សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, June 9, 2012

ហ៊ុន សែន​ប្រតិកម្ម​នឹង​គម្រោង​បក្ស​ប្រឆាំង​រួម​គ្នា


បន្ទាយ​មានជ័យៈ លោក នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន  បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​គម្រោង​ច្របាច់​បញ្ចូល​គ្នា រវាង​គណបក្ស​ប្រឆាំង​ពីរ គឺ​គណបក្ស​សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិ​មនុស្ស ជា​ការ​ឆ្លើយ​តប ទៅ​នឹង​អ្វី​ដែល​នាយក​រដ្ឋ​មន្ត្រី​ កាន់​អំណាច​ជិត​ ៣០ ​ឆ្នាំ​រូប​នេះ បាន​អធិប្បាយ​ថា ជា​ការ​ «អួត​ក្អេង​ក្អាង» ​តែ​មិន​អាច​យក​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឡើយ​។
បន្ទាប់​ពី​លទ្ធផល​បណ្តោះ​អាសន្ន​នៃ​ការ​បោះឆ្នោត​ឃុំ សង្កាត់ កាល​ពី​ថ្ងៃ​អាទិត្យ ដែល​បើ​តាម​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ខុម ហ្វ្រែល បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន បាន​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី រហូត​ដល់​៦១,៦៧​ភាគរយ ហើយ​គណបក្ស​ប្រឆាំង​ពីរ​ទទួល​បាន​សំឡេង​ឆ្នោត​២០,៦៣​ភាគរយ និង ៩,៩៥ ភាគរយ​នោះ​មក​ គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស បាន​ប្រកាស​ពី​គោល​ជំហរ​របស់​ពួក​គេក្នុង​ការ​ច្របាច់​គណ​បក្ស​ទាំង​ ពីរបញ្ចូល​គ្នា​ ដើម្បី​ឲ្យ​មាន​កម្លាំង​ខ្លាំង​ ក្នុង​ការ​ប្រកួត​ប្រជែង​​ដណ្តើម​យក​ជ័យជម្នះ ​ពី​គណបក្ស​ប្រជាជន នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ នៅ​ឆ្នាំ​២០១៣​ខាង​មុខ។

