សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 12, 2012

ពលរដ្ឋ​មាន​បញ្ហា​ដី​ធ្លី​រក​អន្តរាគមន៍​ដើម្បី​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​មនុស្ស

ពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី ឈរ​តវ៉ា​នៅ​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក នា​រាជធានី​ភ្នំពេញ 
នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១២

តំណាង​សហគមន៍​ចំនួន ៥ មក​ពី​តំបន់​ខុស​គ្នា ជួបជុំ​គ្នា​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក ស្ថិត​នៅ​ក្បែរ​វត្ត​ភ្នំដូនពេញ រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​សុំ​ឲ្យ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ជួយ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​គោរព​សិទ្ធិ​មនុស្ស។
នៅ​ក្នុង​ខ្លឹម​សារ​ញត្តិ​នោះ ក្រុម​សហគមន៍​ក៏​បាន​ស្នើ​សុំ​ឲ្យ​លោក បារ៉ាក់ អូបាម៉ា ជួយ​អន្តរាគមន៍​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះស្រាយ​បញ្ហា​ដីធ្លី និង​លំនៅ​ឋាន​ជូន​ពលរដ្ឋ​រង​គ្រោះ​ដោយសារ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​នា​ពេល​កន្លង​មក ដែល​មិន​ទាន់​ត្រូវ​បាន​រដ្ឋាភិបាល​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ។
តំណាង​សហគមន៍​ចំនួន ៥ ដែល​មាន​តំណាង​សហគមន៍​សរុប​ប្រមាណ​ជាង ១០០​នាក់ អំពាវនាវ​ឲ្យ​មេដឹកនាំ​ប្រទេស​មហា​អំណាច ជួយ​អន្តរាគមន៍​លើ​បញ្ហា​រំលោភ​សិទ្ធ​មនុស្ស។

