ពលរដ្ឋនៅស្រុកម៉ាឡៃ នៅថ្ងៃពុធនេះ ប្រមូលផ្តុំគ្នាតវ៉ានៅមុខ
សាលាខេត្ត(រូបថតដោយឡុង គឹមហឿន)
ប្រជាពលរដ្ឋប្រមាណ៨០នាក់ នៅភូមិអូរអំពិល ឃុំទូលពង្រ ស្រុកម៉ាឡៃ
នៅថ្ងៃពុធនេះ តវ៉ាខាងមុខសាលាខេត្តបន្ទាយមានជ័យ
ដើម្បីទាមទារឲ្យអាជ្ញាធរ ដោះស្រាយបញ្ហាដីធ្លី
និងដោះលែងតំណាងរបស់ខ្លួន២នាក់ ដែលត្រូវបានចាប់ខ្លួន
កាលពីថ្ងៃអង្គារ។
ប្រជាពលរដ្ឋដែលតវ៉ា ឲ្យដឹងថា
តំណាង២នាក់ដែលត្រូវបានចាប់ខ្លួននោះ រួមមាន លោក ហឿន វី អាយុ ៥៣ឆ្នាំ
និងលោក លី ខ្លី អាយុ ៤៣ឆ្នាំ ដែលជាអតីតទាហានតស៊ូនៅសម័យខ្មែរក្រហម។
ពួកគាត់ ត្រូវបានចាប់ខ្លួន ដោយសារអាជ្ញាធរ ចោទថាបានញុះញង់ពលរដ្ឋ
ឲ្យទៅយកដីរបស់ក្រុមហ៊ុន។
ប្រជាពលរដ្ឋ ដែលចូលរួមការតវ៉ា អ្នកស្រី អ៊ិត សាវឿន អាយុ ៥៦ឆ្នាំ
ស្នើឲ្យអាជ្ញាធរដោះលែងតំណាងរបស់ខ្លួន
និងជួយដោះស្រាយជម្លោះដីធ្លីរបស់ពួកគាត់។
នៅពេលតវ៉ាប្រជាពលរដ្ឋ
បានចូលជួបចរចាជាមួយអភិបាលរងខេត្តបន្ទាយមានជ័យ
ដើម្បីដោះស្រាយបញ្ហានេះ។ ក្រោយពីជួបចរចា
ប្រជាពលរដ្ឋដែលចូលរួមការតវ៉ា អ្នកស្រី អ៊ិត សាវឿន ប្រាប់ VOD ថា
ការចរចាពុំទាន់បានបញ្ចប់ទេ ដោយសារអភិបាលរងខេត្ត
បានឲ្យប្រជាពលរដ្ឋផ្តិតមេដៃ ចាកចេញពីលើដី
ដើម្បីជាថ្នូរក្នុងការដោះលែងតំណាងទាំងពីរនាក់
ប៉ុន្តែពួកគាត់មិនព្រម។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ
ចាន់គា មានប្រសាសន៍ថា ការជួបចរចា គឺតម្រូវឲ្យប្រជាពលរដ្ឋផ្តិតមេដៃ
និងខាងក្រុមហ៊ុន ចាកចេញពីដីមានជម្លោះ
ដោយរង់ចាំការបង្កើតគណៈកម្មការពិសេសមួយ ដោះស្រាយលើបញ្ហានេះ។
ពលរដ្ឋឲ្យដឹងថា ជម្លោះដីធ្លីនេះ
មានបញ្ហាជាមួយក្រុមហ៊ុនហៃស៊ូរបស់ថៃ
ដែលបានកើតឡើងតាំងពីឆ្នាំ២០១០ ហើយប៉ះពាល់ប្រជាពលរដ្ឋ១៩៤គ្រួសារ
លើដីប្រមាណជា១២០០ហិកតា៕
No comments:
Post a Comment
yes