ដោយ ទេព សុរ៉ាវី
ប្រជាពលរដ្ឋជាង ១០០នាក់ នៅឃុំតាំងសំរោង ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាំគ្នាឈរតវ៉ានៅមុខតុលាការខេត្ត នៅថ្ងៃទី៣ ខែកក្កដា ទាមទារសុំឲ្យតុលាការដោះលែងតំណាងអ្នកភូមិម្នាក់ឲ្យមានសេរីភាពឡើងវិញ បន្ទាប់ពីជាប់ឃុំពីបទក្លែងលិខិតស្នាមក្នុងរឿងទំនាស់ដីធ្លី។
អ្នកភូមិម្នាក់ដែលឈរតវ៉ានៅខាងមុខតុលាការខេត្តកំពង់ស្ពឺ លោក សិន ធីន ឲ្យដឹងថា លោក ប៊ូ គីម អាយុ ៥២ឆ្នាំ ជាតំណាងអ្នកភូមិក្រីក្រចំនួន ៧៦គ្រួសារ នៅភូមិស្តុកជ្រៃ ក្នុងឃុំតាំងសំរោង ត្រូវបានតុលាការចេញដីកាកោះហៅឲ្យចូលបំភ្លឺនៅតុលាការកាលពីថ្ងៃទី២ ខែកក្កដា កន្លងទៅពីបទក្លែងលិខិត (ក្លែងស្នាមមេដៃ) ទាមទារដី និងត្រូវតុលាការសម្រេចឃុំខ្លួនភ្លាមៗក្នុងពន្ធនាគារនៅថ្ងៃដដែល។
លោកបន្តថា អ្នកភូមិក្រីក្រចំនួន ៧៦គ្រួសារ បានទទួលដីសម្បទានសង្គមកិច្ចពីរដ្ឋាភិបាល ក្នុងមួយគ្រួសារទំហំ ៣០ គុណ ៤០ម៉ែត្រ និងដីចំការចំនួន ១ហិកតារ តាំងពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១១ ហើយគ្មានហេតុផលអ្វីដែលលោក ប៊ូ គីម តំណាងអ្នកភូមិទៅក្លែងលិខិតស្នាមដើម្បីទាមទារសុំដីទៀតនោះទេ។
លោកថា មូលហេតុដែលអ្នកភូមិឈរតវ៉ានៅមុខតុលាការខេត្តកំពង់ស្ពឺនោះ គឺដើម្បីស្នើសុំឲ្យតុលាការដោះលែងតំណាងរបស់ខ្លួនឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន និងឲ្យតុលាការធ្វើការស៊ើបអង្កេតករណីនេះឲ្យបានច្បាស់លាស់ ព្រោះវាអាចជាការមួលបង្កាច់ខុសពីការពិត។
លោក សិន ធីន៖ «ពីមុនមកដែលខ្ញុំមិនដែលស្គាល់គាត់ហ្នឹង ខ្ញុំអត់ដឹងទេលោកស្រី តែដល់ត្រឹមខ្ញុំស្គាល់គាត់មក គឺគាត់មិនដែលទៅធ្វើទុក្ខបុកម្នេញជាមួយអ្នកណាទេ។ មកហ្នឹងគឺចង់ដឹងពីមូលហេតុ ហើយចង់ឲ្យតុលាការដោះលែងគាត់នៅក្រៅឃុំ ហើយបើរឿងយ៉ាងម៉េចៗ ផ្ទៃក្នុងរបស់តុលាការគេចាត់ការតាមនីតិវិធីយ៉ាងម៉េចខ្ញុំអត់ដឹងដែរ»។
អ្នកស្រី ពៅ ធឿន ប្រពន្ធលោក ប៊ូ គីម ដែលជាប់ឃុំក្នុងពន្ធនាគារ ឲ្យដឹងថា ប្តីរបស់គាត់មិនបានក្លែងលិខិតស្នាមអ្វីទាមទារយកដីដូចការចោទប្រកាន់របស់តុលាការនោះឡើយ។ អ្នកស្រីថា ការចោទប្រកាន់របស់តុលាការជារឿងមិនពិត និងស្នើសុំឲ្យតុលាការដោះលែងប្តីរបស់គាត់ឲ្យមានសេរីភាពឡើងវិញ៖«គេចោទអ៊ីចឹង ឥឡូវប្រជាជនកំពុងមិនសុខចិត្តឲ្យសុំដោះលែងគាត់ទៅវិញ ព្រោះអីចាប់ គាត់មិនពិតប្រាកដ»។
ព្រះរាជអាជ្ញាតុលាការខេត្តកំពង់ស្ពឺ លោក កែវ សុធា បដិសេធមិនធ្វើការអត្ថាធិប្បាយជុំវិញសំណើទាមទាររបស់អ្នកភូមិទេ នៅថ្ងៃទី៣ ខែកក្កដា ដោយប្រាប់ថា ជាប់រវល់។
វិទ្យុអាស៊ីសេរី ក៏មិនអាចសុំការបំភ្លឺពីលោក អ៊ីវ បូរិន្ទ ចៅក្រមតុលាការខេត្តបានដែរ ដោយលោកមិនទទួលទូរស័ព្ទ។
អ្នកស៊ើបអង្កេតសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តកំពង់ស្ពឺ លោក រ័ត្ន ថាវី ឲ្យដឹងថា ករណីនេះលោកមិនទាន់បានស៊ើបអង្កេតច្បាស់លាស់នៅឡើយទេ។ តែតាមការស៊ើបអង្កេតបឋមដែលគាត់ទទួលបានពីខាងតុលាការ ជនជាប់ចោទឈ្មោះ ប៊ូ គីម បានក្លែងស្នាមមេដៃអ្នកភូមិម្នាក់នៅភូមិចេក ឃុំអូរ ទាមទារដីដែលមានអ្នកភូមិចំនួន ៦៣គ្រួសារចូលរួម ហើយលិខិតទាមទារនោះកំពុងស្ថិតក្នុងខុទ្ទកាល័យនាយករដ្ឋមន្ត្រី។
ព័ត៌មានចុងក្រោយឲ្យដឹងថា រហូតដល់រសៀលម៉ោង ៤ ថ្ងៃទី៣ ខែកក្កដា តុលាការនៅមិនទាន់ផ្ដល់ចំលើយណាមួយចំពោះសំណើសុំរបស់អ្នកភូមិនោះទេ។ អ្នកភូមិជាង ១០០នាក់ក៏នៅតែបន្តឈរតវ៉ានៅខាងមុខតុលាការដដែល ហើយពួកគាត់ប្រកាន់ជំហរថា នឹងតវ៉ាបែបនេះរហូតទាល់តែមានការដោះលែងតំណាងរបស់ខ្លួន។
តាមមាត្រា ៦២៨ នៃក្រមព្រហ្មទណ្ឌថ្មីចែងថា ការប្រើប្រាស់លិខិតក្លែង ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ៦លានរៀល៕
No comments:
Post a Comment
yes