ដោយ អ៊ុក សាវបូរី
ប្រជាពលរដ្ឋភូមិចំបក់ឯម ឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ លើកគ្នាទៅតវ៉ានៅផ្ទះមេភូមិ ដើម្បីសុំឲ្យជួយដោះស្រាយបញ្ហាប្រឡាយទឹក ដែលពួកគាត់ធ្លាប់បូមទឹកស្រោចស្រូវ តាំងពីដើមមក ប៉ុន្តែបច្ចុប្បន្ន បែរជាអាជ្ញាធរស្រុក និងការិយាល័យធនធានទឹកប្រគល់ឲ្យទៅបុគ្គលឯកជនកាន់កាប់វិញ។
លោកស្រី ណាំង ថុល ថ្លែងថា គាត់ធ្លាប់សហការជាមួយបងប្រុសឈ្មោះ កែវ ពុទ្ធា ស្តាប្រឡាយចាស់បន្សល់ពីខ្មែរក្រហម ក្នុងភូមិនេះ ដើម្បីយកទឹកប្រើប្រាស់ក្នុងរបរកសិកម្មរបស់គ្រួសារគាត់ និងចែកដល់ពលរដ្ឋមានស្រែជាប់គ្នានោះបានប្រើប្រាស់ផង។
ស្រាប់តែកាលពីខែឧសភា និងមិថុនា មេភូមិ មេឃុំ និងចៅហ្វាយស្រុក ប្រគល់ប្រឡាយនោះឲ្យលោក ញៀន វណ្ណថន មកជីកស្តាប្រឡាយនោះ ហើយកាន់កាប់ជាសម្បត្តិឯកជន ទើបពួកគាត់មិនសុខចិត្ត លើកគ្នាមកឲ្យអាជ្ញាធរមូលដ្ឋាន ជួយដោះស្រាយ៖ «គេរំលោភយកដីខ្ញុំហើយ មករំលោភយក ទ បងខ្ញុំ។ ខែ៥នេះ ២០១២ គេមករំលោភយក ទ បងខ្ញុំ គេអាងធនធានទឹក គេអាងមេទាហាន គេមករំលោភយក ទ បងខ្ញុំនេះ»។
លោក កែវ ពុទ្ធា ថ្លែងថា ប្រឡាយគាត់សុំមេភូមិកាយ និងស្តាយកទឹកបម្រើពលរដ្ឋជាង ១០ឆ្នាំហើយ ទើបតែនៅខែឧសភា លោក ញៀន វណ្ណថន មកសុំកាយប្រឡាយនោះជាថ្មី ហើយមានបំណងធ្វើអាជីវកម្មលក់ទឹកឲ្យអ្នកភូមិដែលមានស្រែក្បែរប្រឡាយនោះ៖ «មិនឲ្យជីកឆ្លង ទ របស់ខ្ញុំ ព្រោះអី ទ របស់ខ្ញុំវាធ្លាប់បានកាន់កាប់ហើយ បើថាខ្វះទឹក ខ្ញុំអ្នកធានាខុសត្រូវ។ ឥឡូវគេជីកកាត់ពីលើរបស់ខ្ញុំ។ ពេលកាយហ្នឹង ក៏ខ្ញុំទៅឃាត់ដែរ។ ខ្ញុំឃាត់ ក៏គេមិនស្តាប់ មានគេអ្នកមានសិទ្ធធំៗនោះ គេអ្នកចេះតែរុញទៅឲ្យកាយៗ ហើយខ្ញុំទៅឃាត់តែដៃទទេ។ គេលួចជីកយប់ជីកអីរហូត ឃាត់ពេលថ្ងៃ គេជីកយប់ ហើយអាអិចខ្មែរឃាត់ឈប់ទៅ អាអិចយួនចូលមកម្តង»។
កសិករម្នាក់ទៀតឈ្មោះ ណុំ សាម៉ី ថ្លែងថា អ្នកកាយប្រឡាយថ្មីនោះ បានមកសុំប្រមូលប្រាក់ពីអ្នកមានដីស្រែក្បែរប្រឡាយ ក្នុង១គ្រួសារ ៣០ម៉ឺនរៀល ហើយគេនឹងលក់ទឹកក្នុងដី១ហិកតារ គេនឹងយកស្រូវ ១៥០គីឡូក្រាម។ ពួកគាត់ជំទាស់ ព្រោះប្រឡាយជាសម្បត្តិរួម មិនត្រូវប្រគល់ឲ្យឯកជនកាន់កាប់ឡើយ។ អ្នកភូមិសុំឲ្យអាជ្ញាធរ ឃុំ ស្រុក ខេត្ត រក្សាទុកប្រឡាយនេះ ជាសម្បត្តិរដ្ឋ ទើបប្រជាពលរដ្ឋបញ្ឈប់ការតវ៉ា។
