សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, February 21, 2014

គជប ត្រូវការ​ថវិកាបន្ថែម​ជាង​១០​ម៉ឺន​ដុល្លារសម្រាប់​ការបោះឆ្នោត​ថ្នាក់ក្រោម​ជាតិ​​

សន្និសីទសារព័ត៌មាន របស់គណៈកម្មាធិការជាតិរៀបចំការបោះ
ឆ្នោតនៅកម្ពុជា កាលពីព្រឹកមិញ (រូបថត៖ ណាត សុភាព)

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គជប ឲ្យដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា គជប ត្រូវ​ចំណាយ​ថវិកា​បន្ថែម​ជាង​១០​ម៉ឺន​ដុល្លារ​ទៀត សម្រាប់​ការបោះឆ្នោត​ថ្នាក់ក្រោម​ជាតិ ខណៈ​រដ្ឋាភិបាលបង្កើត​ខេត្ត​ត្បូងឃ្មុំ និង​បង្កើត​ខណ្ឌ​៣​ថ្មី​បន្ថែម​ទៀត​។​
ខេត្ត​ត្បូងឃ្មុំត្រូវបាន​បង្កើត​ជា​ផ្លូវកា​រហើយ បន្ទាប់​ពី​ព្រះមហាក្សត្រ​កម្ពុជា​នរោត្តម​សីហ​មុនី បាន​ឡាយព្រះហស្ថលេខា ​លើព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ២០១៣ តាម​សំណើ​ទូលថ្វាយ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន។ រីឯ ខណ្ឌ​ថ្មី​ចំនួន​៣​ទៀត គឺ​ខណ្ឌ​ច្បារអំពៅ ខណ្ឌ​ជ្រោយចង្វារ និង​ខណ្ឌ​ព្រែក​ព្នៅ ត្រូវបាន​បង្កើត​ថ្មី​ដែរ នៅ​រាជធានី​ភ្នំពេញ​។​
អគ្គលេខាធិការ ​គជប លោក ទេព នីថា មានប្រសាសន៍ថា គជប ធ្វើ​តាម​គម្រោង​រំកិល​៣​ឆ្នាំ របស់ក្រសួង​ហិរញ្ញវត្ថុ គឺ​តាម​គម្រោង​ត្រូវ​ចំណាយ​ថវិកា​ជាង​១​លាន​៦​ សែន​ដុល្លារ​។ លោក​បញ្ជាក់ថា  សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត​/​ក្រុង​/​ស្រុក​/​ខណ្ឌ អាណត្តិ​ទី​២ ឆ្នាំ​២០១៤ គជប នឹង​ត្រូវ​ចំណាយ​ថវិកា​ជាង​១០​ម៉ឺន​ដុល្លារ បន្ថែមទៀត​ «​តាម​គម្រោង​របស់​ក្រសួង​ហិរញ្ញ​វត្តុ​និង គឹ​ធ្វើ​ថវិការ ៣​ឆ្នាំរ​កិល អញ្ចឹង​សំរាប់​ការបោះឆ្នោត​នេះ​យើង​សុំ​ដំបូង ដែល​បាន​ដាក់​នៅក្នុង​ច្បាប់​ហើយ គឹ​ចំនួន ១​លាន ៦​សែន​ដុល្លារ​ជាង ក៏​ប៉ុន្តែ​នៅក្នុង​ឆ្នាំ​២០១២ ចូលឆ្នាំ​២០១៣ ២០១៤ យើង​បាន​បង្កើត​ខេត្ត​ថ្មី​១​ទៀត ហើយ​បង្កើត​ខ​ណ្ទ​ចំនួន​៣​ថ្មី​ទៀត អញ្ចឹង​ហើយ​វា​ត្រូវ​ចំណាយ​ថវិកា​ថែម​ប្រហែលជា​ជាង​១០០០០០​ដុល្លារ​ទៀត នេះ​ជា​គម្រោង​ចំណាយ​សំរាប់​ការបោះឆ្នោត​នេះ​»