ថ្លែង​សុន្ទរកថា​លើក​ជា​ដំបូង​ ក្រោយ​ពី​ការ​បញ្ចប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាង​សង់​ផ្លូវ​ជាតិ​លេខ ៥៦ ពីក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មានជ័យ​ ទៅ​ដល់​ក្រុង​សំរោង ខេត្ត​ឧត្តរ​មានជ័យ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ លោក​ហ៊ុន​ សែន ​បាន​ធ្វើ​ការ​រិះគន់​មិន​ចំ​ឈ្មោះ ​ដល់​គណបក្ស​ប្រឆាំង​ពីរ ដោយ​ហៅ​ថា​មួយ​ជា«គណបក្ស​ប្រឆាំង​» ដែល​គេ​ដឹង​ថា សំដៅ​ទៅ​លើ​គណបក្ស​សម រង្ស៊ី និង​មួយ​ទៀត​ហៅថា ជា«គណបក្ស​បញ្ឆោត» ជា​ការ​សំដៅ​ទៅ​លើ​គណបក្ស​សិទ្ធិមនុស្ស​នោះ​ថា ​ទោះ​បី​គណបក្ស​ទាំង​ពីរ​រួម​គ្នា​ ក៏​មិន​បាន​សំឡេង​ប្រហែល​គណបក្ស​ប្រជាជន​ដែរ​។
លោក​នាយក​រដ្ឋ​មន្ត្រី និយាយ​ថា៖  «​គេ​ថា គេ​រួប​រួម​គ្នា​ដើម្បី​យក​ឈ្នះ​ពួក​ផ្តាច់​ការ តែ​ខ្ញុំ​សូម​ផ្តាំ​ទៅ​បក្ស​ទី​២ ដើម្បី​បាន​ស្មើ​បក្ស​ប្រជាជន​ ត្រូវ​ការ​២ លាន ​៤ សែន​សំឡេង​ទៀត។ រក​បាន​ហ្អេ? ឯបក្ស​ទី ៣​ ដែល​កំពុង​លេច​មុខ ​ក្នុង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ តែ​អួត​ក្អេងក្អាង​ណាស់​។ បើ​ចង់​បាន​ស្មើ កុំ​អាល​យក​ឈ្នះ ត្រូវ​ការ​ជាង ៣ លាន​សំឡេង​ទៀត​ហើយ​បើ​លោក​ឯង​បូក​ទាំង​ ២ នាក់​ទៅ​ នៅ​ខ្វះ​ជិត​ ២ លាន​សំឡេង​ទៀត»។
លោក​បន្ត​ថា ទោះខំ​ប្រឹង​ប្រែង​យ៉ាង​ណា ក៏​បក្ស​នយោបាយ​ទាំង​ពីរ​នេះ នៅ​តែ​មិន​អាច​តាម​ទាន់​គណ​បក្ស​ប្រជាជន នា​អាណត្តិ​ក្រោយ​នេះ​ដែរ ព្រោះ​គណបក្ស​កាន់​អំណាច មាន​សមាជិក​គាំទ្រ​ច្រើន និង​បាន​កសាង​នូវ​ទំនុក​ចិត្ត​ជូន​ប្រជា​ពលរដ្ឋ​យូរ​មក​ហើយ។
លោក​ក៏បាន​លើក​ឡើង​ពី​តួលេខ​បណ្តោះអាសន្ន​ នៃ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ ដែល​បង្ហាញ​ថា គណ​បក្ស​ប្រជាជន មាន​ប្រៀប​ខ្លាំង​ជាង​គណបក្ស​ទាំង​ពីរ​នេះ​ និង​សំឡេង​បាន​កើន​លើស​ពី​ការ​បោះឆ្នោត​ឃុំ​-សង្កាត់​ឆ្នាំ ២០០៧​។ លោក​ហ៊ុន សែន​បញ្ជាក់​ថា៖ «​ខ្ញុំ​សូម​ជម្រាប​ នេះ​មិន​មែន​រឿង​តូច​តាច​ទេ...គណបក្ស​ប្រជាជន កើន ​២៩០​អាសនៈ​ទូទាំង​ប្រទេស»​។
លោក​នាយក​រដ្ឋ​មន្ត្រី ក៏​បាន​ថ្លែង​ផ្តាំ​ផ្ញើ​ទៅ​លោក​សម រង្ស៊ី​ ផង​ដែរ​ថា កុំ​ព្យាយាម​ចង់​ជួប​ចរចា ជាមួយ​ហ៊ុន​ សែន​តទៅ​ទៀត ព្រោះ​លោក សម​ រង្ស៊ី​ខ្លួន​ឯង​ បាន​ចោទ​ប្រកាន់​លោក​ថា ជា​អាយ៉ង​របស់​រដ្ឋាភិបាល​ប្រទេស​វៀតណាម​ទៅ​ហើយ ដែល​សំដី​នេះ​ធ្លាប់​ត្រូវ​បាន មេដឹក​នាំ​សម័យ​ខ្មែរ​ក្រហម លោក ខៀវ​ សំផន រិះគន់​ឲ្យ​លោក​ដូច្នេះ​ដែរ​។ លោក​ថ្លែង​បែប​នេះ​ថា​៖«​មាន​អ្នក​ទោស​និរទេស​ខ្លួន​ម្នាក់ គេថា គេ​មិន​ចង់​ចរចា​ជា​មួយ​ហ៊ុន សែន​ ព្រោះ​គ្រាន់​តែ​ជា​អា​យ៉ង​គេ ត្រូវ​តែ​ចរចា​ជា​មួយ​វៀត​ណាម ​ដែល​អាច​បញ្ជា​ហ៊ុន​ សែន​បាន។ តិច​ថ្ងៃ​ក្រោយ​សរសេរ​សំបុត្រ​ឲ្យ​ភ្នាក់ងារ​មក​ចរចា​ជា​មួយ​​ខ្ញុំ ខ្ញុំ​អត់​ទេ។ ខ្ញុំ​អាយ៉ង ខ្ញុំ​គ្មាន​សិទ្ធិ​ទេ។ សំឡេង​ភាគ​ច្រើន​របស់​ប្រជា​ជន​ខ្មែរ ទើប​មាន​សិទ្ធិ​លើ​ហ៊ុន​ សែន។​​ មាន​តែ​សំឡេង​ប្រជាជន ទើប​អាច​ទម្លាក់​ហ៊ុន សែន​បាន»។
