ដោយ ទីន ហ្សាការីយ៉ា
សិស្សានុសិស្ស និងអាណាព្យាបាលសិស្សនៅស្រុកកងមាស ខេត្តកំពង់ចាម បានបញ្ចេញប្រតិកម្មចំពោះនាយកវិទ្យាល័យ ហ៊ុន សែន ពាមជីកង ថា លោកនាយកបានប្រកាសឲ្យសិស្សថ្នាក់ទី១២ ទាំងអស់ ឲ្យបង់លុយក្នុងម្នាក់ៗជាង១០ម៉ឺនរៀលជូនគាត់ ជាថ្នូរនឹងការបន្ថែមពិន្ទុជូន។
យុវសិស្សថ្នាក់ទី១២ មួយរូប សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងនៅថ្ងៃទី៣ កក្កដា ថា កាលពីចុងខែមិថុនា កន្លងទៅ នៅមុនពេលប្រលងឆមាសលើកទី២ នាយកសាលាឈ្មោះ តូច វុទ្ធី និងនាយករងឈ្មោះ ស៊ាន សុផល បានប្រាប់សិស្សថ្នាក់ទី១២ ថា បើអ្នកណា ហើយចង់បានពិន្ទុខ្ពស់ ត្រូវបង់លុយជូននាយកចន្លោះ ១០ម៉ឺន ទៅ ១២ម៉ឺនរៀល គាត់នឹងឲ្យគ្រូកំណែបន្ថែមពិន្ទុជូនឲ្យបានច្រើន ដើម្បីយកពិន្ទុទាំងនោះ ទៅបូកនឹងពិន្ទុប្រលងថ្នាក់ជាតិ នៅពេលខាងមុខ។
យុវសិស្សរូបនេះ បានបញ្ជាក់ថា លោកមិនបានបង់លុយឲ្យនាយកទេ ពីព្រោះថា លោកខំរៀនតាមសមត្ថភាពជាក់ស្ដែង ពិសេសទៅទៀតនោះ លោកជាកូនកសិករគ្មានលុយយកទៅសូកលោកនាយកដូច្នេះទេ៖ «នាយកហ្នឹងគាត់ដើរប្រមូលលុយ ហើយប្រកាសប្រាប់ថា គាត់យកទៅឲ្យគ្រូតាមមុខវិជ្ជា ដូចជាមុខវិជ្ជាគណិត ជាដើម តាមពិតគាត់ខ្លួនគាត់ទេ»។
អាណាព្យាបាលសិស្សនៅស្រុកកងមាស បាននិយាយថា នាយកវិទ្យាល័យ ហ៊ុន សែន ពាមជីកង ធ្វើដូច្នេះ ជាការធ្វើឲ្យបាក់ទឹកចិត្ត ចំពោះសិស្សដែលខំរៀន។ ម្យ៉ាងទៀត ក៏ជាសារមួយដល់សិស្សគេចសាលា ដែលពួកគេមិនចាំបាច់ខំប្រឹងរៀន ចាំតែយកលុយទៅសូកគ្រូនាយក គេនឹងបានពិន្ទុខ្ពស់ជាងអ្នកទៅរៀនជាប់រាល់ថ្ងៃទៅទៀត៖ «វាអាចឲ្យសិស្សបាក់ទឹកចិត្ត ឬមាតាបិតាហ្នឹង បាក់ទឹកចិត្ត អាចថា រៀនធ្វើអីគេយកលុយអីចឹង ហើយអនាគតហ្នឹងធ្វើអ្វី? ម្យ៉ាងទៀត ជាការបណ្ដុះគំនិតក្មេងជំនាន់ក្រោយចេញពីសាលាទៅ ធ្វើការមានគំនិតពុករលួយបាត់ហើយ»។
នាយកវិទ្យាល័យ ហ៊ុន សែន ពាមជីកង លោក តូច វុទ្ធី បានបដិសេធ ដោយលោកឆ្លើយយ៉ាងខ្លីថា លោកមិនបានដឹងអំពីករណីនេះទេ។
ទោះបីជាយ៉ាងនេះក៏ដោយ អនុប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ចាម លោក អ៊ិន ពៅសម្បត្តិ មានប្រសាសន៍ថា ប្រសិនបើនាយកសាលា ហ៊ុន សែន ពាមជីកង បានប្រព្រឹត្តិតាមការចោទប្រកាន់របស់សិស្សមែននោះ ជារឿងខុសច្បាប់។ លោក អ៊ិន ពៅសម្បត្តិ អះអាងថា លោកនឹងចុះធ្វើការស៊ើបអង្កេតលើករណីនេះ៖ «វាមិនប្រក្រតី ការធ្វើដូច្នេះ មិនត្រូវតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំទេ»។
លិខិតចំនួនពីរច្បាប់ដែលវិទ្យុអាស៊ីសេរីទទួលបានពីសិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ពាមជីកង មានខ្លឹមសារដូចគ្នាថា នាយកសាលាឈ្មោះ តូច វុទ្ធី នាយករងឈ្មោះ ស៊ាន សុផល ទទួលបន្ទុកការសិក្សា និងលោក អ៊ុង ណារ៉េត ជានាយករងផ្នែកសណ្ដាប់ធ្នាប់ បានដើរប្រមូលលុយពីសិស្សចំនួន ១០ ទៅ ១២ម៉ឺនរៀល ក្នុងមួយនាក់ ដោយសន្យាថា គេនឹងឲ្យគ្រូកំណែផ្ដល់ពិន្ទុច្រើនដល់សិស្ស ដែលឲ្យលុយនោះ ចាប់ពី ៣៨ពិន្ទុ ឬ៤០ពិន្ទុ ឡើងទៅ សម្រាប់ដល់ពេលប្រលងថ្នាក់ជាតិ សិស្សទាំងនោះនឹងឈានទៅបាននិទ្ទេសល្អ ដើម្បីទទួលបានអាហារូបករណ៍សិក្សានៅថ្នាក់ឧត្តមសិក្សា។
លិខិតដដែលបានសរសេរថា បច្ចុប្បន្ននេះសិស្សភាគច្រើនគេចសាលា បន្ទាប់ពីពួកគេបានឲ្យលុយទៅនាយកសាលារួចនោះ។ សិស្សថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុន សែន ពាមជីកង មានចំនួន ៥ថ្នាក់ ដែលថ្នាក់និមួយៗមានសិស្សប្រមាណ៥០នាក់។
របាយការណ៍របស់មន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ចាម បានសរសេរថា សិស្សានុសិស្សថ្នាក់ទី១២ នៅទូទាំងប្រទេស ពួកគេនឹងត្រូវប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១២។ ដោយឡែកសិស្សថ្នាក់ទី១២ នៅខេត្តកំពង់ចាម មាន ៩.៨០០នាក់ ក្នុងនោះក៏មានសិស្សស្វ័យរិន និងសិស្សបំពេញវិជ្ជាដែរ៕
No comments:
Post a Comment
yes