មេធាវីការពារសិទ្ធិលោក វន់ ពៅ នៅថ្ងៃព្រឹកថ្ងៃព្រហស្បតិ៍នេះ ដាក់បណ្តឹងឧទ្ធរណ៍ជាលើកទី២ ប្រឆាំងនឹងដីកាតុលាការសាលាដំបូង ដែលបានបដិសេធសំណើស្នើកូនក្តីខ្លួននៅក្រៅឃុំ។
ពាក្យបណ្តឹងឧទ្ធរណ៍ ចុះថ្ងៃទី២៧ ខែកុម្ភៈនេះ ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ទទួលយកនៅម៉ោងជាង៩ព្រឹកនេះ ឲ្យដឹងថា លោក គីម សុជាតិ មេធាវីសហភាពការងារកម្ពុជា ការពារសិទ្ធិលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្តឹងប្រឆាំងនឹងដីកាសម្រេចមិនព្រមដោះលែងឲ្យនៅក្រៅឃុំ របស់សាលាដំបូងរាជធានីភ្នំពេញ ដោយផ្អែកលើមូលហេតុចម្បងពីរ។
ក្នុងពាក្យបណ្តឹងនោះ បង្ហាញថា មូលហេតុទី១ គឺ ដោយសារការសម្រេច និងការយល់ឃើញរបស់ចៅក្រមស៊ើបសួរ មិនត្រឹមត្រូវ ហើយក៏ពុំមានមូលដ្ឋានណាមួយ ក្នុងការបន្តឃុំខ្លួនកូនក្តីរបស់លោក ព្រោះគ្មានភ័ស្តុតាងគតិយុត្តិណាមួយ បញ្ជាក់ថា លោក វន់ ពៅ ប្រព្រឹត្តិដូចការចោទប្រកាន់របស់តំណាងអយ្យការ។ មូលហេតុទី២ គឺការសម្រេច មិនបានពិចារណាលើគោលការណ៍នៃសេរីភាពរបស់ជនត្រូវចោទ និងបានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ជនត្រូវចោទយ៉ងខ្លាំង ជាពិសេស អាចធ្វើឲ្យប៉ះពាល់សុខភាពរបស់ជនត្រូវចោទ ដែលកំពុងមានជម្ងឺត្រូវការព្យាបាលបន្ទាន់។
ដីកាសម្រេចមិនព្រមដោះលែងឲ្យនៅក្រៅឃុំរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី២១ ខែកុម្ភៈ ចៅក្រមស៊ើបសួរសាលាដំបូង លោកស្រី សែម សក្តិកូឡា យល់ឃើញថា ជនត្រូវចោទ លោក វន់ ពៅ រងចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ ជាបទល្មើសមជ្ឈឹម ដែលច្បាប់កំណត់ផ្តន្ទាទោសដាក់ពន្ធនាគារលើសពី១ឆ្នាំ។
ចំណែកអំណះអំណាងទី២ គឺដើម្បីរក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី និងដើម្បីធានារក្សាសណ្តាប់ធ្នាប់សាធារណៈ កុំឲ្យមានការច្របូកច្របល់ដែលបណ្តាលមកពីបទល្មើស៕
No comments:
Post a Comment
yes