សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 5, 2013

លោកសមរង្ស៊ីនឹង​ចុះ​ជួប​អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​សហគមន៍​បឹងកក់នៅ​ល្ងាច​ថ្ងៃនេះ​​

លោក សម រង្ស៊ី ប្រធានគណបក្ស​សង្គ្រោះ​ជាតិ

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចុះ​ជួប​អ្នក​មាន​ជម្លោះ​ដីធ្លី នៅ​តំបន់​បឹងកក់ ក្នុង​សង្កាត់​ស្រះចក រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ស្វែង​យល់​​ពី​បញ្ហា​របស់​ពួកគាត់​។

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​របស់​លោក ថា នៅ​ប្រហែល​ម៉ោង​៥​ល្ងាច​នេះ គណ​បក្ស​​ប្រឆាំង​មួយ​នេះ នឹង​ចុះ​ជួប​អ្នក​រងគ្រោះ​ដីធ្លី​នៅ​សហគម​ន៍​បឹងកក់ ដើម្បី​រួមគ្នា​ក្រោក​ទ្បើង​សង្គ្រោះ​ជាតិ​។

​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ​ខ្លួន​ទទួលបាន​អាសនៈ​យ៉ាងតិច​៦៣ ក្នុងចំណោម​អាសនៈ​រដ្ឋ​សភា​ទាំង​១២៣ ដែល​អាច​បង្កើត​រាជរដ្ឋាភិបាល​ដឹក​នាំ​ប្រទេស​បាន​ក្នុង​អាណត្តិ​ទី​៥​នេះ ទោះបី​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ដូចគ្នា​ ថា បាន​ឈ្នះ​ការបោះឆ្នោត​ដែរ​ក៏ដោយ​។​


​តំណាង​អ្នក​ភូមិ​បឹងកក់ និង​ជា​ម្ចាស់​ពានរង្វាន់ ស្ត្រី​ភាពជា​អ្នកដឹកនាំ​ពិភព​លោក អ្នកស្រី ទេព វ​ន្នី ថ្លែងថា ពួកគាត់​នឹង​ឈរ​អម​ផ្លូវ​ទទួល​ស្វាគមន៍​ការ​ចុះ​​ជួប​របស់ លោក សម រង្ស៊ី​។ អ្នកភូមិ​ក៏​ត្រៀម​ដាក់​ញត្តិ​ឲ្យ​មេ​គណបក្សប្រឆាំង​រូបនេះ ឆ្លើយតប​តាម​គោលនយោបាយ​៧​ចំណុច ដែល​សន្យា​ក្នុង​ពេល​​យុទ្ធនាការ​បោះឆ្នោត ៖ "និយាយរួម​ទៅ​គណបក្សប្រឆាំងគាត់​មាន​ការឃោសនា​មួយ ថា ជា​ពិសេស​លោក​ប្រធាន​ សម រង្ស៊ី តែម្ដង​ គាត់​និ​យាយ​​ថា នៅពេល​ដែល​គណបក្ស​សង្រ្គោះជាតិ​ឈ្នះ​ឆ្នោត​ គាត់​នឹង​យក​ដីធ្លីប្រជាពលរដ្ឋ​ ដែល​ក្រុម​ហ៊ុន រំលោភបំពាន យក​ទៅ​ហ្នឹង​មក​ឲ្យ​ប្រ​ជា​ពលរដ្ឋ​វិញ ចាអានេះ​ហើយគឺជា​ថ្នាំសម្រាប់​ព្យាបាល​សម្រាប់​ពួក​ខ្ញុំ​ទាំងអស់​គ្នា​ដែល​ មាន​ជង្ងឺរ៉ាំរ៉ៃ រឿងដី​ធ្លី​ហ្នឹង​ណាស់ ចាត្រូវការព្យាបាល ហើយ​នឹង​ឲ្យ​ដោះ​លែង​អ្នក​ស្រី យ៉ោម បុប្ផា " ។

​តំណាង​អ្នក​ភូមិ​ម្នាក់ទៀត អ្នកស្រី ហេង មុំ ជា​ជនរងគ្រោះ ធ្លាប់​ជា​ប់​ពន្ធា​គារ​ជា​ង​មួយខែ ដោយសារ​ការតវ៉ា ប្រឆាំង​នឹង​ការបណ្តេញចេញ ហើយ​ពេលនេះ បាន​បែកបាក់​ពី​ក្រុម ​អ្នកស្រី​ ទេព វ​ន្នី ដោយ​ងាក​មក​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អាជ្ញាធរ​វិញ​នោះ ហាក់​មិន​ចាប់​អារម្មណ៍​ពី​ការចុះ​ជួប របស់​​មេ​បក្ស​ប្រឆាំង​នេះ​ទេ បើ​ទោះ​ការសន្យា​ដោះស្រាយ ពី​មន្ត្រី​រាជរដ្ឋាភិបាល មិន​ទាន់​លិចចេញ​ជា​ផ្លែផ្កា​ក៏ដោយ ៖ "ខ្ញុំមិន​មាន​ប្រតិកម្ម​អីប្រឆាំង ហើយ​ខ្ញុំក៏មិនចូលរួម​ដែរ នេះ​ស្រាច​លើគាត់​ គាត់​ចង់​ចុះទៅ​កន្លែង​ណា​ជារឿង​របស់​គាត់ក្នុងតួនាទី​គាត់ ក្នុង​នាម​គាត់​ជា​តំណាងរាស្ដ្រ​ អញ្ចឹងណាស់​" ។

​កាល​ពីថ្ងៃ​សុក្រ​សប្តាហ៍​មុន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ចុះជួយ​ភ្ជួរ​រាស់ និង​ដក​ស្ទូង ជាមួយ​ពលរដ្ឋ​នៅ​ខេត្ត​កណ្តាល​ដែរ ដើម្បី​បង្ហាញ​ពី​ការ​ដឹងគុណ​ដល់​ម្ចាស់ឆ្នោត​ ដែល​បាន​គាំទ្រ ​បើទោះបី​លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន បង្ហាញថា ចំនួន​អាសនៈ​គណបក្ស​លោក​ធ្លាក់ចុះ​២២​អា​សនៈ ​​ក៏​ដោយ​។​

​មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៅ​អង្គការ​ លីកាដូ លោក អំ សំអាត យល់ថា ពេល​នេះ​អ្នកនយោបាយ​ចាប់ផ្តើម​ឲ្យ​តម្លៃ​ដល់​ម្ចាស់​ឆ្នោត​ហើយ​។ លោក​ថា ពល​រដ្ឋ​គួរតែ​ចេះ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន ជំរុញ​ឲ្យមាន​ការយក​ចិត្ត​ទុកដាក់ បន្ថែមទៀត ដើម្បី​ជា​សារ​បង្ហាញថា បើ​គ្មាន​ការដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធិភាព រាល់​ផលប៉ះពាល់​ទេ នោះ​ពួកគេ​នឹង​បាត់បង់​ការគាំទ្រ រហូតដល់​អស់​អាសនៈ នៅ​អាណត្តិ​ក្រោយ​ទៀត៕

No comments:

Post a Comment

yes