សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, August 17, 2012

អ្នក​ព្រៃឡង់​នឹង​ប្តឹង​ពី​បទល្មើស​ព្រៃឈើ

120817_01b
គំនរ​ឈើ​ជាច្រើន​ដែល​បាន​រក​ឃើញ​​នៅ​ក្នុងព្រៃឡង់

កំពង់ធំៈ បន្ទាប់​ពី​ដើរ​ល្បាត​៣​ថ្ងៃ ប្រជា​សហគមន៍​ព្រៃឡង់​ថា នឹង​ដាក់​ពាក្យ​ប្តឹង​ទៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្ត្រី​និង​ស្ថាប័ន នានា​របស់​រដ្ឋាភិបាល សុំ​ឲ្យ​ចាត់​វិធានការ​ប្រឆាំង​នឹង​បទល្មើស​ព្រៃឈើ គឺ​បន្ទាប់​ពី​បាន​រក​ឃើញ​ថា កង​កម្លាំង​ប្រដាប់​អាវុធ និង​ក្រុមហ៊ុន​មួយ​ចំនួន កំពុង​កាប់​រាន​ដី​ព្រៃ​ស្រោង​ក្នុង​តំបន់​ព្រៃ​ឡង់​នេះ។
លោក ឈៀង វុទ្ធី តំណាង​មក​ពី​ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ​បាន​ថ្លែង​ថា បន្ទាប់​ពី​ពួក​គាត់​បាន​ដើរ​ល្បាត​បី​ថ្ងៃ​នេះ​មក ប្រជា​សហគមន៍​បាន​រក​ឃើញ​បទល្មើស​ជាច្រើន ក្នុង​តំបន់​ព្រៃឡង់។  លោក​បន្ត​ថា ​អ្នក​ប្រព្រឹត្ត​គឺ​ជា​មន្ត្រី​ជំនាញ​ មាន​មន្ត្រី​បរិស្ថាន ទាហាន​ ប៉ូលិស​ តំណាង​ក្រុមហ៊ុន​និង​ពួក​អ្នក​មាន​ទ្រព្យ​ធន​មួយ​ចំនួន នៅ​ក្នុង​ស្រុក​សណ្តាន់​។

លោក​បាន​អះអាង​ថា៖ «បន្ទាប់​ពី​សកម្មជន​ព្រៃ​ឈើ លោក ឈុត​ វុទ្ធី​ បាន​ស្លាប់​ទៅ បទ​ល្មើស​ព្រៃឈើ បាន​កើត​ទ្វេ​ដង​នៅ​ក្នុង​តំបន់​ព្រៃឡង់ ដែល​ប្រព្រឹត្ត​ដោយ​មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ»។
លោក​បន្ត​ថា ពលរដ្ឋ​រក​ឃើញ​មាន​ការ​កាប់​រុករាន​ដី​ព្រៃ​ស្រោង​យក​ទៅ​ធ្វើ​ជា​ចម្ការ​ចំនួន​៥​កន្លែង​ ដែល​មួយៗ យ៉ាង​ហោច​ក៏​មាន​ទំហំ​ពី​២០​ទៅ​៣០​ហិកតា​ដែរ​។ ជាមួយ​នោះ ​ឈើ​ធំៗ​ប្រមាណ​៥០០​ម៉ែត្រ​គូប ​ក៏​ត្រូវ​គេ​កាប់​បំផ្លាញ។​ លោក​ថា​៖ «យើង​នឹង​ចង​ក្រង​ឯកសារ​ដាក់​ទៅ​ខុទ្ទកាល័យ​សមេ្តច​នាយក​រដ្ឋ​មន្ត្រី​ និង​តាម​ស្ថាប័ន​រដ្ឋ​នានា​ឲ្យ​អន្តរាគមន៍»។
លោក​ ឈឹម សាវុធ​ អ្នក​សម្រប​សម្រួល​នៃ​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា​ឲ្យ ដឹង​ថា ប្រជា​សហគមន៍​បាន​រក​ឃើញ​បទ​ល្មើស​ជា​ច្រើន​ក្នុង​ព្រៃ​ស្រោង​ដ៏​ធំ​នេះ​ តែ​ពួក​គាត់​ពុំ​បាន​ដុត​បំផ្លាញ​ទេ គឺ​គ្រាន់​តែ​ប្រមូល​វត្ថុ​តាង​ទុក​រាយ​ការណ៍​មក​រដ្ឋាភិបាល​និង​ មន្ត្រី​ជំនាញ​។
លោក​បន្ត​ថា​៖​ «បទល្មើស​ធំៗ​ជា​ច្រើន​ ទើប​តែ​កើត​ឡើង​ក្នុង​ខែ​កក្កដា​និង​ខែ​សីហា​ថ្មីៗ​នេះ ហើយ​អ្នក​ទាំង​នោះ ជា​អាជ្ញាធរ​ក្នុង​ស្រុក​សណ្តាន់​ មាន​មេ​ឃុំ មេប៉ុស្តិ៍​ និង ​ក្រុមហ៊ុន សេង សារ៉ាវុធ ជាដើម ដែល​ពួក​គេ​ត្រូវ​រ៉ូវ​គ្នា»។​
លោក អ៊ួង ម៉ូលី​ អធិការ​នគរបាល​ស្រុក​សណ្តាន់​បាន​បដិសេធ​ការ​ចោទ​ថា​ប៉ូលិស​លោក​ទៅ កាប់​បំផ្លាញ​ព្រៃ​និង​កាប់​រាន​ដី​ព្រៃ​ថា មិន​ពិត​ទេ​។ លោក​ថា៖ «​ខ្ញុំ​គ្មាន​ភារកិច្ច​ខាង​នេះ​ទេ តែ​បើ​មាន​មន្ត្រី​ប៉ូលិស​ណា​ធ្វើ​នោះ វាជា​ភារកិច្ច​របស់​ថ្នាក់​លើ​ត្រូវ​ធ្វើ»។
អភិបាល​រង​ខេត្ត​កំពង់ធំ លោក អ៊ុត សំអន ទទួល​ស្គាល់​ថា មាន​ការ​កាប់​រាន​យក​ដី​ព្រៃ​នៅ​ព្រៃឡង់​នេះ​ ហើយ​ថា ​អាជ្ញាធរ​ក៏​ធ្លាប់​ចាប់​យក​ឈើ​និង​អ្នក​ទៅ​កាប់​រាន​ដី​ព្រៃ​ធ្វើ​ចម្ការ ​មួយ​ចំនួន​កន្លង​មក​។ លោក​បញ្ជាក់​ថា​៖ «​យើង​រង់​ចាំ​ធ្វើ​ការ​សហការ​ជាមួយ​គាត់​ បើ​យើង​ទទួល​បាន​របាយការណ៍​ពេល​ណា​យើង​នឹង​ចាត់​វិធាន​ការ​ភ្លាម»។
ព្រៃឡង់​លាត​សន្ធឹង​លើ​ខេត្ត​បួន​គឺ​ខេត្ត​ព្រះវិហារ ក្រចេះ​ ស្ទឹងត្រែង​និង​កំពង់ធំ មាន​ផ្ទៃ​ដី​ទំហំ​៣៦.០០០​ ម៉ែត្រ​ក្រឡា​ហើយ​មាន​ប្រជា​ពលរដ្ឋ​រស់​អាស្រ័យ​លើ​អនុផល​រាប់​ពាន់​គ្រួសារ៕

No comments:

Post a Comment

yes