សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, August 17, 2012

មូលហេតុ​ដែល​ខ្វះខាត​គ្រូពេទ្យ​នៅ​តាម​ជនបទ


ភាព​ក្រីក្រ និង​ភាព​ខ្សត់​ខ្សោយ​នៃ​ការ​ផ្ដល់​សេវា​សុខភាព​នៅ​ជន​បទ បាន​បង្ខំ​ឲ្យ​ប្រជាជន​ប្រើប្រាស់​សេវា​ថែទាំ​សុខភាព​មិន​ផ្លូវ​ការ។ កត្តា​ទាំង​នោះ​បាន​បង្ហាញ​ថា ភាព​ក្រីក្រ និង​ការ​ចំណាយ​លើ​សុខភាព​របស់​ប្រជាជន​ទូទៅ មាន​ទំនាក់​ទំនង​គ្នា។
ហើយ​ប្រទេស​កម្ពុជា មាន​ប្រជាជន​ប្រមាណ​៣០% គ្មាន​លទ្ធភាព​បង់​ថ្លៃ​សេវា​ថែទាំ​សុខភាព​ឡើយ។ របាយការណ៍​របស់​ក្រសួង​សុខាភិបាល​បាន​បង្ហាញ​ថា កត្តា​ប្រាក់​បៀវត្សរ៍​តិចតួច និង​ឧបសគ្គ​មិន​មែន​ហិរញ្ញវត្ថុ ជា​កត្តា​រាំង​ស្ទះ​ដ៏​សំខាន់​ដល់​ការ​មិន​លើក​ទឹក​ចិត្ត​ដល់​បុគ្គលិក​សុខាភិបាល ទៅ​ធ្វើ​ការ​នៅ​ទី​ជនបទ។
បន្ទាប់​ពី​សង្គ្រាម​បាន​បញ្ចប់ ប្រព័ន្ធ​សុខាភិបាល​ត្រូវ​បាន​ស្ដារ​ឡើង​វិញ ដោយ​មាន​ទំនួល​ខុស​ត្រូវ​របស់​ក្រសួង​សុខាភិបាល និង​ក្រោម​ជំនួយ​បច្ចេកទេស និង​ហិរញ្ញវត្ថុ​របស់​ដៃគូ​អភិវឌ្ឍ។ នៅ​ប្រទេស​កម្ពុជា ដង់ស៊ីតេ​គ្រូពេទ្យ​ពិនិត្យ និង​ព្យាបាល​ជំងឺ មាន​ទាប​នៅ​ឡើយ មាន​ន័យ​ថា មាន​គ្រូពេទ្យ​តែ​ម្នាក់​សម្រាប់​ប្រជាជន​មួយ​ពាន់​នាក់។ លើស​ពី​នេះ របាយ​បុគ្គលិក​សុខាភិបាល​មិន​ទាន់​មាន​តុល្យភាព​នៅ​ឡើយ រវាង​ជនបទ និង​ទីក្រុង។

ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា នៅ​ប្រទេស​កម្ពុជា គួរ​តែ​មាន​ការ​ស្រាវជ្រាវ​ជា​បន្ទាន់​មួយ ដើម្បី​កសាង​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព សម្រាប់​ពន្លឿន​វិស័យ​ថែទាំ​សុខភាព​សាធារណៈ នៅ​តាម​តំបន់​ជនបទ ជា​ពិសេស​ទាក់​ទង​នឹង​ហិរញ្ញប្បទាន​ផ្អែក​លើ​ការ​អនុវត្ត​មូលនិធិ​សមធម៌ សុខភាព និង​ផ្នែក​ផ្សេងៗ​នៃ​ការ​ផ្ដល់​សេវា​ថែទាំ​សុខភាព។
បុគ្គលិក​សាធារណៈ​សុខាភិបាល​បាន​កើន​ឡើង​៩% នៅ​ចន្លោះ​ឆ្នាំ​២០០៤ និង​២០០៨ ប៉ុន្តែ​អត្រា​បុគ្គលិក​សុខាភិបាល​មាន​លក្ខណៈ​ខុស​ប្លែក​ទៅ​តាម​ក្រុម​បុគ្គលិក ដោយ​ក្រុម​ពេទ្យ​ឆ្មប​បឋម បាន​កើន​ឡើង​៣៩% ក្រុម​ពេទ្យ​ឆ្មប​មធ្យម​កើន​១៥% ជំនួយ​ការ​វេជ្ជសាស្ត្រ​បាន​ថយ​ចុះ​៦%។ ចំនួន​បុគ្គលិក​សុខាភិបាល​សរុប បាន​កើន​ឡើង​ពិត​មែន ប៉ុន្តែ​មាន​បញ្ហា​ជា​ច្រើន​ចោទ​លើ​ការ​បែង​ចែក​បុគ្គលិក​ទាំង​នោះ។ តាម​ការ​ប៉ាន់ស្មាន មាន​វេជ្ជបណ្ឌិត​ប្រហែល​៥៤% មក​ផ្ដុំ​គ្នា​នៅ​ទីក្រុង​ភ្នំពេញ។
ប្រទេស​កម្ពុជា មាន​ការ​លំបាក​ក្នុង​ការ​បែង​ចែក និង​រក្សា​វេជ្ជបណ្ឌិត គិលានុបដ្ឋាក និង​ពេទ្យ​ឆ្មប នៅ​តំបន់​ដាច់​ស្រយាល ដោយ​សារ​មក​ពី​បញ្ហា​ខ្សត់​ខ្សោយ​ផ្នែក​ហិរញ្ញវត្ថុ និង​កត្តា​មិន​មែន​ហិរញ្ញវត្ថុ ទាក់​ទង​នឹង​ការងារ​នៅ​ជនបទ បញ្ហា​កន្លែង​ស្នាក់​នៅ និង​គ្រឿង​សម្រួល សម្រាប់​ក្រុម​គ្រួសារ​របស់​បុគ្គលិក​សុខាភិបាល​ជា​ដើម។
ទោះ​បី​ក្រសួង​សុខាភិបាល បាន​ព្យាយាម​ដោះ​ស្រាយ និង​បែង​ចែក​ធនធាន​មនុស្ស​ក្ដី ក៏​បុគ្គលិក​ផ្នែក​សុខាភិបាល​ក៏​នៅ​មិន​ទាន់​មាន​តុល្យភាព​នៅ​ឡើយ រវាង​ទីក្រុង និង​ជនបទ។
រដ្ឋលេខាធិការ​នៃ​ក្រសួង​សុខាភិបាល លោក ហេង តាយគ្រី មាន​ប្រសាសន៍​ថា ផល​ប្រយោជន៍​សេដ្ឋកិច្ច បាន​ធ្វើ​ឲ្យ​បណ្ដា​គ្រូពេទ្យ​តែង​តែ​មាន​បំណង​បំពេញ​ការងារ​នៅ​ទីប្រជុំ​ជន៖ «ធម្មតា​វា​អ៊ីចឹង​ហើយ កន្លែង​ណា​ដែល​រស់​នៅ​ស្រួល​គេ​នៅ​ហើយ។ គោល​នយោបាយ​របស់​រដ្ឋាភិបាល គេ​ខិត​ខំ​ធ្វើ​មក​តាំង​ពី​៧៩​មក ប្រាក់​ខែ​ដូច​តែ​គ្នា។ កន្លែង​ណា​គេ​រស់​នៅ​ស្រួល គេ​រស់​ហើយ»
បញ្ជាក់​បន្ថែម​ពី​បញ្ហា​នេះ របាយការណ៍ CDRI បាន​បង្ហាញ​ថា វិស័យ​ថែទាំ​សុខភាព​ឯកជន​ដើម្បី​រក​ប្រាក់​ចំណេញ​បាន​រីក​ដុះ​ដាល​យ៉ាង​ខ្លាំង នៅ​រយៈពេល​ចុង​ក្រោយ​នេះ។ នៅ​ទូទាំង​ប្រទេស​កម្ពុជា មាន​គ្លីនិក​ជាង​២.៤០០​កន្លែង ដែល​មិន​មាន​គ្រែ​សម្រាប់​អ្នក​ជំងឺ​ស្នាក់​នៅ និង​ជិត​៣០០​កន្លែង​ដែល​មាន​គ្រែ​សម្រាប់​អ្នក​ជំងឺ ហើយ​គ្លីនិក​ទាំង​នោះ​គ្រប​ដណ្ដប់​តែ​ជាង​៩% នៃ​ចំនួន​ប្រជាជន​សរុប​ប៉ុណ្ណោះ។