​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​(​និចហ្វិច​) លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ការបង្កើត​ខេត្ត​និង​ខណ្ឌ​ថ្មី ធ្វើឲ្យ​គជប មាន​ការលំបាក​ក្នុង​ការបង្កើត​ក្បាលម៉ាស៊ីន​ដើម្បី​ធានា​ប្រសិទ្ធិភាព​ការងារ «​ការបង្កើត​ខ​ណ្ទ​ថ្មី​នេះ​ធ្វើឲ្យ គជប កាន់តែ​ជួប​ការលំបាក ដោយសារ​រៀបចំ ក្បាលម៉ាស៊ីន​រដ្ឋបាល​ថ្មី​នៅ​ទីនោះ ហើយ​បាន​រៀបចំ​ក្បាលម៉ាស៊ីន​និង​រដ្ឋបាល​ថ្មី គឹ​ត្រូវការ​ប្រើប្រាស់​ថវិកា នេះ​គ្រាន់​អ្វី​ដែរ​យើង​មើលឃើញ​ថា ប្រហែល​ជាង​១០០០០០​ដុល្លារ ប៉ុន្តែ​នៅ ការចំណាយ​ផ្សេងៗ​ទៀត ទោះ​ជា​មិន​មែន​បោះ​ឆ្នោត​ក៏​ដោយ​ខ្ងុំ​គិត​ថា​គឹជា​ខ្ទង់ចំណាយ​របស់​ជាតិ អញ្ចឹង​ក៏​អាច​ជា​ការប៉ះពាល់ ដល់​ថវិកា​របស់​ជាតិ​ដែរ​»​។
​អ្នកសម្របសម្រួល​នៃ​បណ្តាញ​រួបរួម ដើម្បី​គណនេយ្យភាព​សង្គម នៅ​អាស៊ី​បូ​ព៌ា និង​ប៉ាស៊ីហ្វិក ប្រចាំ​កម្ពុជា លោក សន ជ័យ យល់ថា ការបង្កើត ខេត្ត​-​ខណ្ឌ​ថ្មី​នោះ ធ្វើ​ឲ្យ​រដ្ឋ​ចំណាយខាត​ថវិកា​ជាតិ ព្រោះ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត​/​ក្រុង​/​ស្រុក​/​ខណ្ឌ ត្រូវ​ចំណាយ​ថវិកា​ច្រើន ហើយ​អ្វី​ដែល​ជួប​បញ្ហា​ប្រឈម​ទៀត​នោះ គឺ​ត្រូវ​បង្កើត​ការិយាល័យ​ខេត្ត​-​ក្រុង​-​ស្រុក ហើយ​ប្រាក់ខែ​បុគ្គលិក ក៏​ចំណាយ​បន្ថែម​ទៀត​ផង​។ លោក​បញ្ជាក់ថា បើ​រដ្ឋ​យក​ថវិកា​នោះ​ទៅ​ចំណាយ សម្រាប់​ការពង្រឹង​នៅ​ភូមិ ឃុំ និង​ជួយ​ពលរដ្ឋ ទើប​ល្អ​ប្រសើរ​ជាង​ «​គេ​មើល​ទៅ​តាម​ប្រព័ទ្ធ​ច្បាប់​វាទំ​នងហើយ ប៉ុន្តែ​យើង​ឲ្យ​ការចំណាយ​និង​វា​ឆ្លុះបញ្ចាំង​ពី​តម្រូវការ​ជាបន្ទាន់​របស់​ប្រជាពលរដ្ឋ​នៅ​រឿង​សេវា​សា​ធា​រណៈ ជា​ពិសេស​រឿង​ឃុំ​នេះ​តែម្តង សុំ​តែ​មាន​ថវិកា​ច្រើន​ដើម្បី​ផ្តល់​សេវា ពេល​នេះ​ប្រជាពលរដ្ឋ​ត្រូវការ​សេវា​សា​ធា​រណះ​ប្រសើរឡើង​»​។
​របាយការណ៍​របស់ គជប ចុះផ្សាយ​នៅ​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០១៤ ឲ្យដឹងថា សម្រាប់​អាណត្តិ​ទី​២ មាន​សមាជិក​ក្រុមប្រឹក្សា​សរុប​ចំនួន​ ៣៣២៤​នាក់ ដែល​ចំនួន​នេះ កើនឡើង​៧០​នាក់ បើ​ប្រៀបធៀប ទៅ​នឹង​ចំនួន​សមាជិក​ក្រុមប្រឹក្សា​នៃ​អាណត្តិ​ទី​១​។
កំណើន​ចំនួន​សមាជិក​ក្រុមប្រឹក្សា​ដោយសារ​ខេត្ត​មួយចំនួន គឺ​ខេត្ត​ត្បូងឃ្មុំ និង​ខណ្ឌ​ចំនួន​៣​នៃ​រាជធានី​ភ្នំពេញ គឺ​ខណ្ឌ​ច្បារអំពៅ ខណ្ឌ​ជ្រោយចង្វារ និង​ខណ្ឌ​ព្រែក​ព្នៅ ត្រូវបាន​បង្កើត​ថ្មី​។​
​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត​/​ក្រុង​/​ស្រុក​/​ខណ្ឌ អាណត្តិ​ទី​២ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤​ខាងមុខនេះ​៕

No comments:

Post a Comment

yes