ទោះ​បី​ជា​មាន​ការ​លើក​ឡើង​ពី​បក្ស​ប្រឆាំង​ថា ការ​បោះឆ្នោត​មិន​ត្រឹម​ត្រូវ និង​មិន​មាន​តម្លាភាព​ក្តី​ ក៏លោក ហ៊ុន សែន​ បាន ​សរសើរ និង​អរគុណ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ អាជ្ញាធរ​ និង​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ថា​ បាន​រៀបចំ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​«សេរី យុត្តិធម៌ គ្មាន​ហិង្សា​ និង​ការ​វាយ​តប់​គ្នា​ដោយ​អាវុធ​» ខុស​ពីកាល​ឆ្នាំ ១៩៩៣ ដែល​ការ​បោះឆ្នោត​រៀបចំ​ឡើង​ដោយ​អ៊ុន​តាក់​។
លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សម ​រង្ស៊ី បាន​សម្តែង​ការ​សប្បាយ​រីក​រាយ ចំពោះ​ការ​ថ្លែង​របស់​លោក​ ហ៊ុន សែន ជា​អ្វី​ដែល​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ បាន​អធិប្បាយ​ថា គណ​បក្ស​កាន់​អំណាច​កំពុង​ភ័យ​ខ្លួន នៅ​ពេល​ដែល​ឮ​ថា គណបក្ស​ប្រឆាំង​រួប​រួម​គ្នា​។ លោក​និយាយ​ថា​ ៖ «អ្វី​ដែល​នាយក​រដ្ឋ​មន្ត្រី​លើក​ឡើង​ គឺខ្ញុំ​សប្បាយ​ចិត្ត​ទៅ​វិញ​ទេ។ គាត់​បារម្ភ​ពី​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ទាំង​អស់ ប្រមូល​ផ្តុំ​​គ្នាដើម្បី​ប្រកួត ​១ទល់​នឹង​ ១​ ជា​មួយ​បក្ស​ប្រជាជន ពេល​នោះ​ យើង​នឹង​ទទួល​បាន​ជ័យជម្នះ​ នៅ​​ក្នុង​ការ​បោះ​ឆោ្នត​ឆ្នាំ ​២០១៣​ មិន​ខាន»។
ចំណែកឯ លោក កឹម សុខា ប្រធាន​គណ​បក្ស​សិទ្ធិ​មនុស្ស ​បាន​ថ្លែង​ថា ការ​ដែល​លោក​ហ៊ុន​ សែន​ ថា​ លោក​ក្អេង​ក្អាង​នោះ គឺ​ត្រឹម​ត្រូវ​ ព្រោះ​លោក​ពេញ​ចិត្ត​ នឹង​លទ្ធផល​ដែល​គណ​បក្ស​របស់​លោកទទួល​បាន ពី​ព្រោះ​វា​ជា​សំឡេង​ដែល​ពលរដ្ឋ​ផ្តល់​ឲ្យ​ដោយ​​គ្មាន​ការ​ការ​ទិញ​ទឹក​ ចិត្ត។ លោក​និយាយ​ថា៖ «​ការឈ្នះ​ដោយ​​មិន​ថ្លៃ​ថ្នូរ​ ជារឿង​អន់​បំផុត។ ឈ្នះ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​លម្អៀង​នោះ ​វា​មិន​ថ្លៃ​ថ្នូរទេ»។
កាល​ពី​ម្សិល​មិញ គណ​បក្ស​សិទ្ធិ​មនុស្ស បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​មួយ ដោយ​ទទូច​សូម​ឲ្យ​ផ្លាស់​ប្តូរ គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត និង​រៀប​ចំ​នីតិវិធី​បោះឆ្នោត​មួយ ឲ្យ​មាន​ប្រសិទ្ធភាព ដោយ​ធានា​ឲ្យ​បាន​នូវ​សិទ្ធិ​​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ក្នុង​ការ​ធ្វើ​ការ​បោះ​ឆ្នោត​បាន​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិ​ធម៌។
លោក​ កឹម​ សុខា បន្ត​ថា បក្ស​ប្រឆាំង​ធំ​ទាំង​ពីរ​នេះ អាច​នឹង​បាន​សំឡេង​គាំទ្រ​ច្រើន​ បើ​សិន​ជា​អ្នក​មាន​ឈ្មោះ​បោះឆ្នោត បាន​ទៅ​បោះឆ្នោត​គ្រប់​ៗ​គ្នា។ ការ​មិន​បោះឆ្នោត​ ព្រោះអ្នក​ទាំង​នោះ​ធុញ​ទ្រាន់​នឹង​ការ​បោះឆ្នោត​ដែល​មាន​នីតិវិធី ស្មុគស្មាញ​។
លោក​សុខ ទូច អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ មើលឃើញ​ថា ការ​រួបរួម​របស់​គណបក្ស​ប្រឆាំង​ទាំង​ពីរ​ជា​ការ​ឈាន​ទៅ​រក​ចំណុច​វិជ្ជមាន​មួយ ​ ក្នុង​នយោបាយ​របស់​កម្ពុជា​។ លោក​ថ្លែង​ថា៖«​គណ​បក្ស​រឹត​តែ​តិច គឺ​ងាយស្រួល​ប្រជាជន​ក្នុង​ការ​ជ្រើសរើស​មើល​គោលនយោបាយ​ណាមួយ​ល្អ ហើយ​កម្រិត​ប្រកួត​ប្រជែង​ កាន់​តែ​មាន​លក្ខណៈ​ធំ។ បើ​មាន​បក្ស​ច្រើន​ ធ្វើ​ឲ្យ​អ្នក​នយោបាយ​ជិះសេះ​លែង​ដៃ​ មិន​យក​ចិត្ត​រាស្ត្រ ព្រោះ​សំឡេង​ប្រមូល​ផ្តុំ​តែ​គណបក្ស​ធំ​»៕

No comments:

Post a Comment

yes