បណ្ដាញសហគមន៍ព្រៃឡង់ នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ បាននាំគ្នាធ្វើដំណើរចូលទៅក្នុងព្រៃឡង់ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែសីហា ដើម្បីល្បាត និងរុករកបទល្មើសព្រៃឈើ ក្នុងគោលដៅការពារធនធានធម្មជាតិ។
បណ្ដាញសហគមន៍ការពារព្រៃឡង់បានអះអាងថា ឈើប្រមាណ ៥០០ ទៅ ៦០០ម៉ែត្រគូប ត្រូវបានគេកាប់អារគរទុកក្នុងព្រៃ និងដីរាប់រយហិកតារត្រូវបានគេកាប់រានទុកធ្វើចម្ការ ដែលគេសន្និដ្ឋានថា បានធ្វើឡើងពីសំណាក់មន្ត្រីប៉ូលិសនិងទាហាន។
សហគមន៍ការពារព្រៃឡង់ នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ លោក ហឿន សុភាព ដែលបានចុះល្បាតព្រៃឡង់ មានប្រសាសន៍នៅថ្ងៃទី១៤ សីហា ថា សហគមន៍ជាង ៧០នាក់មកពីភូមិចំនួន៦ ក្នុងឃុំដងកាំបិត ឃុំសណ្ដាន់ និងឃុំមានរិទ្ធ បានចុះល្បាតក្នុងព្រៃចំនួន២ថ្ងៃមកនេះ បានឃើញថាការកាប់រានព្រៃមានទំហំធំជាងសព្វមួយដង មានន័យថា បទល្មើសព្រៃឈើមានការកើនឡើងជាងការល្បាតលើកមុន។ លោកបន្តថា មានបទល្មើសកាប់រុករានដីព្រៃប្រមាណពី ២០ ទៅ ៣០ហិកតារ និងដើមឈើដែលគេបានកាប់ថ្មីៗផ្ដួលរលំគរជាគំនរ និងខ្លះគ្របទុកជាច្រើនកន្លែង ដែលក្នុង១កន្លែងប្រហែលជា ២០០ម៉ែត្រគូប រួមទាំងរណាអារឈើដែលគេបានទុកចោលក្នុងព្រៃទៀតផង។
ពាក់ព័ន្ធបញ្ហានេះ អភិបាលខេត្តកំពង់ធំ លោក ឈុន ឈាន់ បានទទួលស្គាល់ថា បទល្មើសព្រៃឈើពិតជាបានកើតឡើងនៅក្នុងខេត្តរបស់លោកពិតប្រាកដមែន។ លោកថា អាជ្ញាធរបានដឹងពីសកម្មភាពរបស់សហគមន៍ដែលបានចុះល្បាតព្រៃឡង់នេះដែរ។
អ្នកសម្របសម្រួលគម្រោងពង្រឹងអំណាចសហគមន៍នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ស៊ីស៊ីអេកអរ (CCHR) លោក ឈឹម សាវុធ ដែលនឹងឃ្លាំមើលបណ្ដាញសហគមន៍ព្រៃឡង់ ថ្លែងថា ក្នុងព្រៃឡង់នៅចំណុចឃុំដងកាំបិត មានការកាប់ព្រៃស្រោងរាប់រយហិកតារដើម្បីរានយកដីធ្វើចម្ការ តាមការសន្និដ្ឋានជនល្មើស គឺជាមន្ត្រីប្រដាប់អាវុធក្នុងខេត្តនេះ។
សហគមន៍ព្រៃឈើបានអះអាងថា បច្ចុប្បន្នមានដើមច្បោះរាប់រយដើមដែលក្រុមជនល្មើសកាប់ផ្ដួលរលំនៅក្នុងព្រៃឡង់ ហើយគេមិនទាន់បានដឹកចេញអស់នៅឡើយ។ បណ្ដាញសហគមន៍ព្រៃឡង់ បាននាំគ្នាធ្វើដំណើរចូលទៅក្នុងព្រៃឡង់ រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែសីហា ដើម្បីល្បាត និងរុករកបទល្មើស។ នេះមិនមែនលើកទី១ទេដែលបណ្ដាញសហគមន៍បានចុះល្បាតព្រៃឡង់ ជាច្រើនលើកគេតែងរកឃើញបទល្មើសកាប់ឈើនៅក្នុងព្រៃរាប់រយម៉ែត្រគូប និងការរានយកដីព្រៃធ្វើចម្ការ៕
No comments:
Post a Comment
yes