សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, August 17, 2012

លីកាដូ អំពាវនាវ​រដ្ឋាភិបាល​កុំ​ចាត់​ទុក​អង្គការ​និង​សកម្មជន​អង្គការ​ជា​សត្រូវ


សមាជិក និង​អ្នក​គាំទ្រ​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) សរុប​ចំនួន​៣០០​នាក់ បាន​ប្រារព្ធ​ខួប​២០​ឆ្នាំ នៃ​ការ​បង្កើត​អង្គការ​នេះ កាល​ពី​យប់​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១២ នៅ​ឯ​ភោជនីយដ្ឋាន​ទន្លេ​បាសាក់ នៅ​ទីក្រុង​ភ្នំពេញ។
RFA/Sok Serey
ប្រធាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) អ្នកស្រី ពុង ឈីវកេក ផ្តល់​បទ​សម្ភាសន៍​កាល​ពី​យប់​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១២។
ក្នុង​ពិធី​នោះ មន្ត្រី​សិទ្ធិ​មនុស្ស​បាន​បង្ហាញ​ថា ពួក​គេ​បាន​ជួយ​ដល់​ពលរដ្ឋ​ដែល​ត្រូវ​រង​ការ​រំលោភ​សិទ្ធិ​មនុស្ស បាន​ជាង​១លាន​នាក់។ ប៉ុន្តែ បុគ្គលិក​របស់​អង្គការ​នេះ ក៏​រង​ការ​គំរាមកំហែង មាន​ការ​ចោទ​ប្រកាន់​ពី​សមត្ថកិច្ច រហូត​ដល់​មាន​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ទៀត​ផង។
ប្រធាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ អ្នកស្រី ពុង ឈីវកេក បាន​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​ចាត់​ទុក​អង្គការ​ការពារ​សិទ្ធិ​មនុស្ស និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ជា​ដៃគូ​បម្រើ​ការ​ក្នុង​វិស័យ​សិទ្ធិ​មនុស្ស នៅ​ក្នុង​កម្ពុជា ជៀសវាង​ការ​ដាក់​គំនាប ឬ​គំរាមកំហែង​មក​លើ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​ចាត់​ទុក​ជា​សត្រូវ។
អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ទទួល​ការ​អនុញ្ញាត​ពី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បម្រើ​ការ​ក្នុង​វិស័យ​សិទ្ធិ​មនុស្ស នៅ​ប្រទេស​កម្ពុជា តាំង​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​១៩៩២ រហូត​ដល់​ឆ្នាំ​២០១២ នេះ គឺ​គម្រប់​ខួប​២០​ឆ្នាំ។

