មានីល, ហ្វីលីពីន ៖ អតីតឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសហ្វីលីពីន លោក ហូស សេរីធន់ បានចាកចេញពីទីក្រុងម៉ានីល ប្រទេសហ្វីលីពីនហើយកាលពីម្សិលមិញ បន្ទាប់ពីមានការសំរេចចិត្ត ដោះដូរពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោយពីមានការអត្ថាធិប្បាយ ពីបញ្ហាជំលោះសមុទ្រចិនខាងត្បូង ពាក់ព័ន្ឋនឹង ប្រទេសហ្វីលីពីន។
លោក ហូស សេរីធន់ ភរិយា កូនស្រី និងចៅស្រី បានចាកចេញពីប្រទេសហ្វីលីពីន តាមជើងហោះហើរទៅកាន់វៀតណាម កាលពីម្សិលមិញ និងផ្ទេរជើងយន្តហោះ មកកម្ពុជា ដែលជូនដំណើរដោយលោកលេខាទូតទី២ លោក តាន់ ចាន់តារាវុធ។
នៅក្នុងអត្ថបទដែលចុះផ្សាយដោយ The Star លោក ហូស សេរីធន់ បានសរសេរពីប្រទេសហ្វីលីពិន និងវៀតណាម ថាមាននយោបាយដ៏កខ្វក់ទៅលើបញ្ហាជម្លោះសមុទ្រចិនខាងត្បូង។ តំណែងរបស់លោក ត្រូវបានជំនួសដោយ អតីតអ្នកការទូតជើងចាស់ លោកស្រី ទួត បញ្ញា សម្រាប់តំណែងឯកអគ្គរាជទូតថ្មីនេះ។
កាសែតហ្វីលីពិន PhilStar.com បាយរាយការណ៍ថា ជាទូទៅអគ្គរាជទូតកម្ពុជាបំពេញការងារក្នុងរយៈពេល៣ទៅ៤ឆ្នាំ ក្នុងមួយអាណត្តិ តែលោក ហូស សេរីធន់ បានបំពេញការងារតែ រយៈពេលពីរឆ្នាំប៉ុណ្ណោះ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១០។
រដ្ឋលេខាធិការ ក្រសួងការបរទេសហ្វីលិពីន លោក Albert del Rosario បាននិយាយថា ក្រសួងការបរទេសកម្ពុជា បានជម្រាបជូន ក្រសួងការបរទេសហ្វីលិពីន ចំពោះការផ្លាស់ប្តូរឯកអគ្គរាជទូត ប៉ុន្តែមិនបានជម្រាបពីមូលហេតុ ច្បាស់លាស់ណាមួយតាមរយៈកំណត់ទូតទេ។
ពាក់ព័ន្ធនឹងបញ្ហានេះ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង ធ្លាប់បានបកស្រាយប្រាប់ ប្រព័ន្ធសារព័ត៌មានរួចមកហើយថា ការផ្លាស់ប្តូរឯកអគ្គរាជទូតកម្ពុជានេះ គឺមិនពាក់ព័ន្ធនឹងករណីល្អក់កករគ្នា រវាងប្រទេសកម្ពុជា និងហ្វីលីពីន ក្នុងរឿងជម្លោះសមុទ្រចិន ខាងត្បូងនោះទេ ការដោះដូរ នេះ ធ្វើឡើងជាលក្ខណៈទម្លាប់ជាធម្មតា របស់ការងារការទូតប៉ុណ្ណោះ។ ចំណែកការប៉ះទង្គិចគ្នាបន្តិចបន្តួចនេះ ទាំងកម្ពុជា និងហ្វីលីពីន ក៏បានបញ្ជាក់រួច មកហើយថា ទំនាក់ទំនង នៃប្រទេសទាំងពីរនៅតែដដែល៕
No comments:
Post a Comment
yes