សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 3, 2015

ក្រុមកម្មកររោងចក្រ ហុង សេន ប្រមាណជិត២ពាន់នាក់នំាគ្នាធ្វើបាតុកម្មទាមទារលក្ខខណ្ខការងារចំនួន១២ចំណុចពីភាគីរោងចក្រនៅថ្ងៃនេះ

ដោយ៖​ចាន់ រតនា «វិទ្យុសង្គ្រោះជាតិ»

ក្រុមកម្មករកម្មការនីរោងចក្រកាត់ដេរ ហុង សេន ស្ថិតនៅសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្ដតា​កែវ ប្រមាណជិត២ពាន់នាក់នៅថ្ងៃនេះ នំាគ្នាធ្វើបាតុកម្មនៅខាងមុខរោងចក្រ ដើម្បីទាមទារ​លក្ខ​ខណ្ខការងារចំនួន១២ចំណុច និងទទួចឲ្យភាគីក្រុមហ៊ុន ចេញមកដោះស្រាយជូនពួកគាត់​ឲ្យបា​ន​ឆាប់ ពីព្រោះគិតត្រឹមថ្ងៃទី០៣ ខែវិច្ឆិកា នេះ​គឺក្រុមកម្មករកម្មការនីបានធ្វើបាតុកម្មអស់រយៈពេល​៦ថ្ងៃ​មកហើយ មិនទាន់ទទួលបានលទ្ធផល១០០%នៅឡើយនោះទេ ។

តំណាងកម្មករតវ៉ារោងចក្រ ហុង សេន កញ្ញា ស្រីពេជ្រ ឲ្យវិទ្យសង្គ្រោះជាតិ ដឹងនៅថ្ងៃថា ក្រុម​កម្មករ​កម្មការនីរោងចក្រ ហុង សេន មានគ្នាប្រមាណជិត២ពាន់នាក់​បានធ្វើការត​វ៉ាទាម​ទារ​នូវ​លក្ខ​ខណ្ខ​​ការងារ​មួយចំនួន ពីភាគីក្រុមហ៊ុនតំាងពីថ្ងៃទី២៩ ខែតុលា ឆ្នំា២០១៥មក តែមកដល់​ពេល​នេះ គឺនៅតែមិនទាន់ទទួបានលទ្ធផលទំាងស្រុងនៅឡើយដដែរ ។


កញ្ញាថាក្រុមកម្មករកម្មការនី បានស្រែកតវ៉ាទាមទារឲ្យភាគីរោងចក្រដោះស្រាយ​លក្ខខណ្ខការ​ងារ​ជូនពួកគាត់ តែភាគីក្រុមហ៊ុន មិនបានចេញមុខមកដោះស្រាយនោះឡើយ ។ ចំណែកចំណុច​ដែលក្រុមកម្មករកម្មការនីតវ៉ាទាមទារនោះរួមមាន លុយបាយថ្ងៃត្រង់ចំនួន២ពាន់រៀល ថ្លៃធ្វើ​ដំ​ណើរក្នុងមួយខែ១០ដុល្លា ក៏ដូចជាឲ្យស្ដ្រីមានផ្ទៃពោះបានឈប់សម្រាកម្ដងក្នុងមួយខែ ដើម្បីបាន​ទៅពិនិត្យផ្ទៃពោះ ជាពិសេសនៅពេលកម្មករឈឺហើយ​មានសំបុត្រពេទ្យ​កុំឲ្យភាគីក្រុមហ៊ុនកាត់​លុយរបស់ពួកគាត់ ។

អគ្គលេខាធិការសហព័ន្ធសហជីពសាមគ្គីភាពការងារកម្ពុជា លោក ចាន់ វាសនា មានប្រសាសន៍​ថា រយៈពេល៥ថ្ងៃដែលកម្មកររោងចក្រ ហុង សេន នំាគ្នាធ្វើបាតុកម្មទាមទារ​លក្ខខណ្ខ​ការងារ​ពី​ក្រុមហ៊ុនគឺភាគីក្រុមហ៊ុន មិនទាន់ផ្ដល់ជូនតាមការទាមទាររបស់ក្រុម​កម្មករ១០០%​នៅឡើយ​នោះទេ ។

លោកបន្ដថា អ្វីដែលកម្មករចង់បាន គឺលុយបាយថ្ងៃត្រង់ ថ្លៃធ្វើដំណើរ ការធ្វើកូដកម្មមិនឲ្យដាច់​លុយ និងទទួលស្គាល់ថ្នាក់ដឹកនំាសហជីពសាមគ្គីភាពការងារកម្ពុជាជាអាទិ៍ ។ ជុំវិញការធ្វើបាតុ​កម្ម​របស់កម្មកររោងចក្រ ហុង សេន នេះដែរ សមាជិកក្រុមប្រឹក្សាខេត្ដតាកែវ លោក ណុប សុវណ្ណ មកពីគណបក្សសង្គ្រោះជាតិ មានប្រសាន៍ថា ការធ្វើបាតុកម្មរបស់កម្មករដែលទាមទារ​លក្ខខណ្ខការងារមួយចំនួនពីភាគីក្រុមហ៊ុន ដែលពួកគេគិតថា មានការរំលោភបំពានលើ​ច្បាប់​ការងារ លើសិទ្ធសេរីភាពការងារ និងការរំលោភទៅលើពលកម្មករជាដើម ។

ដូច្នេះ ការដែលក្រុមកម្មករនំាគ្នាធ្វើការទាមទារបែបនេះ គឺត្រឹមត្រូវ ព្រោះពួកគាត់ត្រូវការ​សេរី​ភាព​ គ្មានការគៀបសង្កត់ និងរំលោភទៅលើសិទ្ធសេរីភាពការងាររបស់ពួកគាត់ ។ គួរបញ្ជាក់ថា រោងចក្រកាត់ដេរ ហុង សេន ស្ថិតនៅសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្ដតាកែវ ហើយក្រុម​កម្មករ​កម្មការនី បានធ្វើការតវ៉ាទាមទារលក្ខខណ្ខការងារ ពីភាគីក្រុមហ៊ុនគិតត្រឹមថ្ងៃទី០៣ ខែវិច្ឆិកានេះ គឺរយៈពេល៦ថ្ងៃមកហើយ មិនទាន់ទទួលលទ្ធផលទំាងស្រុងនៅឡើយនោះទេ ៕

No comments:

Post a Comment

yes