«រោងចក្រកាត់ដេរនៅក្នុងប្រទេសកម្ពុជាត្រូវការជ្រើសរើសកម្មករកាត់ដេរចំនួន២ម៉ឺននាក់។ យើងកំពុងខ្វះកម្លាំងពលកម្មនៅក្នុងវិស័យនេះ»។ នេះជាការប្រកាសអោយដឹងរបស់លោក លី តេកហេង ប្រធានប្រតិបត្តិនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជានៅក្នុងជំនួបប្រជុំរវាងអ្នកជំនួញនៅក្នុងវិស័យកាត់ដេរកាលពីថ្ងៃអង្គារ៍នៅក្នុងការិយល័យសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងភ្នំពេញ។
វិស័យកាត់ដេរត្រូវការកម្មករជំនាញកាត់ដេរ ជំនាញពិនិត្យគុណភាព ជំនាញជួសជុលម៉ាស៊ីន ជំនាញច្នៃម៉ូតនិងជំនាញដទៃមួយចំនួនទៀត។ នាពេលកន្លងមក ដោយសារកម្ពុជាខ្វះកម្មករជំនាញខាងធ្វើម៉ូតសម្លៀកបំពាក់ រោងចក្រមួយចំនួនបានប្រើប្រាស់កម្មករជំនាញបរទេស។ លោក លី តេកហេង បានពន្យល់ថា៖«មូលហេតុនៃកង្វះកម្មករកាត់ដេរពីព្រោះរោងចក្រថ្មីៗបានមកបើកនៅក្នុងប្រទេសកម្ពុជាច្រើន»។ រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាមានរោងចក្រកាត់ដេរជិត៤០០រោងចក្រនិងមានកម្មករប្រមាណជា៣សែន៥ម៉ឺននាក់។ ការនាំចេញវិស័យកាត់ដេរកាលពីឆ្នាំ២០១១កន្លងមកមានចំនួនទឹកប្រាក់៤ពាន់លានដុល្លារអាមេរិក។ ទីផ្សារសម្លៀកបំពាក់របស់កម្ពុជាដែលធំជាងគេគឺទីផ្សារអាមេរិក សហភាពអឺរ៉ុប កាណាដានិងជប៉ុន។ វិស័យកាត់ដេរកម្ពុជារីកចម្រើនយ៉ាងខ្លាំងនៅក្នុងរយៈពេលចុងក្រោយនេះដែលតម្រូវអោយរោងចក្រត្រូវការកម្មករបន្ថែមទៀត។
ទាក់ទងទៅនឹងកង្វះកម្លាំងពលកម្មក្នុងវិស័យកាត់ដេនេះ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាក៏បានកត់សម្គាល់ដូចគ្នាដែរ។ ប៉ុន្តែ លោកផ្តល់ហេតុផលផ្សេងពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា។ សម្រាប់លោក អាត់ ធន់ មូលហេតុនៃកង្វះកម្លាំងពលកម្មនៅក្នុងវិស័យនេះគឺដោយសារប្រាក់ខែទាប។ កម្មករកាត់ដេរទទួលបានប្រាក់បៀវត្សរ៍ ៦១ ដុល្លារមួយខែ។ ប្រាក់ខែនេះពួកគេមិនអាចរស់បានដោយសមរម្យនោះទេ។ ដើម្បីអាចរស់បានកម្មករត្រូវបង្ខំចិត្តធ្វើការបន្ថែមម៉ោងយ៉ាងច្រើនក្នុងមួយថ្ងៃ។ លោក អាត់ ធន់ បាននិយាយថា កម្មករខ្មែរមួយចំនួនសុខចិត្តទៅលក់កម្លាំងពលកម្មនៅឯបរទេសដូចជា៖ប្រទេសថៃ ម៉ាឡេស៊ីនិងប្រទេសកូរ៉េខាងត្បូងជាការប្រសើរជាង។
សកម្មជនសហជីពរូបនេះបានបញ្ជាក់ថា៖«កម្មករធ្វើការក្នុងរោងចក្រកាត់ដេរគ្មានក្តីសង្ឃឹមនិងសល់តែជំងឺ អ៊ីចឹងហើយបានជាពួកគេមិនចង់ធ្វើការនៅក្នុងរោងចក្រ»។ បញ្ហាមួយទៀតគឺដោយសារតែរោងចក្រផ្តុំគ្នានៅតែភ្នំពេញរីឯកម្មករមិនចង់បែកឆ្ងាយពីស្រុកកំណើតរបស់ពួកគេ។ ចំពោះលោក លី តេកហេង ប្រធានប្រតិបត្តិនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាវិញ បញ្ហាចម្បងដែលពិបាកជ្រើសរើសកម្លាំងពលកម្មគឺដោយសារកង្វះព័ត៌មានរវាងកម្មករនិងរោងចក្រ។ កម្មករមិនដឹងទៅរកការងារធ្វើនៅទីណារីឯរោងចក្រវិញ មិនដឹងជាទៅរកកម្មករនៅកន្លែងណា។
កាលពីប៉ុន្មានសប្តាហ៍មុននេះ អ្នកសេដ្ឋកិច្ចនៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជាក៏បានប្រកាសដែរថា ប្រទេសកម្ពុជាខ្វះកម្មករជំនាញ។ កង្វះខាតកម្មករជំនាញគឺជាឧបសគ្គនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា៕
No comments:
Post a Comment
yes