ពលរដ្ឋអ្នកមានជម្លោះដីធ្លី មកពីខេត្តបន្ទាយមានជ័យ មកសុំអន្តរាគមន៍
ពីលោកនាយករដ្ឋមន្ត្រី (រូបថត៖ ជន ស្រីណុច)
ក្នុងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋដាក់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី២៣ខែមិថុនានេះឲ្យដឹងថា ប្រជាពលរដ្ឋ៣១០គ្រួសារ ក្នុងឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កំពុងតែរងការរំលោភយកដីធ្លី ពីសំណាក់អភិបាលស្រុកស្វាយចេក លោកឃូ ពៅ អភិបាលស្រុករង លោកខាត់ សារ៉ាន់ ប្រធានក្រុមហ៊ុនសំ ផាន់ណារិទ្ធិ លោកសំ ផាន់ណារិទ្ធិ ប្រធានក្រុមហ៊ុន សេង ហុងហេង លោកសេង ហុងហេង(ថុង) ប្រធានមន្ទីរសុរិយោដី ខេត្តបន្ទាយមានជ័យ លោកលី សារី និងអនុសេនីយ៍ឯកប្រចាំការិយាល័យទី២ កងទ័ពជើងគោកលោក យី ភារម្យ ជាដើម។
ពលរដ្ឋដែលអះអាងថាខ្លួនជាជនរងគ្រោះ អ្នកស្រី ញឹក សុធា មានរៀបរាប់ថា ប្រជាពលរដ្ឋ៣១០គ្រួសារបានរស់នៅលើតាំងពីឆ្នាំ១៩៩៩ ហើយលោកនាយករដ្ឋមន្ត្រីបានចេញអនុក្រឹត្យបញ្ជាក់ថាទីតាំងនោះជាដី របស់ប្រជាពលរដ្ឋ «គាត់បានចេញអនុក្រឹតបង្កើតឃុំហ្នឹងតែម្តង ក្រោយពីបង្កើតឃុំហ្នឹងហើយ មានមេភូមិ មានមេឃុំ គាត់បានបែងចែងដីហ្នឹងទៅប្រជាពលរដ្ឋ គាត់អាស្រ័យផលនៅលើហ្នឹង ហើយគាត់មានប័ណ្ណកម្មសិទ្ធិបណ្តោះអាសន្ននៅលើទីតាំងហ្នឹង។
ប៉ះពាល់ជីវភាពគ្រួសារ ដូចថា គាត់រកថវិកាមកពីស្រុកថៃ យកមកដាំដុះនៅលើហ្នឹង តែគេឈូសបំផ្លាញចោល។ បងយកញត្តិមកដាក់ឲ្យសម្តេច ដើម្បីឲ្យលោកជួយអន្តរាគមន៍ ព្រោះប្រជាពលរដ្ឋដែលរងគ្រោះនេះ សុទ្ធតែជាប្រជាពលរដ្ឋរបស់លោក។ អ៊ីចឹងបងសំណូមពរចុងក្រោយ សូមឲ្យសម្តេចជួយប្រជាពលរដ្ឋ ដែលរងគ្រោះចំនួន៣១០គ្រួសារ ដែលរស់នៅក្នុងភូមិឃុំដែលសម្តេច បង្កើតដោយផ្ទាល់ដៃ»។
ពលរដ្ឋម្នាក់ទៀត លោក ឡឹម ម៉ិច និយាយថា អាជ្ញាធរនៅទីនោះបានធ្លាប់ដុតបំផ្លាញផ្ទះ និងឈូសឆាយផលដំណាំរបស់ពួកគេ «ឲ្យតែក្រុមខាងភាគីរំលោភ[ដី]គេចុះទៅហ្នឹង គឺគេទៅគំរាមកំហែង រកចាប់ចង ដុតបំផ្លាញផ្ទះកន្លងមក មានដុតបំផ្លាញផ្ទះ ឈូសផលដំណាំ ជាទាហាន ហើយជាមេភូមិបឹងស្នោហ្នឹង គាត់មេភូមិខាងភាគីខាងរំលោភ»។
VOD មិនអាចទាក់ទងមន្ត្រីពាក់ព័ន្ធ ដែលពលរដ្ឋចោទថារំលោភបំពានយកដីនោះបានទេ។ ចំណែកអភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំសារឿត បដិសេធចំពោះការចោទប្រកាន់នេះ ប៉ុន្តែបានចោទបកលើពលរដ្ឋទាំងនោះថា ជាអ្នករំលោភយកដីរបស់រដ្ឋ «ដីហ្នឹង យុវជនស្ម័គ្រចិត្តគេវាស់ គេធ្វើកោសលវិចយ រួចប្រកាសឲ្យតាមនីតិវិធីសូរិយោដីហ្នឹង ហើយគេបានទាំងចេញកម្មសិទ្ធិឲ្យម្ចាស់រួចទៅហើយ មុនខ្ញុំទៅធ្វើការ ដែលខ្ញុំសិក្សា ដែលកំពុងប្តឹងទៅតុលាការព្រោះដីមានកម្មសិទ្ធិ ហើយយើងទៅរំលោភយកដីគេចែក»។
មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក លោក ស៊ុំ ចាន់គារ មានប្រសាសន៍ថា ជម្លោះដីធ្លីនេះ កើតឡើងរ៉ាំរៃ ជាពិសេសក្រុមហ៊ុនសំផាន់ណារិទ្ធិ ជាអ្នករំលោភដីប្រជាពលរដ្ឋ លើសពីទំហំដីដែលរដ្ឋបានផ្តល់ឲ្យ។ លោកបន្តថា បញ្ហាកើតឡើងកាន់តែធ្ងន់ធ្ងរដោយសារតែអាជ្ញាធរ មិនព្រមដោះស្រាយទៅតាមនីតិវិធីច្បាប់៕
No comments:
Post a Comment
yes