សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, January 25, 2014

សន្តិសុខ​ឯកជននិង​គ្មាន​វិជ្ជាជីវៈ​ត្រូវ​បាន​គេ​ជួល​ឲ្យ​ចាប់​ជន​ស៊ីវិល

140124_07
ក្រុម​សន្តិ​សុខ​ខណ្ឌ​ដូន​ពេញ​​ជា​ច្រើន​ពាក់​មួក​ខ្មៅ​សង្គ្រប់​ចាប់​ខ្លួន​
លោក​ សុខ ឈុនអឿង​​ នៅ​មុខ​វាំង​កាល​ពី​ថ្ងៃ​អា​ទិត្យ​។ រូបថត ម៉ៃ វីរៈ
ក្រុម​សន្តិសុខ​ក្រៅ​ក្របខណ្ឌ​រដ្ឋ និង​មិន​ដែល​បាន​ទទួល​ការ​បណ្ដុះ​បណ្តាល​ពី​រដ្ឋាភិបាល​សោះ​នោះ ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ឲ្យ​ចាប់​ឃាត់​ខ្លួន​ក្រុម​អ្នក​តវ៉ា​ទាំង​បង្ខំ​និង​ហិង្សា​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ។
នៅ​ក្នុង​កិច្ច​ប្រឹង​ប្រែង​រើស​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា ក្រសួង មហាផ្ទៃ បាន​ចេញ​សេចក្តី​ណែនាំ​សាលា​រាជធានី ឲ្យ​ឈប់​ជួល​សន្តិសុខ​ពី​ក្រុមហ៊ុន​ឯកជន។ លោក​បន្ត​ថា៖ «អ្នក​ដែល​បាន​ដាក់​ពាក្យ​ធ្វើ​ការងារ​នេះ យើង​មិន​បាន​ផ្តល់​ការ​បណ្តុះ​បណ្តាល​ផ្នែក​បច្ចេកទេស​សន្តិសុខ​ទេ ប៉ុន្តែ​យើង​បាន​ផ្តល់​ឲ្យ​ពួក​គេ​នូវ​ការ​បណ្តុះ​បណ្តាល​ផ្នែក​ច្បាប់​និង​រដ្ឋបាល»។
លោក ឌីម៉ង់ មិន​បាន​រៀបរាប់ ថា​តើ​ការ​បណ្តុះ​បណ្តាល​ទំហំ​ប៉ុន​ណា ត្រូវ​បាន​ផ្តល់​ឲ្យ និង​ចំនួន​កម្លាំង​សន្តិសុខ ប៉ុន្មាន​មាន​នៅ​សាលា​រាជធានី ឬ​ថា​តើ​សេចក្តី​ណែនាំ​នេះ ត្រូវ​បាន​ចេញ​នៅ​ពេល​ណា​នោះ​ទេ។
ខណៈ​ការ​បង្ក្រាប​ទៅ​លើ​ការ​ប្រមូល​ផ្តុំ​សាធារណៈ កាន់​តែ​មាន​លក្ខណៈ​ខ្លាំង​ឡើង ចាប់​តាំង​ពី​មាន​ករណី​បាញ់​ប្រហារ​ពី​កង​កម្លាំង​រដ្ឋាភិបាល ទៅ​លើ​កម្មករ​កាត់​ដេរ​ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​ចំនួន​បួន​នាក់ និង​រង​របួស​ជាច្រើន​នាក់​ទៀត ខណៈ​កំពុង​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃ ទី៣ ខែ មករា ចំនួន​សន្តិសុខ​កាន់​តែ​ច្រើន​ឡើង ដែល​មិន​មាន​ឯក​សណ្ឋាន​ត្រឹម​ត្រូវ បាន​ចូល​រួម​ជាមួយ​ក្រុម​សន្តិសុខ​ខណ្ឌ ដូនពេញ ដើម្បី​បំបែក​បាតុកម្ម​និង​ធ្វើ​ការ​ចាប់​ខ្លួន​បាតុករ​ដោយ​ប្រើ​កម្លាំង​បាយ។

អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី លោក ផៃ ស៊ីផាន បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​អង្គារ​ថា ក្រុម​សន្តិសុខ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ឃាត់​ខ្លួន​បាតុករ​ត្រូវ​បាន​ជួល​ដោយ​សាលា​រាជធានី។
លោក​បន្ត​ថា៖ «ពួក​គេ​កំពុង​ធ្វើ​ការងារ​នៅ​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​ហើយ​ត្រូវ​បាន​ជួល​ដោយ​សាលា​រាជធានី​ដើម្បី​អនុវត្ត​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ។ ខ្ញុំ​មិន​ឃើញ​មាន​អ្វី​ខុស​នោះ​ទេ ចំពោះ​ការ​រក្សា​សណ្តាប់ធ្នាប់»។
លោក ឡុង ឌីម៉ង់ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា សាលា​រាជធានី បាន​ជ្រើស​រើស​សន្តិសុខ​ដោយ​ផ្ទាល់​ពី​ក្រុមហ៊ុន​ឯកជន​មួយ​កាល​ពី​មុន​ប៉ុន្តែ​ឥឡូវ​លែង​ទៀត​ហើយ។ លោក​បាន​ថ្លែង​បន្ត​ថា៖ «កាល​ពី​មុន សាលា​រាជធានី បាន​ជួល​កម្លាំង​សន្តិសុខ ពី​ក្រុមហ៊ុន​ឯកជន​មួយ»។ «ប៉ុន្តែ​ក្រសួង មហាផ្ទៃ បាន​ប្រាប់​យើង​ថា យើង​អាច​ជ្រើស​រើស​មនុស្ស [ក្នុង​រាជធានី] ដើម្បី​ជំនួស​ក្រុមហ៊ុន​ឯកជន​នោះ ដើម្បី​ការពារ​សណ្តាប់ធ្នាប់​សាធារណៈ»។
លោក ឌីម៉ង់ បន្ថែម​ថា សាលា​រាជធានី បាន​ធ្វើ​ការ​ណែនាំ​ខណ្ឌ​ទាំង​អស់​រួម​ទាំង​ខណ្ឌ ដូនពេញ ឲ្យ​អនុវត្ត​តាម​សេចក្តី​ណែនាំ​នេះ។ លោក​បន្ត​ថា៖ «ក្រសួង មហាផ្ទៃ បាន​អនុញ្ញាត​ឲ្យ​យើង​រៀបចំ​ឯកសណ្ឋាន​សម្រាប់​ពួក​គេ»។ «ពួក​គេ​ត្រូវ​បាន​ណែនាំ​មិន​ឲ្យ​បង្ក្រាប ឬ​ចាប់​ខ្លួន​ប្រជាជន​ទេ ប៉ុន្តែ​ពួក​គេ​អាច​ជួយ​នគរបាល​ក្នុង​ការ​រក្សា​សណ្តាប់ធ្នាប់ ឬ​បញ្ឈប់​ការ​ធ្វើ​សកម្មភាព​ណា​មួយ​របស់​ក្រុម​អ្នក​តវ៉ា។ ប្រសិន​បើ​ក្រុម​អ្នក​តវ៉ា​មិន​ស្តាប់ សន្តិសុខ អាច​ចាប់​ខ្លួន​ពួក​គេ ហើយ​យក​ពួក​គេ​ទៅ​ឲ្យ​នគរបាល»។