មេភូមិចំបក់ឯម លោក ណុប អឺយ បំភ្លឺថា គាត់ដឹងថាប្រឡាយនេះ មានគ្រួសារលោក កែវ ពុទ្ធា បានស្តា និងចែកចាយទឹកឲ្យពលរដ្ឋក្នុងឃុំប្រើស្រោចស្រូវជាង ១០ឆ្នាំមកហើយ។ ប៉ុន្តែថ្មីៗនេះ មានមន្ត្រីធនធានទឹក និងយោធាផង យកស្នាមមេដៃប្រជាពលរដ្ឋសុំស្តាប្រឡាយ និងកាយពង្រីកមាត់ប្រឡាយ ពីតូចទៅដល់៥ម៉ែត្រ ដើម្បីយកទឹកទៅដល់ស្រែឆ្ងាយទៀត ប្រមាណ ១ពាន់ម៉ែត្រ។ ទើបគាត់ចុះហត្ថលេខាព្រមឲ្យស្តា ដោយស្មានថាមានការឯកភាពពីលោក កែវ ពុទ្ធា ដែលបានកាន់កាប់ទឹកប្រឡាយយូរឆ្នាំមកនោះ៖ «ក្នុងការជីកនោះ ទោះបីមានអ្នកជំទាស់យ៉ាងម៉េច ក៏មានមន្ត្រីខាងថ្នាក់ស្រុក ហើយនិងមន្ត្រីខាងបញ្ជាការយោធាស្រុក ទៅគាំទ្រពីក្រោយខ្នង ឈ្មោះ ញៀន វណ្ណថន ហ្នឹង»។
មេឃុំរមេញ មិនទាន់ចូលកាន់តំណែងថ្មី លោក ម៉ៅ ញន ថ្លែងថា បញ្ហាស្តាប្រឡាយនេះ អាជ្ញាធរមិនបានឃើញពាក្យសុំរបស់លោក កែវ ពុទ្ធា ដាក់សុំស្តាទេ ដូច្នេះអាជ្ញាធរក៏សម្រេចឲ្យទៅលោក ញៀន វណ្ណថន ជាអ្នកស្តា ព្រោះគេបានដាក់ពាក្យសុំត្រឹមត្រូវ។
លោកបន្តថា អាជ្ញាធរឃុំបានសម្រុះសម្រួលរឿងនេះ តាំងពីមុនបោះឆ្នោត តែការពិភាក្សារវាងអាជ្ញាធរ និងពលរដ្ឋមិនត្រូវគ្នា។ រឿងនេះក៏បានបញ្ជូនទៅអាជ្ញាធរស្រុកកោះអណ្ដែត ដោះស្រាយ៖ «ឃុំមិនមានសិទ្ធអីសម្រេចថា អ្នកម្ខាងនេះឈ្នះ អ្នកម្ខាងនោះចាញ់នោះ គឺអត់ទេ។ ឃុំគ្រាន់តែថា យើងដឹងរឿងនេះហើយធ្វើវិធីសម្រុះសម្រួលឲ្យមានការឯកភាពគ្នា»។
វិទ្យុអាស៊ីសេរី ពុំទាន់អាចទាក់ទងលោក ញៀន វណ្ណថន ដើម្បីជំរាបសួរពាក់ព័ន្ធនឹងជម្លោះកាន់កាប់ប្រឡាយទឹកនោះបានទេ នៅថ្ងៃអង្គារ ទី៣ ខែកក្កដា។ ប៉ុន្តែ អភិបាលរងស្រុកកោះអណ្ដែត អ្នកស្រី ស៊ីវ លឺត ថ្លែងថា អាជ្ញាធរកំពុងតែសម្របសម្រួលបញ្ហានេះ ចំពោះលទ្ធផលយ៉ាងណានោះ នឹងសម្រេចនៅក្នុងចុងសប្ដាហ៍នេះ។ អ្នកស្រីបន្ថែមថា ពលរដ្ឋដែលប្រើប្រាស់ទឹកប្រឡាយនោះ មានប្រមាណជាង ៤០គ្រួសារ៕
No comments:
Post a Comment
yes