ដោយ រដ្ឋា វីសាល
មន្ត្រីនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) ចោទប្រកាន់មន្ត្រីគណៈកម្មការខេត្តរៀបចំការបោះឆ្នោត ខេត្តរតនគិរី ថាមានចេតនាធ្វើឱ្យស្ថាប័ននេះ ខកខានមិនបានបង្ហាញពីភាពមិនប្រក្រតីទាក់ទិនទៅនឹងលទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់ក្នុងសន្និបាតបូកសរុបស្ដីពីលទ្ធផលនៃការបោះឆ្នោតនៅខេត្តនេះ។
ប្រការនេះនឹងជះឥទ្ធិពលមិនល្អ ហើយក៏ជាបទពិសោធន៍មួយសម្រាប់ជួយទប់ស្កាត់ភាពមិនប្រក្រតី ដែលតែងតែកើតមានក្នុងអំឡុងពេលបោះឆ្នោតអាណត្តិក្រោយៗ ទៀត។
មន្ត្រីអ្នកសង្កេតការណ៍បោះឆ្នោតអង្គការ ខុមហ្រ្វែល ប្រចាំខេត្តរតនគិរី នៅថ្ងៃអាទិត្យ ទី២៤ ខែមិថុនា ឆ្នាំ ២០១២ បានចាត់ទុកសន្និបាតបូកសរុបលទ្ធផលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៣ ធ្វើឡើងដោយគណៈកម្មការខេត្តរៀបចំការបោះឆ្នោត ហៅកាត់ថា ប៉ិច ថាជាសន្និបាត ដែលមិនមានលក្ខណៈល្អប្រសើរទេ។
លេខាអង្គការ ខុមហ្វ្រែល ខេត្តរតនគិរី លោក ជួន ភីនណារ៉ា កត់សំគាល់ថា មន្ត្រីគណៈកម្មការខេត្តរៀបចំការបោះឆ្នោត ខេត្តរតនគិរី កាលពីថ្ងៃសៅរ៍កន្លងទៅនេះ បានទូរស័ព្ទអញ្ជើញលោកឲ្យចូលរួមសន្និបាត នៅវេលាម៉ោង ៨ និង ៣០ នាទី ខណៈដែលអង្គសន្និបាតបានចាប់ដំណើរការប្រជុំ។ហើយនេះ គឺជាចេតនាមិនចង់ឲ្យអង្គការលោកចូលរួមក្នុងសន្និបាតនេះ។
លោកបន្តថា អង្គការលោកមានគម្រោងថ្លែងការណ៍ពីភាពមិនប្រក្រតី ដែលបានរកឃើញក្នុងអំឡុងថ្ងៃបោះឆ្នោតទី ៣ មិថុនា ឆ្នាំ ២០១២ ដើម្បីដាក់ជូនសន្និបាតពិចារណា និងកែលំអសម្រាប់ការបោះឆ្នោតអាណត្តិក្រោយទៀត។
លោក ជួន ភីនណារ៉ា៖ «គឺគណៈកម្មការត្រូវអញ្ជើញយើងយ៉ាងហោចណាស់ ពីរថ្ងៃមុន ដើម្បីឲ្យយើងត្រៀមបញ្ហាលើកឡើងក្នុងមហាសន្និបាតនោះ ដើម្បីយើងយកទៅឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ហ្នឹងពិចារណា ដើម្បីយើងរកបញ្ហា។ មានន័យថា ដើម្បីឲ្យការបោះឆ្នោតនៅពេលក្រោយឲ្យវារលូន»។
មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ឬហៅថា ប៉ិច (PEC) ខេត្តរតនគិរី កាលពីថ្ងៃសៅរ៏ទី២៣ កន្លងទៅនេះ បានអញ្ជើញតំណាងអង្គការសង្គមស៊ីវិល មន្ត្រីអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋប្រមាណជាង ២០០ នាក់ រៀបចំធ្វើសន្និបាតពីលទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់អាណត្តិទីបី នៅខេត្តនេះ ដើម្បីឆ្លុះបញ្ចាំងពីចំណុចវិជ្ជមាន និងអវិជ្ជមានសម្រាប់អនុវត្តន៍នៅអាណត្តិបោះឆ្នោតក្រោយៗ ទៀត។