លោក ស៊ីផាន បាន​ថ្លែង​ថា លោក​នៅ​តែ​ជឿ​ថា សាលា​រាជធានី​ជួល​សន្តិសុខ​ពី​ក្រុមហ៊ុន​ឯកជន ប៉ុន្តែ​ទទួល​ស្គាល់​ថា សន្តិសុខ​មួយ​ចំនួន ឥឡូវ​នេះ​ស្លៀកពាក់​ផ្សេងៗ​គ្នា។ លោក​បន្ត​ថា៖ «តាម​អ្វី​ដែល​ខ្ញុំ​ដឹង ក្រុមហ៊ុន​សន្តិសុខ​ឯកជន ត្រូវ​បាន​ដាក់​បញ្ញត្តិ​ដោយ​ក្រសួង មហាផ្ទៃ ពួក​គេ​មាន​នីតិវិធី​ផ្ទាល់​ខ្លួន។ ប្រសិន​បើ​អ្នក​ចង់​ចុះ​បញ្ជី អ្នក​ត្រូវ​តែ​មាន​អាជ្ញាប័ណ្ណ និង​ដឹង​អំពី​របៀប​ធ្វើ​ការងារ»។
ប៉ុន្តែ​សូម្បី​តែ​សន្តិសុខ​មួយ​ចំនួន​ក្នុង​ចំណោម​សន្តិសុខ​ដែល​ស្លៀកពាក់​ឯក​សណ្ឋាន​សន្តិសុខ​ខណ្ឌ ដូនពេញ នៅ​មាត់​ទន្លេ កាល​ពី​ថ្ងៃ​អង្គារ បាន​និយាយ​ថា ពួក​គេ​មិន​មាន​ការ​បណ្តុះ​បណ្តាល​ផ្នែក​សន្តិសុខ សម្រាប់​ការងារ​នេះ​ទេ និង​ថែម​ទាំង​មិន​ច្បាស់​ថា តើ​ពួក​គេ​នឹង​ទទួល​បាន​ប្រាក់​ខែ​ពី​នរណា​នោះ​ឡើយ។
សន្តិសុខ​វ័យ​ក្មេង​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ថា៖ «ខ្ញុំ​មិន​បាន​ចុះ​កិច្ចសន្យា​ជាមួយ​សាលា​ខណ្ឌ ដូនពេញ ទេ»។ «ខ្ញុំ​គ្រាន់​តែ​ដឹង​ថា នៅ​ចុង​ខែ មេ​ក្រុម​របស់​ខ្ញុំ ដែល​ជា​មន្រ្តី​ខណ្ឌ ដូនពេញ ផ្តល់​ប្រាក់​មួយ​ចំនួន​មក​ខ្ញុំ»។ «ខ្ញុំ​មិន​ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​ការ​បណ្តុះ​បណ្តាល​ផ្នែក​សន្តិសុខ​ទេ។ មិត្តភក្តិ​របស់​ខ្ញុំ គ្រាន់​តែ​ហៅ​ខ្ញុំ​មក​ទី​នេះ ដើម្បី​ធ្វើ​ការ​ជាមួយ​គាត់ ដោយ​មិន​បាន​ចុះ​ហត្ថលេខា​អ្វី​នោះ​ទេ»។
បុរស​ម្នាក់​ដែល​បាន​និយាយ​ថា គាត់​ទទួល​បន្ទុក​ផ្នែក​ក្រុម​សន្តិសុខ​ខណ្ឌ ដូនពេញ ដែល​ល្បាត​ពី​តំបន់​វត្ត​ភ្នំ​ដល់​តំបន់​ព្រះ​បរម​រាជវាំង បាន​ថ្លែង​ថា ក្រុម​របស់​លោក ត្រូវ​បាន​ជួល​ដោយ​ផ្ទាល់​ពី​ខណ្ឌ។ លោក​បន្ត​ថា៖ «ឯក​សណ្ឋាន និង​ឡូហ្គោ​របស់​យើង ងាយ​ស្គាល់​ដោយ​អាជ្ញាធរ​ភ្នំពេញ និង​ក្រសួង មហាផ្ទៃ»។
ដោយ​ថ្លែង​ពី​ខណ្ឌ មានជ័យ អភិបាល​ខណ្ឌ លោក គួច ចំរើន បាន​ឲ្យ​ដឹង​ថា លោក​មិន​បាន​ដឹង​អំពី​ការ​ជំរុញ​របស់​ក្រសួង មហាផ្ទៃ ក្នុង​ការ​បង្កើត​ក្រុម​មន្រ្តី​រក្សា​សណ្តាប់ធ្នាប់​ពី​សហគមន៍​ទេ ប៉ុន្តែ​បាន​ថ្លែង​ថា សេចក្តី​បញ្ជា​នេះ ត្រូវ​បាន​ចេញ​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ។
