មន្ត្រីជាន់ខ្ពស់វៀតណាមមួយរូបដែលទើបតែបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍បានសម្តែងអំណរ គុណចំពោះប្រទេសនេះ ដែលបានយកចិត្តទុកដាក់ និងបង្កលក្ខណៈស្របច្បាប់ដល់អាណិកជនវៀតណាមដែលកំពុងរស់នៅកម្ពុជា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម ដែលទទួលបានកាលពីថ្ងៃម្សិលមិញ។
ប្រទេសកម្ពុជា និងវៀតណាមបានសន្យាថា នឹងបន្តធ្វើឲ្យមានលក្ខណៈងាយស្រួល ដល់អាណិកជននៃភាគីមួយទៀត ដូចអាណិកជនបរទេសផ្សេងទៀតដែលកំពុងតែរស់នៅលើទឹកដីនៃប្រទេស រៀងៗខ្លួន។
សេចក្តីថ្លែងការណ៍រួមនោះបានសរសេរថា៖ «ភាគីវៀតណាមបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា អំពីការយកចិត្តទុកដាក់ បង្កលក្ខណៈស្របច្បាប់ឲ្យអាណិកជនវៀតណាមរស់នៅកម្ពុជា»។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៣ ថ្ងៃមកកាន់ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ៦ ដល់ ៨ ខែធ្នូ អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូត្រុង បានធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងទូលំទូលាយ លើបញ្ហានានា ជាមួយព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា លោក ងួន ញ៉ិល ប្រធានស្តីទីរដ្ឋសភា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ប្រទេសទាំង ២ ក៏បានព្រមព្រៀងគ្នាបន្តកិច្ចសហប្រតិបត្តិការល្បាតរួមគ្នាដើម្បីធានានូវស្ថិរភាពនៅតំបន់ផ្ទៃសមុទ្រ និងទុកភារកិច្ចឲ្យគណៈកម្មាធិការព្រំដែនប្រទេសទាំង ២ ចាប់ផ្តើមពិភាក្សា ដើម្បីកំណត់ខ្សែព្រំដែនសមុទ្រ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី បានថ្លែងថា យោងតាមស្ថិតិក្រៅផ្លូវការដែលលោកទទួលបាន មានជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ រវាងពី១ ទៅ ៣ លាននាក់កំពុងរស់នៅក្នុងប្រទេសកម្ពុជា។
លោក យឹម សុវណ្ណ បានគូសបញ្ជាក់ថា ៖ «ភាគច្រើន ពួកគេរស់នៅខុសច្បាប់។ ពួកគេស្របច្បាប់ លុះត្រាតែមានការឡាយព្រះហត្ថលេខាលើព្រះរាជក្រឹត្យពីព្រះមហាក្សត្រ»។
លោកបានអះអាងបន្តថា ជនអន្តោប្រវេសន៍វៀតណាមកាន់តែច្រើនថែមទៀត អាចនឹងចូលមកប្រទេសកម្ពុជា ដោយសារតែ មានមន្ត្រីពុករលួយ ហើយរដ្ឋាភិបាលស្ថិតនៅក្រោមការគ្រប់គ្រងរបស់បរទេស។
លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា ៖ «ខ្ញុំមិនរើសអើងពួកគេ (ជនជាតិវៀតណាម) ទេ តែប្រទេសនីមួយៗ មានច្បាប់ ហើយយើងគួរគោរពទៅតាមច្បាប់»៕
ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes