប្រជាជនកម្ពុជាដែលបានឈ្នះ ៦៨ អាសនៈ ទល់ ៥៥ អាសនៈដែលខ្លួនបានទទួល ហើយបានអះអាងថា យ៉ាងហោចណាស់គណបក្សសង្គ្រោះជាតិ ឈ្នះសម្លេងភាគច្រើន ៦៣ អាសនៈ។ គណបក្សប្រឆាំងនេះ នៅតែប្រកាន់ជំហរថា ខ្លួនបានទទួលសម្លេងច្រើននៅក្នុងខេត្ត បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កណ្តាល ក្រចេះ រាជធានីភ្នំពេញ និងខេត្តសៀមរាប។
គ.ជ.ប បានប្រកាសលទ្ធផល បណ្តោះអាសន្ននៃការបោះឆ្នោតនេះ នៅក្នុងពេលដែលការស៊ើបលើភាពមិនប្រក្រតីមិនទាន់ត្រូវបានធ្វើឡើង ហើយនិង គណបក្សឈ្នះឆ្នោតទាំងពីរ កំពុងស្ថិតក្នុងការចរចារគ្នា បង្កើតគណកម្មាការចម្រុះឯករាជ្យស៊ើបអង្កេតលើបញ្ហានេះ។
No comments:
Post a Comment
yes