ប្រធានគណៈកម្មការខេត្តរៀបចំការបោះឆ្នោតខេត្តរតនគិរី លោក ប៉ែន ឈុនឌី អះអាងថា ស្ថាប័នលោកមិនមានចេតនាធ្វើឲ្យតំណាងអង្គការ ខុមហ្វែ្រល ខកខានមិនបានចូលរួមក្នុងសន្និបាតនោះទេ ពីព្រោះមន្ត្រីប៉ិច បានយកលិខិតអញ្ជើញទៅជូនមន្ត្រី ខុមហ្វ្រែល ដែរ ក៏ប៉ុន្តែ មន្ត្រី ខុមហ្វ្រែល មិននៅផ្ទះ។
លោកបន្តថា ទោះជាយ៉ាងនេះក្តី លោកបានទូរស័ព្ទបន្ថែមទៀត នៅថ្ងៃចាប់ផ្ដើមសន្និបាត ក៏ប៉ុន្តែ មន្ត្រី ខុមហ្វ្រែល អះអាងថា ជាប់ភារកិច្ចមិនបានមកចូលរួម។
លោក ប៉ែន ឈុនឌី៖ «រកគាត់មិនឃើញទេ។ អត់មានចេតនាអ៊ីចឹងទេ។ មន្ត្រីខ្ញុំហ្នឹង ខ្ញុំសួរគាត់ទៅគាត់ ថារកមិនជួប។ ដល់ព្រលឹមឡើងខ្ញុំបានទូរស័ព្ទទៅរកគាត់ ដើម្បីឲ្យចូលរួមតែគាត់ថា ជាប់រវល់។ ខ្ញុំថាឲ្យតំណាងមកក៏បានដែរ»។
ប៉ិចខេត្តរតនគិរី បានឲ្យដឹងថា លទ្ធផលផ្លូវការស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅខេត្តរតនគិរី គណបក្សប្រជាជនឈ្នះបាន ២២៣ អាសនៈ។គណបក្ស សម រង្ស៊ី ឈ្នះបាន ៣០ អាសនៈ។ គណបក្ស ហ៊្វុនស៊ិនបិច ឈ្នះបាន ៧ អាសនៈ ក្នុងនោះប្រជាពលរដ្ឋមកបោះឆ្នោតមានចំនួនប្រមាណជាង ៥៩% និងមិនមានបណ្ដឹងណាមួយទាក់ទិនទៅនឹងភាពមិនប្រក្រតីនោះឡើយ។
ទោះជាយ៉ាងនេះក្ដី ខុមហ្វ្រែល ខេត្តរតនគិរី ឲ្យដឹងថា គេបានរកឃើញភាពមិនប្រក្រតីជាង ១០ ករណីកើតមាននៅថ្ងៃបោះឆ្នោត។ ទី ១- មានខិត្តប័ណ្ណឃោសនារបស់គណបក្ស ប្រជាជន នៅមានបិទនៅជិតការិយាល័យបោះឆ្នោត។ ទី ២- មានមន្ត្រីអាជ្ញាធរមូលដ្ឋាន និងបេក្ខជនបេក្ខនារី គណបក្ស ប្រជាជន និងគណបក្ស ហ្វុនស៊ិនប៉ិច មានវត្តមាននៅបរិវេណហាមឃាត់នៃការិយាល័យបោះឆ្នោត។ ទី៣-ប្រធានភូមិ និងមន្ត្រីក្រុមប្រឹក្សាឃុំជួលរថយន្ត ឬមធ្យោបាយដឹកជញ្ជូនប្រជាពលរដ្ឋឲ្យមកបោះឆ្នោត។ ទី៤- មន្ត្រីការិយាល័យបោះឆ្នោតខ្លះអនុញ្ញាតឲ្យប្រជាពលរដ្ឋ ដែលមានតែប័ណ្ណព័ត៌មានបោះឆ្នោតអាចបោះឆ្នោតបាន។ ទី៥- អ្នកទៅបោះឆ្នោតខ្លះពាក់អាវ ឬពាក់មួកមានផ្លាកសញ្ញាគណបក្សប្រជាជន ចូលការិយាល័យបោះឆ្នោត។ ទី៦-អ្នកមានប័ណ្ណសំគាល់សិទ្ធិបោះឆ្នោត ឬប័ណ្ណពណ៌ខៀវតែគ្មានរូបថតត្រូវបានមន្ត្រីការិយាល័យបោះឆ្នោតអនុញ្ញាតឲ្យបោះឆ្នោត។ ទី៧- ប្រជាពលរដ្ឋខ្លះរកឈ្មោះមិនឃើញ។ ទី៨- ប្រជាពលរដ្ឋខ្លះខុសឈ្មោះ អាយុ ភេទ ឬភូមិឃុំ ។ ទី៩- អ្នកសង្កេតការណ៍គណបក្ស សម រង្ស៊ី ខ្លះបោះបង់សិទ្ធិជាអ្នកសង្កេតការណ៍ចោល។ ទី១០- មន្ត្រីការិយាល័យបោះឆ្នោតខ្លះ អនុញ្ញាតឲ្យសមាជិកគ្រួសារពីរនាក់ មានសៀវភៅគ្រួសារមួយអាចបោះឆ្នោតបាន។ ទី១១- ប្រជាពលរដ្ឋខ្លះ មានឈ្មោះត្រឹមត្រូវក្នុងបញ្ជីបោះឆ្នោតពេលទៅបោះឆ្នោតឈ្មោះរបស់គាត់ត្រូវគេបោះឆ្នោតមុនជាដើម៕
No comments:
Post a Comment
yes