ពុទ្ធបរិស័ទចំណុះជើងវត្តមួយចំនួននៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង
អះអាងថាអាជ្ញាធរបានបង្គាប់បញ្ជាឲ្យតាមបណ្តាវត្តក្នុងស្រុកនេះ
រៃអង្គាសថវិកាពីពុទ្ធបរិស័ទ ដើម្បីជួយពលករខ្មែរដែលមានការខ្វះខាត
បន្ទាប់ពីទាហានថៃចាប់បញ្ជូនមកកាន់ស្រុកកំណើតវិញ។
លោក វ៉ាន សុខ ជាពុទ្ធបរិស័ទចំណុះជើងវត្តត្រាស់ធាតុ ហៅព្នៅ
ឋិតក្នុងឃុំព្នៅ ស្រុកស៊ីធរកណ្តាល
ប្រាប់VODនៅព្រឹកថ្ងៃចន្ទនេះថា
អាជ្ញាធរបានប្រកាសឲ្យវត្តនីមួយៗនៅក្នុងស្រុកស៊ីធរកណ្តាល
ជួយរៃអង្គាសប្រាក់ពីពុទ្ធិបរិស័ទ ឲ្យបាន១០ម៉ឺនរៀលក្នុងមួយវត្ត
ដើម្បីយកទៅជួយសង្គ្រោះដល់ពលករខ្មែររស់នៅក្នុងស្រុកនេះ
ដែលទើបត្រូវបានទាហានថៃចាប់បញ្ជូនមកវិញ។ លោកបន្តថា ករណីនេះ
ជាកាតព្វកិច្ចរបស់អាជ្ញាធរក្នុងការជួយសង្គ្រោះដល់ពលករខ្មែរ
ដែលកំពុងជួបទុក្ខលំបាកនេះ។
មេឃុំព្នៅ១ ដែលសុំមិនបញ្ចេញឈ្មោះ ទទួលស្គាល់ថា
អាជ្ញាធរពិតជាបានស្នើឲ្យវត្តនានានៅក្នុងស្រុកនេះ
រៃអង្គាសថវិកាទៅតាមសទ្ធា ប៉ុន្តែមិនបានដាក់កំហិត ឬបង្ខំឡើយ។
លោកថា ពលករខ្មែរដែលត្រូវទាហានថៃចាប់បញ្ជូនមកដល់ស្រុកកំណើតនេះ
មានការខ្វះខាតអាហារហូបចុក និងទីលំនៅជាដើម ទើបអាជ្ញាធរស្នើឲ្យវត្ត
និងពុទ្ធបរិស័ទ ចូលរួមជួយពួកគាត់ទាំងអស់គ្នា។
អ្នកសម្របសម្រួលបណ្តាញរួបរួមដើម្បីគណនេយ្យភាពសង្គមអាស៊ីបូព៌ា
និងប៉ាស៊ីហ្វិក លោក សន ជ័យ មានប្រសាសន៍ថា
ការជួយដល់ពលករខ្មែរដែលត្រូវអាជ្ញាធរថៃចាប់បញ្ជូនមកស្រុកកំណើត
វិញនេះ គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល
ហើយប្រជាពលរដ្ឋអាចជួយពួកគាត់បានទៅតាមការស្ម័គ្រចិត្ត។ លោកថា
បើសិនជាមានការបង្គាប់បញ្ជាណាមួយពីសំណាក់អាជ្ញាធរ
តម្រូវឲ្យវត្តអារ៉ាម ឬពុទ្ធិបរិស័ទ
ចូលរួមជាថវិកាជួយដល់ពលករនោះ គឺជារឿងមិនត្រឹមត្រូវនោះទេ។
ចាប់ពីដើមខែមិថុនាមក ពលករខ្មែរ
ដែលឆ្លងដែនទៅធ្វើការនៅប្រទេសថៃប្រមាណ២២ម៉ឺននាក់
ត្រូវបានអាជ្ញាធរថៃបានចាប់បញ្ជូនមកកាន់កម្ពុជាវិញ
ក្រោមហេតុផលពង្រឹងការអនុវត្តច្បាប់ក្នុងប្រទេស
និងជៀសវាងការជួញដូរមនុស្ស៕
No comments:
Post a Comment
yes