ដោយ ឡេង ម៉ាលី
2012-04-24
សវនាការសាលាក្ដីខ្មែរក្រហម នៅថ្ងៃអង្គារនេះ សាក្សីឈ្មោះ សាឡុត បាន មានឈ្មោះបដិវត្តន៍ហៅថា សូ ហុង បានបង្ហាញនូវការចាប់អារម្មណ៍មួយ នៅពេលដែលគាត់ប្រាប់អង្គជំនុំជម្រះថា គាត់ចង់រក្សាការណ៍សម្ងាត់របស់គាត់អស់មួយជីវិត។
នៅក្នុងសវនាការ សាក្សីឈ្មោះ សាឡុត បាន ហៅ សូ ហុង បានបង្ហាញពីស្ថានភាពផ្លូវចិត្តរបស់គាត់ថា គាត់ភ័យព្រួយខ្លាចចម្លើយ ដែលឆ្លើយនៅក្នុងតុលាការ នាំឱ្យគាត់វ័ណ្ឌកខ្លួនឯង។
ការភ័យព្រួយរបស់សាក្សី សាឡុត បាន បែបនេះ បង្ហាញឡើង នៅពេលដែលចាប់ផ្ដើមសវនាការនៅព្រឹកថ្ងៃទី ២៤ មេសា ហើយសហព្រះរាជអាជ្ញាបន្តសួរសាក្សីរូបនេះ អំពីការចេញចូលទៅមករបស់គាត់ នៅមន្ទីរ ក-១ របស់អង្គការ។
សំឡេង៖ «មិនអាចរៀបរាប់បានទេ ពីព្រោះសភាពការណ៍នៅពេលនោះ សម្ងាត់...ហើយខ្ញុំយល់ឃើញថា ការណ៍សម្ងាត់ដែលខ្ញុំធ្វើទាំងប៉ុន្មាន ត្រូវតែឱ្យស្ងាត់រហូតទាល់តែឯងផុតជីវិត»។
ការបដិសេធមិនឆ្លើយ ហើយចង់រក្សាការណ៍សម្ងាត់របស់គាត់អស់មួយជីវិតនេះ សាក្សី សាឡុត បាន បញ្ជាក់មូលហេតុថា ពីព្រោះគាត់យល់ឃើញថា សំណួរដែលសហព្រះរាជអាជ្ញាសួរគាត់ កាលពីថ្ងៃចន្ទ ទី ២៣ មេសា គឺជាសំណួរដែលនាំឱ្យគាត់វ័ណ្ឌកខ្លួនឯង។
សាក្សី សាឡុត បាន ហៅ សូ ហុង និងមានឈ្មោះផ្សេងមួយចំនួនទៀត ជាក្មួយបង្កើតរបស់មេបក្សកុម្មុយនិស្តកម្ពុជា គឺ សាឡុត ស ហៅ ប៉ុល ពត។
សាក្សី សាឡុត បាន មានតួនាទីជាអគ្គលេខាធិការនៃក្រសួងការបរទេស នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩។
សវនាការរបស់សាលាដំបូងដែលកំពុងប្រព្រឹត្តទៅនេះ សហព្រះរាជអាជ្ញាកំពុងសួរដេញដោលសាក្សីអំពីអង្គហេតុនានា ទាក់ទងនឹងការងារ រចនាសម្ព័ន្ធ និងបាត់ខ្លួនរបស់កម្មាភិបាលជាច្រើនរូប ពីក្រសួងការបរទេស នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះ។
សាក្សី សាឡុត បាន ប្រាប់អំពីការភ័យខ្លាចរបស់គាត់ថា កាលពីយប់ គាត់យល់សប្ដិឃើញ លោកតាដំបងដែក នៅសាលាក្ដីខ្មែរក្រហម ប្រាប់គាត់ថាមិនឱ្យគាត់និយាយអ្វីផ្ដេសផ្ដាសឡើយ។
សំឡេង៖ «យប់មិញនេះ លោកតាដំបងដែកបានប្រមូលបុព្វការីជនទាំងអស់ មកប្រាប់ខ្ញុំថា ឯងកុំនិយាយអីផ្ដេសផ្ដាស។ ឯងត្រូវគិតភាសាខ្មែរឱ្យច្បាស់ "សិរីសួស្ដី"។ ពាក្យថាសិរីសួស្ដី បើសំណួរណា មិនមានសិរីសួស្ដីទេ ឯងមិនត្រូវស្ដីរកទេ។ នេះជាបណ្ដាំលោកតាដំបងដែកប្រាប់ខ្ញុំ។ សូមតុលាការជ្រាប»។
