សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 20, 2015

ក្រសួងទេសចរណ៍ សម្រេចដកហូតឆ្នេរសមុទ្រ ពីក្រុមហ៊ុនឯកជនទាំងអស់ បន្ទាប់ពីទទួលរងនូវការរិះគន់យ៉ាងខ្លាំង ពីប្រជាពលរដ្ឋ

ដោយ៖ ស ស៊ីណា

រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ លោក ថោង ខុន បញ្ជាក់ថា​ រដ្ឋាភិបាលកម្ពុជា​ នឹងបញ្ឈប់​សកម្ម​ភាព​វិនិ​យោគតំបន់ឆ្នេរសមុទ្រទាំងអស់ ដោយសារកន្លងមក មានជនឆ្លៀតឱកាស យក​ឆ្នេរ​សមុទ្រ​ធ្វើ​ជាការ​កម្មសិទ្ធិផ្ទាល់ខ្លួន ជាហេតុនាំឲ្យរដ្ឋខាតបង់ថវិកាជាតិយ៉ាងច្រើន ហើយក្នុងនោះ ប្រជា​ពល​រដ្ឋ និង​ភ្ញៀវ​ទេស​ចរណ៍ជាតិ អន្ដរជាតិ ដែលទៅកំសាន្តនៅតំបន់ឆ្នេរ​ ក៏មិនអាចគយគន់​ ទេសភាពដ៏ស្រស់ស្អាតរបស់ឆ្នេរសមុទ្របានផងដែរ ។

លោករដ្ឋមន្រ្ដី ថោង ខុន បានបំភ្លឺជុំវិញករណី ការទន្រ្ទានយកឆ្នេសមុទ្រកម្ពុជា យ៉ាង​អនាធិប​តេយ្យ​ នៅតាមបណ្ដាលខេត្តជាប់មាត់សមុទ្រ ជាមួយនឹងគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា ទេសចរណ៍ និងវប្បធម៌ ដែលជា គណៈកម្មការទី៧នៃរដ្ឋសភា នៅថ្ងៃ​ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ថា​ រាជរដ្ឋាភិបាលកម្ពុជា​ តាមរយៈក្រសួងទេសចរណ៍​ សម្រេចគ្រប់​គ្រងឆ្នេរសមុទ្រ ដោយខ្លួនឯងទាំងអស់វិញ ដើម្បីទប់ស្កាត់ បញ្ឈប់​​ការសាងសង់​សំណង់​នានា និងបញ្ចប់នូវរាល់ការគ្រប់គ្រងឆ្នេរសាធារណៈបន្ដទៀត​។


លោកបានថ្លែងទៀតថា ក្រសួងទេសចរណ៍​ នឹងរៀបចំកែច្នៃសោភ័ណ្ឌភាពឆ្នេរឡើងវិញ ​ឲ្យបាន​ល្អប្រសើរ និងខិតខំអភិវឌ្ឍន៍តំបន់ឆ្នេរបន្ដទៀត បើទោះបីកន្លងមកឆ្នេរកម្ពុជា​ជាប់ជាសមាជិកឆ្នេរ​សមុទ្រស្រស់ស្អាតនៅលើពិភពលោកហើយក្ដី ប៉ុន្ដែសន្ដិសុខ សុវត្ថិភាពភ្ញៀវទេសចរណ៍ជាតិ អន្ដរ​​ជាតិ ​នៅជាចំណុចដែលក្រសួងត្រូវពង្រឹង និងយកចិត្ដទុកដាក់ដោយសហការយ៉ាងជិត​ស្និទ្ធ​ជា​មួយ​ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីការពារភ្ញៀវទេសចរណ៍ ។

ការកោះអញ្ជើញរដ្ឋមន្រ្ដីក្រសួងទេសចរណ៍ លោក ថោង ខុន តាមរយៈគណៈកម្មការទី៧ នៃរដ្ឋ​សភា ក្រោមការដឹកនាំរបស់អ្នកតំណាងរាស្រ្ដគណៈបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មក​បំភ្លឺលើករណីគ្រប់គ្រងឆ្នេរសមុទ្រនេះ ដោយសារគណៈកម្មការទី៧ មើលឃើញពីភាពមិន​ប្រក្រ​តី​ ជុំវិញករណីគ្រប់គ្រងឆ្នេរសមុទ្រទាំងអស់នោះ រួមជាមួយនឹងការរិះគន់យ៉ាងខ្លាំងៗទៅ​លើអា​ជ្ញាធរមានសមត្ថកិច្ច ពីសំណាក់ប្រជាពលរដ្ឋ សង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធ​លើវិស័យ​ទេស​ចរណ៍ថា ឆ្នេរសមុទ្រកម្ពុជាបច្ចុប្បន្ននេះ ​កំពុងរងនូវការទន្រា្ទនយ៉ាងគឃ្លើន ពីជនឱកាស​និយម ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ។

គួរជម្រាបថា ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា មានប្រវែង ៤៤០ គីឡូម៉ែត ដែលជាប់​ខេត្ត​ចំនួនបួន គឺខេត្តព្រះសីហនុ កំពត កែប និងខេត្តកោះកុង ។ ហើយចំណាត់ការ និងវិធានការណ៍​របស់ក្រសួងទេសចរ ទាក់ទងនឹងករណីការដកហូតឆ្នេរ ដែលគ្រប់គ្រងដោយឯកជនវិញនេះ ធ្វើ​ឲ្យសង្គមស៊ីវិល និងសាធារណៈជនខ្មែរសាទរ ព្រមទាំងជំរុញឲ្យរាជរដ្ឋាភិបាលអនុវត្តន៍​វិធាន​ការណ៍​នេះឲ្យមានប្រសិទ្ធិភាពខ្ពស់ ព្រោះកន្លងមកមានវិធានការណ៍ជាច្រើនដែល​ប្រមុខរាជ​រដ្ឋា​ភិបាលកម្ពុជាបរាជ័យក្នុងការដោះស្រាយជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ហេតុនេះហើយទើប​ប្រជាពលរដ្ឋខ្មែរ ហាក់ពុំសូវមានជំនឿលើរាជរដ្ឋាភិបាល ដែលដឹកនាំដោយ លោកនាយ​ករដ្ឋ​មន្រ្ដី​ ហ៊ុន សែន នោះ ៕

No comments:

Post a Comment

yes