សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 12, 2013

CCHRដាក់​អនុសាសន៍​ឲ្យ​រដ្ឋាភិបាលថ្មីបង្កើត​ទូរទស្សន៍​ជាតិ​ឯករាជ្យ​មួយ​​


មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR) ដាក់​អនុសាសន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា​អាណ្ណត្តិ​ថ្មី ក្នុង​ការបង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​ឯករាជ្យ​មួយ ដើម្បី​ធានា​ថា​ពលរដ្ឋ​ទទួលបាន​ព័ត៌មាន​ពិតប្រាកដ និង​ធានា​ការបោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​សេរី និង​យុត្តិធម៌​។​
​អនុសាសន៍​ទាក់ទង​នឹង​ការបង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​ឯករាជ្យ​នោះ មាន​នៅក្នុង​អនុសាសន៍​ចំនួន​១០​ចំណុច ដែល​CCHR ដាក់​ក្នុង​កំណត់​ត្រា​សង្ខេប និង​ត្រូវ​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី ១០ ខែកញ្ញា​នេះ​។​
CCHR លើកឡើងថា ខ្លួន​គាំទ្រ​នូវ​ការបង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាតិ​ឯករាជ្យ​មួយ ដោយ​លុបចោល​ច្បាប់​ណា​ដែលមាន លក្ខណៈ​រឹតបណ្តឹង​ទៅ​លើ​ខ្លឹមសារ និង បង្កើត​ស្ថាប័ន​គ្រប់គ្រង​ការចាក់ផ្សាយ​ឯករាជ្យ​មួយ ទទួលខុសត្រូវ​ចំពោះ​ការចេញ​អាជ្ញាប័ណ្ណ និង​ធានា​ឲ្យបាន​ថា​ស្ថានីយ​ផ្សព្វផ្សាយ​ព័ត៌មាន​នោះ បំពេញ​ការងារ​ដោយ​សេរី​។​
​ប្រព័ន្ធ​ផ្សព្វផ្សាយ ជាពិសេស​ទូរទស្សន៍​ចំនួន​១១​ក្នុងស្រុក មាន​និន្នាការ​គាំទ្រ​គណបក្សកាន់អំណាច​។ ទូរទស្សន៍​រដ្ឋ មាន​ចំនួន​មួយ គឺ​ទូរ​ទស្សន៍​ទទ​ក តែ​ក៏​ត្រូវបាន​រិះគន់ថា ព័ត៌មាន​មាន​ភាពលម្អៀង​ដែរ​។ ទូរទស្សន៍​ទាំង​១១​នោះ មានដូចជា ទូរទស្សន៍​CNC CTN បាយ័ន SEATV អប្សរា ទូរទស្សន៍ប៉ុសិ៍​លេខ​៥ ប៉ុស្តិ៍​លេខ​៣ និង​លេខ​៩​ជាដើម​។​
​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល បាន​រិះគន់​ថា ទូរទស្សន៍​ក្នុងស្រុក​មួយ​ចំនួន​ធំ​ថា ផ្សាយ​ព័ត៌មាន​មិន​មាន​តុល្យភាព និង​មាន​និន្នាការ​ទៅរក​គណ​បក្សកាន់អំណាច​។ តែ​ទូរទស្សន៍​ទាំងអស់នោះ លើកឡើងថា គេ​មាន​គោលការណ៍​ផ្ទាល់ខ្លួន​ក្នុង​ការផ្សព្វផ្សាយ​។​ពលរដ្ឋ បាន​រិះគន់​យ៉ាងខ្លាំង​ទៅលើ​អ្នក​អត្ថាធិប្បាយ​តាម​ទូរទស្សន៍​មួយចំនួន ដូចជា​ទូរទស្សន៍​ស៊ី​អ៊ិន​ស៊ី និង​ទូរទស្សន៍​បាយ័ន​ជាដើម ដែល​ធ្វើឲ្យ​គេលែង​ចង់​មើល​ទូរទស្សន៍​ទាំងនោះ​ទៀត​។​
