ជនជាតិភាគតិចទំពួន សម្ដែងរបាំប្រពៃណីរបស់ខ្លួននៅក្នុងខេត្តរតនគិរីកាលពីឆ្នាំទៅ
ការផ្តល់អំណាច ដល់ជនជាតិដើមភាគតិច ក្នុងឃុំប៊ូស្រា ខេត្តមណ្ឌលគិរី គឺមានតែភាពក្លាហាន និងសាមគ្គីភាព ជាមួយនឹងសហគមន៍ពួកគេ ដែលបានដើរដង្ហែគ្នា ទៅក្រុមហ៊ុនឯកជន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ច សម្រាប់អភិវឌ្ឍចម្ការកៅស៊ូ នៅលើដីប្រពៃណីរបស់ពួកគេ។
ប្រឈមនឹងមន្រ្តីរបស់ក្រុមហ៊ុន សំឡេងរួមគ្នា បានធ្វើការទាមទារច្បាស់លាស់ ដល់ក្រុមហ៊ុន៖«យើងមកទីនេះ ដើម្បីយកដីរបស់យើងមកវិញ។ អ្នកយកភាពក្រីក្ររបស់ពួកយើង ទៅធ្វើអាជីវកម្ម ប៉ុន្តែអ្នក កំពុងយកដីដែលជាកម្មសិទ្ធិរបស់ពួកយើង»។
ការអំពាវនាវឲ្យមានការផ្លាស់ប្តូរ របស់សហគមន៍ព្នងនេះ គឺជាចលនា កាន់តែខ្លាំងឡើង នៅទូទាំងពិភពលោក របស់ជនជាតិដើម ដែលឥឡូវនេះ កាន់តែយល់ដឹងអំពីសិទិ្ធរបស់ពួកគេ ក្នុងការថែរក្សាវប្បធម៌ ដីធ្លី ភាសា និងសាសនា។ ព្រឹត្តិការណ៍នេះគឺផ្អែកលើការតស៊ូយូរអង្វែង ដើម្បីការទទួលស្គាល់សិទិ្ធរបស់ជនជាតិដើម ដែលឈានដល់ការអនុម័តកាលពី ៥ ឆ្នាំមុននូវសេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីពីសិទិ្ធរបស់ ជនជាតិដើម។
សេចក្តីប្រកាស ដែលរដ្ឋជាសមាជិក ១៤៣ នាក់ បានបោះឆ្នោតកាលពីឆ្នាំ ២០០៧ (រាប់បញ្ចូលទាំងប្រទេសកម្ពុជាផងដែរនោះ) គឺជាជោគជ័យនៃការខិតខំតស៊ូមតិរយៈពេលជាច្រើនទសវត្សរ៍ដើម្បីសិទិ្ធរបស់ជនជាតិដើម ហើយបានដាក់ចេញយ៉ាងច្បាស់នូវសិទិ្ធដីធ្លី វប្បធម៌ការចិញ្ចឹមជីវិត និងការពិគ្រោះយោបល់ ក្នុងចំណោមបញ្ហាដទៃទៀត។
ជាមួយនឹងការទទួលស្គាល់ទូទាំងពិភពលោក នូវសិទិ្ធនេះ សហគមន៍ជនជាតិដើម បានសម្រេចសមិទ្ធផលគួរឲ្យកត់សម្គាល់ ក្នុងការកំណត់ រៀបចំ អប់រំ និងយកផលប្រយោជន៍របស់ពួកគេ ដាក់លើរបៀបវារៈដោយជោគជ័យ ក្នុងការទាមទារសិទិ្ធរបស់ពួកគេ។ ជាឧទាហរណ៍ដូចសកម្មភាពរបស់ជនជាតិដើម ក្នុងឃុំប៊ូស្រា សហគមន៍ដែលកំពុងដើរល្បាតនៅព្រៃឡង់ និងជោគជ័យរបស់ជនជាតិសួយ ក្នុងការទទួលបានដីព្រៃអភិរក្ស ៣ ពាន់ហិកតា ក្នុងខេត្តកំពង់ស្ពឺ គឺកម្ពុជា មិនមែនជាប្រទេសលើកលែងចំពោះនិន្នាការនេះនោះទេ។