គាត់បន្តថា លោកតាដំបងដែកប្រាប់គាត់ថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា គឺជាសាលាក្ដីកាត់ទោសខ្មែរក្រហមឱ្យផុតពូជ ហើយថា ប្រសិនបើតុលាការនេះនៅក្រៅប្រទេសវិញ នោះគាត់នឹងត្រូវគេព្យួរកទៅហើយ។
ហេតុផលសំអាងរបស់សាក្សី ត្រូវបានប្រធានចៅក្រមជំនុំជម្រះ លោក និល ណុន ឆ្លើយតបថា គាត់មិនអាចយកអប្បិយជំនឿ មកបង្អាក់ដំណើរការរបស់តុលាការបានទេ។
លោកចៅក្រមបានធានាដល់សាក្សីថា សក្ខីកម្ម ដែលគាត់បានផ្ដល់កន្លងមក មិនមានអ្វី ដែលនាំឱ្យគាត់វ័ណ្ឌកឡើយ។
សំឡេង៖ «មិនមានអ្វីពាក្យថា វ័ណ្ឌកទៅលោកនោះទេ។ គឺអត់ទាន់មានអីទេ។ អ៊ីចឹងលោកប្រឹងប្រែងឡើងវិញ។ ម្សិលមិញឃើញថាឆ្លើយល្អណាស់ បញ្ហាដែលលោកបានឆ្លើយមកឃើញថា ឆ្លើយតបទៅនឹងអ្វីដែលជាតម្រូវការព័ត៌មាន និងសព្វគ្រប់ ដែលអង្គជម្រះមានបំណងចង់ទទួល ដើម្បីឱ្យបានយកទៅពិនិត្យពិចារណា នៅក្នុងការសម្រេចសេចក្ដីក្នុងរឿងក្ដីនេះ។ សុំលោកខិតខំ ដើម្បីធ្វើកម្រិតយ៉ាងហោចណាស់ដូចម្សិលមិញអ៊ីចឹង។ កុំឱ្យមានបញ្ហាអី លោកអត់មានបញ្ហាអីទេ»។
ក្រោយការធានារបស់លោកចៅក្រម និល ណុន ជាចុងក្រោយ សាក្សី សាឡុត បាន សុខចិត្តផ្ដល់សក្ខីកម្មបន្តទៀត។ ក៏ប៉ុន្តែ គាត់បានសុំទៅអង្គជំនុំជម្រះថា សុំជួយធ្វើយ៉ាងម៉េចកុំឱ្យគាត់វ័ណ្ឌកនឹងចម្លើយទាំងនោះ។
ទាក់ទងនឹងអង្គហេតុនៅក្រសួងការបរទេស សាក្សីបានបដិសេធតួនាទីណាមួយទាក់ទងនឹងការតាមដានខ្មាំង និងចាប់ចងខ្មាំងនៅក្នុងសម័យនោះ។
សំឡេង៖ «ខ្ញុំពុំមែនជាអ្នកបច្ចេកទេសតាមដានខ្មាំងទេ។ ខ្ញុំបាននិយាយសាចុះសាឡើងហើយថា ខ្ញុំធ្វើអារម្មណ៍ខ្លួនឯង ឱ្យខ្លួនឯងហ្នឹងវាស្អាតដោយខ្លួនឯងជាមុន បានមើលខ្មាំងពីក្រៅមកឃើញ។ ឯការចាប់ចងអីៗ នេះ ខ្ញុំមិនមានទេ។ ខ្ញុំអត់មានតួនាទីទេ»។
យូរៗ ម្ដង យើងសង្កេតឃើញស្ថានភាពសាក្សីមានការច្រឡោត និងមានសំឡេងតឹង ហើយប្រធានចៅក្រមជំនុំជម្រះឧស្សាហ៍ណែនាំឱ្យសាក្សីរូបនេះគ្រប់គ្រងអារម្មណ៍របស់គាត់ឱ្យបានល្អ។
សវនាការរបស់សួរសាក្សី សាឡុត បាន នឹងបន្តទៀត នៅថ្ងៃទី ២៥ មេសា ឆ្នាំ ២០១២៕
No comments:
Post a Comment
yes