សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, November 18, 2015

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ២រូបទទូចឲ្យអាជ្ញាធរ ក៏ដូចជាតុលាការពន្លឿន​ក្នុងការស៊ើបអង្កេតករណីហិង្សាយ៉ាងព្រៃផ្សៃលើរូបលោកទាំងពីរ


ដោយ៖កញ្ញា យ៉ន លីណេត «វិទ្យុ សង្គ្រោះជាតិ»

អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន២រូប លោក គង់ សភា និងលោក ញ៉យ ចំរើន ដែល​​​ត្រូវបាន​បាតុករមួយក្រុម គាំទ្រ​គណបក្សប្រជាជន ព្រួតគ្នាប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃ រងរបួសធ្ងន់ធ្ងរ​ កាលពីថ្ងៃទី២៦ តុលា បានទទូចឲ្យអាជ្ញាធរ និង តុលាការ ពន្លឿន​ការ​ស៊ើប​អង្កេត ករណីហិង្សាឃោរឃៅនេះ លើរូបលោក និងត្រូវចាប់ជនដៃដល់ពិតប្រាកដ ប្រមទាំងអ្នក​នៅពី​ក្រោយ​ខ្នងនៃរឿងនេះ​យក​មក​ផ្ដន្ទា​ទោសទៅតាមផ្លូវច្បាប់ផងដែរ ។

ទាក់ទងនិងបញ្ហានេះ សកម្មជន និងមន្ត្រីការពារសិទ្ធិមនុស្ស ក៏បានស្នើ តុលាការ​គួរពង្រឹង​ប្រ​សិទ្ធ​​ភាពការងារ ដោយ​ស្វែងរកជនដៃដល់ពិតប្រាកដឲ្យឃើញ ដើម្បីផ្តល់យុត្តិធម៌​ជូន​ជន​រង​គ្រោះ ពិសេសការបញ្ចៀសនូវវប្បធម៌និទ្ទណ្ឌ​ភាព​នៅ​កម្ពុជា។

គួរជំរាបថា ក្រោយអំពើហិង្សាដ៏ព្រៃផ្សៃនេះកើតឡើង និងក្រោយការថ្លែងរបស់លោក ហ៊ុន សែន ឲ្យ​ជន​ដៃដល់ ចេញ​មុខមកទទួលទោសទៅតាមផ្លូវច្បាប់ជាការប្រសើរនោះ នៅល្ងាចថ្ងៃទី០៣ វិច្ឆិកា ជនដៃដល់ចំនួនបីរូប ដែលរួមមាន ចាយ សារិទ្ធ ម៉ៅ ហឿន  និង សុត វណ្ណនី បានបង្ហាញ​ខ្លួន​​នៅចំពោះមុខគណៈកម្មការស្រាវជ្រាវ ស៊ើបអង្កេតនៃក្រសួងមហា​ផ្ទៃ ។


ថ្ងៃបន្ទាប់ ពួកគេត្រូវបានបញ្ជូនទៅតុលាការដើម្បីសួរចំលើយ និងនៅល្ងាចថ្ងៃដដែល តុលា​ការ​បាន​សម្រេចឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារព្រៃស ក្រោមបទចោទហិង្សា​ដោយ​ចេតនា មានស្ថានទម្ងន់ទោស និងបទធ្វើឲ្យខូច​ខាត​ទ្រព្យសម្បត្តិ​ដោយចេត​នា​មាន​ស្ថាន​ទម្ងន់​ទោស ។

ដោយឡែកមេធាវីការពារក្តី របស់អ្នកតំណាងរាស្រ្តទាំងពីររូប ក៏បានដាក់ពាក្យប្ដឹង ទៅសាលា​ដំ​បូង រាជធា​នីភ្នំពេញ ផងដែរ កាល​ពីថ្ងៃទី១០ ខែវិច្ឆិកា ពីបទប៉ុនប៉ងឃាតកម្មគិតទុកជាមុន និងធ្វើ​ឲ្យ​ខូចខាតទ្រព្យ​សម្បត្តិដោយចេតនាមានស្ថានទម្ងន់ទោស ព្រមទាំងទាមទារសំណងជា​ប្រាក់​ក្នុង​ម្នាក់ៗចំនួន ១០០លានរៀល ។

គួរបញ្ជាក់ថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន ២រូប លោក ញ៉យ ចំរើន និងលោក គង់ សុភា ត្រូវបានបាតុករមួយក្រុម ដែលគាំទ្រគណបក្សប្រជាជន កាលពីថ្ងៃទី២៦ តុលា បាន​ប្រើ​ហិង្សា​ដ៏ព្រៃផ្សៃ ដោយការ​ចាប់​ទាញចេញពីក្នុងរថយន្ត រួចព្រួតគ្នាវាយរហូតដល់សន្លប់ ខណៈ​ដែល​​តំណាងរាស្ត្រទាំងពីរ​រូប​ កំពុងបើករថយន្តចេញពីរដ្ឋសភា ក្រោយ​ការ​ប្រជុំ​ពេញ​អង្គ​នៃ​រដ្ឋ​សភា ហើយរហូតមកទល់និងពេលនេះ​សមត្ថកិច្ចនៅមិនទាន់​ស្វែង​ជនដៃដល់ពិតប្រាកដ និងអ្នក​នៅ​ពី​ក្រោយខ្នង ដើម្បីយកមកផ្តន្ទទោសនៅឡើយនោះទេ ។  
ជាមួយគ្នានេះ កាលពីថ្ងៃទី០១ វិច្ឆិកា អង្គការសង្គមស៊ីវិលចំនួន២០ ក៏បានចេញសេចក្ដីថ្លែង​ការណ៍​រួមគ្នាមួយ ដោយអំពាវនាវដល់រាជរដ្ឋាភិបាលលោក ហ៊ុន សែន  ឲ្យបញ្ចប់នូវវប្បធម៌​និទ្ទណ្ឌ​​ភាពក្នុងប្រទេសកម្ពុជា ហើយត្រូវចាប់ជនប្រព្រឹត្តហិង្សា និងរំលោភសិទ្ធិមនុស្ស យក​មក​ផ្តន្ទទោសតាមច្បាប់ជាធរមានផងដែរ ៕ 

No comments:

Post a Comment

yes