មាន​ការ​អះអាង​ជា​ទូទៅ​ថា បើ​សិន​ជា​គ្មាន​បែប​បទ​ផ្ដល់​គ្រឿង​លើក​ទឹក​ចិត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ​ទេ និន្នាការ​នៃ​ចំនួន​គ្រូ​ពេទ្យ​ដែល​មាន​បំណង​ទៅ​ធ្វើ​ការ​នៅ​ទី​ជន​បទ នឹង​មាន​ចំនួន​តិច។ មូល​ហេតុ​នេះ គ្រួសារ​ក្រីក្រ​ដែល​គ្មាន​លទ្ធភាព​បង់​ថ្លៃ​ព្យាបាល​ជំងឺ រួម​ទាំង​សេវា​ថែ​ទាំ​សុខភាព​របស់​ក្រសួង​សុខាភិបាល​មាន​កម្រិត ពួក​គេ​ក៏​សម្រេច​ចិត្ត​ស្វែង​រក​ការ​ព្យាបាល​ដោយ​គ្រួ​ពេទ្យ​បុរាណ ឬ​ក៏​ទៅ​អ្នក​ផ្ដល់​សេវា​សុខភាព​ឯកជន ដែល​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ដែល​​​​ពួក​គាត់​ទាំង​នោះ​មាន​គ្រោះថ្នាក់​ជា​រឿយៗ។
តាម​ការ​អង្កេត​របស់​លោក​វេជ្ជបណ្ឌិត ឡោ វណ្ណថារី ឃើញ​ថា នៅ​តាម​ការិយាល័យ​សុខភាព​នៅ​តាម​ជនបទ គឺ​ភាគ​ច្រើន​មិន​មាន​វិជ្ជាជីវៈ​ជា​ពេទ្យ ហើយ​បាន​បង្ក​ជា​បញ្ហា​គ្រោះ​ថ្នាក់​ផ្សេង៖ «ដោយ​សារ​គុណភាព សេវា​ពេទ្យ​ឯកជន អត់​មាន​វិជ្ជាជីវៈ​ជា​ពេទ្យ​ទេ។ គាត់​មិន​មាន​វិជ្ជាជីវៈ​ជា​ឆ្មប​ទេ គាត់​ជា​ឆ្មប​បុរាណ ហើយ​គាត់​ធ្វើ ធ្វើ​ទៅ​វា​គ្រោះ​ថ្នាក់។ វា​ជា​រឿង​មួយ​ពិបាក ហើយ​បើ​យើង​រឹតត្បិត​មិន​ឲ្យ​សេវា​ឯកជន​ហ្នឹង​ធ្វើ យើង​អត់​អាច​ពង្រីក​សេវា​រដ្ឋ​ទៅ​ដល់​ហ្នឹង»
លោក​វេជ្ជបណ្ឌិត ឡោ វណ្ណថារី មាន​ប្រសាសន៍​ថា កង្វះ​គ្រឿង​លើក​ទឹក​ចិត្ត​ដល់​គ្រូពេទ្យ​ជា​បញ្ហា​សំខាន់​ដែល​នាំ​ឲ្យ​មាន​ចំនួន​គ្រូ​ពេទ្យ​នៅ​ជនបទ​មាន​តិច​តួច។
របាយការណ៍​របស់​ក្រសួង​សុខាភិបាល បាន​បង្ហាញ​ថា ការ​ផ្ដល់​ប្រាក់​បៀវត្សរ៍​ជា​មធ្យម ៦៥​ដុល្លារ​សម្រាប់​បុគ្គលិក​សុខាភិបាល ហើយ​ប្រាក់​បៀវត្សរ៍​របស់​បុគ្គលិក​សុខាភិបាល មិន​បាន​ដូច​ការ​រំពឹង​ទុក​អំពី​ប្រាក់​ខែ​សម​ស្រប​របស់​គេ​នោះ​ទេ។ បញ្ហា​នេះ បង្ក​ជា​ការ​ធ្លាក់​ទឹក​ចិត្ត ការ​លំបាក​ក្នុង​ការ​ត្រួត​ពិនិត្យ និង​ការ​យក​កម្រៃ​ក្រៅ​ផ្លូវ​ការ​ពី​អ្នក​ជំងឺ ដោយ​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​ប្រសិទ្ធភាព​រួម​នៃ​ប្រព័ន្ធ​សុខាភិបាល និង​រារាំង​ដល់​ដំណើរ​ការ​អនុវត្ត​កំណែ​ទម្រង់​វិស័យ​សុខាភិបាល​នៅ​កម្ពុជា។
ម៉្យាង​វិញ​ទៀត កត្តា​ភាព​ក្រីក្រ​នៅ​ជនបទ ក៏​ជា​កត្តា​មិន​លើក​ទឹក​ចិត្ត​​ផ្សេង​ទៀត​ដល់​គ្រូពេទ្យ​ទៅ​ធ្វើ​ការ​នៅ​ជនបទ​ដែរ។ នៅ​ប្រទេស​កម្ពុជា ប្រជាជន​ប្រមាណ​៣០% ពុំ​មាន​លទ្ធភាព ឬ​មាន​លុយ​តិច​តួច​បំផុត​សម្រាប់​បង់​ចំណាយ​លើ​ការ​ថែទាំ​សុខភាព​ទាំង​ផ្នែក​សាធារណៈ និង​ផ្នែក​ឯកជន៕

No comments:

Post a Comment

yes