ជាមួយនឹងជនជាតិដើមជាង ១០ ម៉ឺននាក់នៅទូទាំង ១៥ ខេត្ត មាន២៤ក្រុមផ្សេងៗគ្នា ព្រះរាជាណាចក្រកម្ពុជា មានក្រុមជនជាតិដើមសម្បូរបែបមួយ។ ដូចជនជាតិដើមនៅជុំវិញពិភពលោកដែរ ទំនាក់ទំនងរបស់សហគមន៍កម្ពុជា ទៅនឹងដីប្រពៃណីជាអត្តសញ្ញាណរបស់ជនជាតិដើម។
ការការពារដីដូនតា ចាក់ឫសក្នុងការគោរពធម្មជាតិ និងការពឹងផ្អែកលើធនធានដី សម្រាប់ជីវិតរបស់ជនជាតិដើម។ មាត្រា ១០ នៃសេចក្តីប្រកាស របស់អង្គការសហប្រជាជាតិ ហាមឃាត់ការបណ្តេញជនជាតិដើមដោយបង្ខំពីដី និងទឹកដីរបស់ពួកគេ ហើយរារាំងការរើទីលំនៅ ដោយគ្មានការយល់ព្រមជាមុនពីពួកគេ។
នៅប្រទេសកម្ពុជា សព្វថ្ងៃនេះ ដូចនៅប្រទេសដទៃជាច្រើនទៀតផងដែរ សហគមន៍ជនជាតិដើមទទួលរងផលប៉ះពាល់ ដោយសារជម្លោះដីធ្លីរ៉ាំរ៉ៃ និងទូទៅ។ ជម្លោះដីធ្លីទាំងនេះ គំរាមកំហែងបណ្តេញជនជាតិដើម និងធ្វើឲ្យការចិញ្ចឹមជីវិតរបស់ពួកគេស្ថិតក្នុងហានិភ័យ។ ជម្លោះទាំងនេះ ក៏អាចបង្ហាញនូវការមិនគោរពចំពោះបេតិកភណ្ឌវប្បធម៌ សាសនា និងជំនឿអារក្ខអ្នកតារបស់ជនជាតិ ហើយអាចធ្វើឲ្យបាត់បង់ភាពចម្រុះ នៃជាតិពន្ធផងដែរ។
ក្នុងជម្លោះដីធ្លី ៦៣ ករណី ដែលស្នើសុំជំនួយពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទិ្ធមនុស្ស កាលពីឆ្នាំមុន ២០ភាគរយទាក់ទងនឹងដីជនជាតិដើម បើទោះបីសហគមន៍ជនជាតិដើមមានតែ ១ភាគរយនៃប្រជាជនកម្ពុជាក៏ដោយ។ ទោះជាយ៉ាងណា ក្របខ័ណ្ឌច្បាប់ ដើម្បីការពារដីរបស់ជនជាតិដើម ដែលបានអនុម័តដោយរាជរដ្ឋាភិបាល ត្រូវបានរៀបចំឡើងយ៉ាងល្អ។ បើប្រៀបធៀបនឹងប្រទេសដទៃទៀត ជនជាតិដើមនៅកម្ពុជា មាននីតិវិធីច្បាស់លាស់ ដែលអនុញ្ញាតឲ្យពួកគេត្រូវបានទទួលស្គាល់ជាសហគមន៍ជនជាតិដើម ចុះបញ្ជីជានីតិបុគ្គល និងទាមទារកម្មសិទិ្ធសហគមន៍លើដីប្រពៃណី។