​កន្លងទៅ អង្គការ​ចំនួន ៤០​នៃ​បន្ទប់​ស្ថាន​ការ៍​ក្នុង​ថ្ងៃ​បោះឆ្នោត រកឃើញថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាពិសេស ទូរទស្សន៍ និង​វិទ្យុ មាន​ភាព​លម្អៀង​ខ្លាំង​បំផុត​ទៅ​កាន់​គណបក្ស​ប្រជាជន​កម្ពុជា និង​បាន​បំពេញ​តួនាទី​មួយ​មួយ​កាន់តែ​អាក្រក់​ទៅ សម្រាប់​ការបោះឆ្នោត​នៅ​កម្ពុជា​។ អង្គការ​ទាំងនេះ ជំរុញ​ឲ្យមាន​កំណែទម្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​គោរព​តាម​គោលការណ៍​សមធម៌ និង​មាន​ភាពសេរី ដើម្បី​ឲ្យ​ការបោះឆ្នោត​ក្រោយៗ​ទៀត មាន​ភាពសេរី និង​យុត្តិធម៌​។​
​ជា​ឧទាហរណ៍ កាលពី​ពេល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ត្រឡប់មក​ពី​ប្រទេស​បារាំង​វិញ មិន​មាន​ទូរទស្សន៍​ក្នុង​ស្រុក​ណា ហ៊ាន​ផ្សព្វផ្សាយ​ពី​ការវិល​មក​ដល់​នោះទេ​។ ទូរទស្សន៍​ទាំង​នោះ លើកឡើងថា គេ​មាន​កាលវិភាគ​នៃ​ការផ្សព្វផ្សាយ​។​
​មិនទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​ពី​មន្ត្រី​រដ្ឋាភិបាល ទាក់ទង​នឹង​ការបង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ជាពិសេស​ទូរទស្សន៍​ឯករាជ្យ​មួយ នៅឡើយ​ទេ​។
​លោក អ៊ឹម សុធារិទ្ធ អ្នកយក​ព័ត៌មាន​ឲ្យ​VOA និង​កំពុង​រស់នៅ​សហរដ្ឋអាមេរិក បាន​សរសេរ​និក្ខេបបទ​របស់​ខ្លួន​សម្រាប់​PHD ដោយ​លើក​ឡើង​​ពី​លទ្ធភាព​នៃ​ការបង្កើត​ការផ្សព្វផ្សាយ​សេវាសាធារណៈ​(PSB) គឺ​សំដៅលើ​ការបង្កើត​ទូរទស្សន៍​ឯករាជ្យ​មួយ ដូចជា​នៅ​សហ​រដ្ឋ​អាមេរិក មាន​CNN នៅ​អង់គ្លេស មាន​BBC និង​នៅ​ជប៉ុន មាន​NHK​ជាដើម​។
​លោក អ៊ឹម សុធារិទ្ធ មានប្រសាសន៍ថា វា​មាន​ការលំបាក​ក្នុង​ការជំរុញ​រដ្ឋាភិបាល ឲ្យធ្វើ​កំណែទម្រង់ ដើម្បី​ទទួលបាន​ទូរទស្សន៍​ឯករាជ្យ​នេះ ហើយ​វា​ត្រូវការ​ពេល​ល​វេលា​ច្រើន​ក្នុង​ការបង្កើត​ទូរទស្សន៍​បែបនេះ​។ លោក​ពន្យល់​ថា ថវិកា​សម្រាប់​ទូរទស្សន៍​ឯករាជ្យ​នោះ បាន​មក​​ពី​ការបរិច្ចាគ​ពី​ថវិកា​ពន្ធ​របស់​ពលរដ្ឋ ការចូលរួម​ពី​ម្ចាស់ជំនួយ ការចូលរួម​ចំណែក​ចាំបាច់​ពី​ទូរទស្សន៍​ឯកជន និង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជាដើម​៕



ប្រភពពី VOD

No comments:

Post a Comment

yes