នៅ​ក្នុង​រយៈពេល​២០​ឆ្នាំ​នោះ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ ចំនួន​៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ដាក់​គុក និង​សកម្មជន​មួយ​ចំនួន​ទៀត បាន​ទទួល​ការ​គំរាមកំហែង​ជាច្រើន​ករណី​កន្លង​មក ប៉ុន្តែ​អង្គការ​នេះ បាន​ជួយ​ប្រជាពលរដ្ឋ​រង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ចំនួន​ជាង​១លាន​នាក់​ហើយ។
អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​អង្គការ និង​សមាគម​សរុប​ជាង​២ពាន់ នៅ​ប្រទេស​កម្ពុជា។ បេសកកម្ម​រយៈពេល​២០​ឆ្នាំ​កន្លង​មក​នេះ គឺ​ចង់​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ការ​បញ្ចេញ​មតិ​ដោយ​សេរី និង​ការ​តស៊ូ​មតិ​នៅ​ប្រទេស​កម្ពុជា។
ប្រធាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ អ្នកស្រី ពុង ឈីវកេក បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា កន្លង​មក​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន មាន​ការ​ខក​ចិត្ត​ជាមួយ​រដ្ឋាភិបាល ដោយ​សារ​តែ​របាយការណ៍​ស្ដីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា និង​ការ​ផ្តល់​អនុសាសន៍​នានា មិន​ត្រូវ​បាន​ស្វាគមន៍​ពី​រដ្ឋាភិបាល៖ «ព្រោះ​ចិត្ត​យើង បំណង​យើង យើង​ចង់​ធ្វើ​កិច្ច​ការងារ​ជាមួយ​រដ្ឋាភិបាល ចង់​ឲ្យ​រដ្ឋាភិបាល​លោក​យក​យើង​ធ្វើ​ជា​ដៃគូ​ពិត​ប្រាកដ ព្រោះ​អី​បំណង​យើង​ដូច​គ្នា»
ទាក់​ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​នេះ​ដែរ ប្រធាន​ការិយាល័យ​នៃ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក ជេមស៍ ហ៊ីណាន់ (James Heenan) បាន​មាន​ប្រសាសន៍​ថា កាល​ពី​១០​ឆ្នាំ​មុន​នេះ លោក​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស បាន​អាន​របាយការណ៍​ស្ដីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​ឯ​អង្គការ​សហប្រជាជាតិ គឺ​លោក​មាន​អារម្ភ​ថា ធុញ​ថប់​ណាស់ ប៉ុន្តែ​ពេល​នេះ លទ្ធផល​ជោគជ័យ​របស់​អង្គការ​លីកាដូ គឺ​ល្អ​ប្រសើរ​ណាស់៖ «នៅ​គ្រា​ដែល​មាន​ដៃគូ​ជាច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា អង្គការ​លីកាដូ គឺ​ជា​ដៃគូ​មួយ​ដែល​បាន​ធ្វើ​ការ​ជាច្រើន​បំផុត ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស ការពារ​ប្រជាពលរដ្ឋ តាម​ដាន​សង្កេតការណ៍​អ្នក​ធ្វើ​បាតុកម្ម តាម​ដាន​សង្កេតការណ៍​នៅ​ពេល​បោះ​ឆ្នោត តាម​ដាន​ស្ថានការណ៍​ពន្ធនាគារ និង​ជន​សង្ស័យ​ចោទ​ប្រកាន់​ដោយ​តុលាការ។ នៅ​មាន​សញ្ញា​វិជ្ជមាន​ជាច្រើន​ទៀត ក្នុង​ការ​ធ្វើ​ឲ្យ​រីក​ចម្រើន ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ជាពិសេស លើ​បញ្ហា​ដីធ្លី»
ប្រធាន​អ្នក​នាំ​ពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី បាន​មាន​ប្រសាសន៍​ថា កម្ពុជា​កំពុង​តែ​មាន​សន្តិភាព ស្ថិរភាព និង​ការ​គោរព​សិទ្ធិ​មនុស្ស​ល្អ​ប្រសើរ​នៅ​ក្នុង​តំបន់៖ «ជំហរ​រដ្ឋាភិបាល​មិន​ដែល​ចាត់​ទុក​នរណា ផ្នែក​ណា​មួយ សង្គម​ស៊ីវិល ឬ​ក៏​ផ្នែក​ឯកជន ផ្នែក​ស្អី ឬ​សារព័ត៌មាន ជា​សត្រូវ​របស់​រដ្ឋាភិបាល​ទេ។ យើង​ស្វាគមន៍​ណាស់ ប៉ុន្តែ​យ៉ាប់​តែ​មន្ត្រី​ខ្លះ ដែល​ធ្វើ​ការងារ​នៅ​សង្គម​ស៊ីវិល​នោះ មិន​មែន​ជា​មន្ត្រី​បម្រើ​ឲ្យ​សិទ្ធិ​មនុស្ស​ពិត​ប្រាកដ ជា​សកម្មជន​ឲ្យ​បក្ស​ប្រឆាំង​ទៅ​វិញ»
រយៈពេល​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា អង្គការ​ការពារ​សិទ្ធិ​មនុស្ស​នានា បាន​បញ្ចេញ​ប្រតិកម្ម​ថ្កោល​ទោស​ការ​បាញ់​សម្លាប់​សកម្មជន​ការពារ​ព្រៃ​ឈើ លោក ឈុត វុទ្ធី នៅ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ។ ការ​បាញ់​កម្មការិនី​ចំនួន​៣​នាក់​រង​របួស​ធ្ងន់ ដោយ​លោក ឈូក បណ្ឌិត កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ កន្លង​ទៅ​នេះ។
ការ​បាញ់​បង្ក្រាប​ប្រជាពលរដ្ឋ​ទាម​ទារ​ដីធ្លី បណ្ដាល​ឲ្យ​ក្មេង​ស្រី​ម្នាក់​ឈ្មោះ ហេង ចន្ថា អាយុ​១៤​ឆ្នាំ​ស្លាប់ នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១២ និង​ចុង​ក្រោយ​នេះ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កោះ​ហៅ​អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ចាន់ សុវ៉េត ក្រោម​បទ​ជួយ​ចារី​នៅ​ខេត្ត​ក្រចេះ នោះ៕

No comments:

Post a Comment

yes