ប័ណ្ណកម្មសិទិ្ធសហគមន៍ជាវិធីរឹងមាំ ទប់ទល់នឹងការចាប់យកដីធ្លីរបស់សហគមន៍។ ព្រមជាមួយនឹងគម្រោងដែលឧបត្ថម្ភដោយម្ចាស់ជំនួយដទៃទៀតជា ច្រើន ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទិ្ធមនុស្ស ព្រមជាមួយនឹងរដ្ឋាភិបាល អង្គការពលកម្មអន្តរជាតិ និងសង្គមស៊ីវិល កំពុងជួយសហគមន៍ព្នងចំនួន ៧ ក្នុងឃុំប៊ូស្រាខេត្តមណ្ឌលគិរី និងសហគមន៍សួយចំនួន ៥ ក្នុងខេត្តកំពង់ស្ពឺក្នុងនីតិវិធីនេះ។ បទពិសោធបង្ហាញថា នីតិវិធីនេះ ក៏ជួយអប់រំ សហគមន៍ជនជាតិដើម អំពីសិទិ្ធរបស់ពួកគេ ពង្រឹងការបង្រួបបង្រួម និងលើកស្ទួយសាមគ្គីភាព ជាមួយនឹងសហគមន៍ដទៃទៀត ដែលដីរបស់ពួកគេ ត្រូវបានគំរាមកំហែងដោយការចាប់យកដីធ្លីក្នុងទម្រង់ផ្សេងៗ។ ការរៀបចំសហគមន៍ ជនជាតិដើម ដើម្បីទាមទារសិទិ្ធរបស់ពួកគេត្រូវបានគាំទ្រក្នុងប្រទេសជា ច្រើននៅលើពិភពលោក ដោយសារការរីកចម្រើន នៃប្រព័ន្ធផ្សព្វផ្សាយរបស់ជនជាតិដើម ជាពិសេស វិទ្យុ និងល្ខោន។
ប្រព័ន្ធផ្សព្វផ្សាយ របស់ជនជាតិដើម ដែលជាប្រធានបទនៃទិវាអន្តរជាតិ ឆ្នាំនេះ អាចជាឧបករណ៍មានអំណាចមួយ ក្នុងការទាមទារការគោរពសិទិ្ធមនុស្ស និងបញ្ជ្រាបសំឡេងរបស់ជនជាតិដើម នៅសហគមន៍ទូទៅ។ ប្រព័ន្ធផ្សព្វផ្សាយ ជាមធ្យោបាយសម្រាប់សហគមន៍ជនជាតិដើមទាក់ទាញចំណាប់អារម្មណ៍ លើការរំលោភសិទិ្ធពួកគេថែមទៀត ជាមធ្យោបាយគូសបញ្ជាក់ ពីឧទាហរណ៍ប្រចាំថ្ងៃនៃជោគជ័យតូចតាចដែលសហគមន៍ជនជាតិដើមទទួល បានក្នុងការការពារសិទិ្ធរបស់ខ្លួន។
ខណៈដែលប្រព័ន្ធផ្សព្វផ្សាយជនជាតិដើមនៅកម្ពុជាស្ថិតក្នុងភាព ក្មេងខ្ចីប្រព័ន្ធផ្សព្វផ្សាយសំខាន់ក៏មានតួនាទីត្រូវបំពេញផងដែរ។ នៅទិវាអន្តរជាតិឆ្នាំនេះ លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវ«រដ្ឋសមាជិក និងប្រព័ន្ធផ្សព្វផ្សាយចម្បងៗបង្កើត និងរក្សាឱកាស សម្រាប់ជនជាតិដើមបញ្ចេញទស្សនៈ ជាសេចក្តីប្រាថ្នារបស់ពួកគេ»។ ឱកាសនោះ ត្រូវបានបង្កើតឡើង ដោយរាជរដ្ឋាភិបាល ដែលសហការ ជាមួយនឹងអង្គការ UNESCO ផ្តល់ការផ្សព្វផ្សាយតាមវិទ្យុ ក្នុងខេត្តរតនគិរី ជាភាសាជនជាតិដើមគ្រឿង ទំពូន ព្រៅ និងចារ៉ាយ។ គំនិតផ្តួចផ្តើមបន្ថែមទៀតជាពិសេសប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រង និងជារបស់ជនជាតិដើម នឹងបង្កើនសំឡេងជនជាតិនៅកម្ពុជា ក្នុងការទាមទារសិទិ្ធរបស់ពួកគេ៕ TK
No comments:
Post a Comment
yes