អ្នក​នាំ​ពាក្យ​ក្រសួង មហា​ផ្ទៃ លោក ឧត្តមសេនីយ៍ ខៀវ សុភ័គ មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ។ លោក សក់ សេដ្ឋា រដ្ឋ​លេខាធិការ​ក្រសួង មហាផ្ទៃ បាន​បង្វែរ​សំណួរ ទៅ​នគរបាល​ជាតិ ខណៈ​អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ​មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ។
លោក​ឧត្តមសេនីយ៍​ត្រី ខេង ទីតូ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ថ្លែង​ថា លោក​មិន​មាន​បញ្ហា​ជាមួយ​តួនាទី ដែល​ក្រុម​សន្តិសុខ​របស់​រាជធានី និង​ខណ្ឌ កំពុង​អនុវត្ត​ក្នុង​ការ​បង្ក្រាប​ក្រុម​អ្នក​តវ៉ា​ទេ ដោយ​សារ​ពួក​គេ ត្រូវ​បាន​ជួល​ដើម្បី «រក្សា​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​ទីក្រុង» និង​បាន​ធ្វើ​ការងារ​ល្អ​ទៅ​តាម​ការ​បញ្ជា​ពី​មេ​របស់​ពួក​គេ។
ប្រធាន​ស្ដីទី​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក សុខ ឈុនអឿង ដែល​ត្រូវ​បាន​ឃាត់​ខ្លួន ដោយ​ក្រុម​បុរស​ស្លៀក​ពាក់​ឯកសណ្ឋាន​ពណ៌​ខៀវ និង​មាន​ពាក់​មួក​ការពារ​សុវត្ថិភាព​ពណ៌​ខៀវ​នៅ​ជិត​ព្រះ​បរម​រាជវាំង​កាល​ពី​ថ្ងៃ​អាទិត្យ បាន​ថ្លែង​ថា អាជ្ញាធរ​រដ្ឋាភិបាល​កំពុង​តែ​លេង​ល្បែង​ដ៏​គ្រោះថ្នាក់​មួយ។
លោក​បាន​ថ្លែង​បន្ត​ថា៖ «ខ្ញុំ​បារម្ភ​ណាស់​ថា មនុស្ស​ទាំង​នេះ មិន​ត្រូវ​បាន​បណ្តុះ​បណ្តាល​ត្រឹម​ត្រូវ ប៉ុន្តែ​ត្រូវ​បាន​ជួល​ឲ្យ​ធ្វើ​ការ​ក្នុង​អំឡុង​មាន​ការ​តវ៉ា​កើន​ឡើង»។ «ពួកគេ​ធ្វើ​តាម​បញ្ជា​ពី​មេ​របស់​ពួក​គេ​ប៉ុន្តែ​ពួក​គេ​មិន​ខ្វល់​អំពី​ការ​រង​របួស​ក្នុង​អំឡុង​ការ​បង្ក្រាប​ឬ​ចាប់​ខ្លួន​នោះ​ទេ»។
ក្រុម​អង្គការ​សង្គម​ស៊ីវិល រួម​ទាំង​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ ភ្លាមៗ​បន្ទាប់​ពី​មាន​ការ​ចាប់​ឃាត់​ខ្លួន​លោក សុខ ឈុនអឿង បាន​ហៅ​ការ​ប្រើ​កង​កម្លាំង​សន្តិសុខ​ឯកជន​ដែល​ពួក​គេ​មិន​មែន​ជា​នគរបាល​យុត្តិធម៌​ស្រប​តាម​ផ្លូវ​ច្បាប់ ទៅ​ចាប់​ខ្លួន​ជន​ស៊ីវិល​តាម​អំពើ​ចិត្ត​ម្តង​ហើយ​ម្តង​ទៀត​នោះ​ថា គឺជា «ទង្វើ​រំលោភ​ច្បាប់​យ៉ាង​ធ្ងន់​ធ្ងរ»៕ 

No comments:

Post a Comment

yes