តំណាង​សហគមន៍​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី ឲ្យ​ដឹង​នៅ​កណ្ដាល​ហ្វូង​អ្នក​ចូល​រួម​ដែល​កាន់​រូបថត​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក និង​បដា​ពាក្យ​ស្លោក នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា ថា ការ​ទទួល​បាន​ដំណឹង​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក បារ៉ាក់ អូបាម៉ា មក​កាន់​កម្ពុជា ក្នុង​ការ​ចូល​រួម​ប្រជុំ​កំពូល​អាស៊ាន នៅ​ពេល​ខាង​មុខ ធ្វើ​ឲ្យ​ពលរដ្ឋ​សហគមន៍​រង​គ្រោះ​សប្បាយ​ចិត្ត​ឥត​ឧបមា។
អ្នកស្រី​បញ្ជាក់​ថា មូលហេតុ​ដែល​នាំ​ពលរដ្ឋ​សហគមន៍​រង​គ្រោះ​សប្បាយ​ចិត្ត​នោះ ព្រោះ​ពួកគេ​ជឿ​ជាក់​ថា លោក បារ៉ាក់ អូបាម៉ា នឹង​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​ឲ្យ​គោរព​សិទ្ធិ​មនុស្ស និង​ដោះស្រាយ​បញ្ហា​ដីធ្លី និង​លំនៅឋាន​ជូន​ពលរដ្ឋ​រងគ្រោះ។
អ្នកស្រី​បន្ត​ថា ការ​ដើរ​ស្រែក​អំពាវ​នាវ​អង្វរករ​សុំ​ឲ្យ​មេដឹកនាំ​បរទេស​មក​ជួយ​ធ្វើ​កិច្ច​អន្តរាគមន៍​លើ​បញ្ហា​ជម្លោះ​ដីធ្លី​របស់​សហគមន៍​រង​គ្រោះ​នេះ គឺ​ពួក​អ្នកស្រី​មិន​ចង់​ធ្វើ​នោះ​ឡើយ ព្រោះ​វា​ជា​ការ​បង្ហាញ​រឿង​អាស្រូវ​របស់​រដ្ឋាភិបាល​ខ្លួន​ឯង​ឲ្យ​គេ​ដឹង ប៉ុន្តែ​សហគមន៍​រងគ្រោះ​ទាំង​អស់​គ្មាន​ជម្រើស​ក្រៅ​ពី​នេះ​នោះ​ឡើយ។
អ្នកស្រី​បន្ថែម​ថា រឿង​រ៉ាវ​តវ៉ា​គ្រប់​រូបភាព​ដែល​សហគមន៍​ធ្វើ គឺ​សុទ្ធ​តែ​កើត​ចេញ​ពី​ការ​បង្ខិតបង្ខំ​របស់​រដ្ឋាភិបាល​ទៅ​លើ​សហគមន៍​រង​គ្រោះ​ទាំង​នោះ ទើប​ធ្វើ​ឲ្យ​ពួកគេ​ចេញ​តវ៉ា​ឥត​ឈប់​ឈរ។
ម្យ៉ាង​ទៀត អ្នកស្រី ទេព វន្នី បញ្ជាក់​បន្ថែម​ថា អ្នក​ដែល​អាច​ដឹង​ពី​សុខ​ទុក្ខ​របស់​សហគមន៍ និង​អាច​ជួយ​ផ្ដល់​ភាព​កក់ក្ដៅ និង​ក្ដី​សង្ឃឹម​ដល់​សហគមន៍ គឺ​ឃើញ​មាន​តែ​អង្គការ​ជាតិ និង​អន្តរជាតិ​ប៉ុណ្ណោះ។ ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា នេះ មន្ត្រី​អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) ប្រមាណ ៣០ បាន​ចុះ​ដល់​សហគមន៍​បឹងកក់ ហើយ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​សហគមន៍​ឲ្យ​ចេះ​ស្វែង​រក​យុត្តិធម៌​សម្រាប់​ខ្លួន​ឯង។
ឆ្លើយ​តប​នឹង​ជំលោះ​ដីធ្លី​តំបន់​បឹង​កក់​នេះ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ប្រតិកម្ម​តប​ថា រដ្ឋាភិបាល​បាន​ប្រគល់​បញ្ហា​នេះ​ទៅ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ដោះស្រាយ​ជូន​អ្នក​ភូមិ​ទាំង​នោះ​រួច​ហើយ ហើយ​អ្វី​ដែល​ជា​បញ្ហា​នោះ គឺ​នៅ​ត្រង់​ថា អ្នក​ភូមិ​មិន​ទាន់​អាច​ទទួល​យក​សំណង​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ ផ្ដល់​ជូន​ពួកគាត់។ ដូច្នេះ​បញ្ហា​នេះ​វា​ជា​ជំលោះ​រវាង​អ្នក​ភូមិ​ដែល​នៅ​សេសសល់​មិន​ព្រម​ទទួល​យក​សំណង​ជាមួយ​សាលា​រាជធានី​ភ្នំពេញ។ ហេតុនេះ​អ្នក​ភូមិ​សេសសល់​ដែល​មិន​ព្រម​ទទួល​យក​សំណង​ទាំង​នោះ គួរ​រក​ដំណោះស្រាយ​តាម​ប្រព័ន្ធ​តុលាការ ប្រសើរ​ជាង​ការ​ដើរ​ដាក់​ញត្តិ។
លោក​បន្ត​ថា ការ​ដើរ​ដាក់​ញត្តិ​គ្រាន់​តែ​ជា​ការ​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ប៉ុណ្ណោះ មិន​អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន​នោះ​ទេ។
សហគមន៍​ចំនួន ៥ ដែល​បាន​យក​ញត្តិ​ទៅ​ដាក់​ទូត​សហរដ្ឋ​អាមេរិក​នោះ គឺ​សហគមន៍​បុរីកីឡា បឹងកក់ ភូមិ​ថ្មគោល ស្ថិត​នៅ​ជាប់​របង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ សហគមន៍ ៣៤៧ ស្ថិត​នៅ​ភូមិ​៣ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ និង​អតីត​អ្នក​ភូមិ​បឹងកក់ ដែល​រង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ។
ខ្លឹមសារ​នៃ​ញត្តិ​សហគមន៍​ទាំង ៥ មាន​អត្ថន័យ​ប្រហាក់​ហែល​គ្នា គឺ​អំពាវនាវ​ឲ្យ​ប្រធានាធិបតី​សហរដ្ឋអាមេរិក ជំរុញ​រដ្ឋាភិបាល​កម្ពុជា ដោះស្រាយ​បញ្ហា​ដីធ្លី និង​លំនៅឋាន​ជូន​ពួកគាត់។ ដោយ​ឡែក​អ្នក​បឹងកក់ និង​បុរីកីឡា ស្នើ​ឲ្យ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ប្រាប់​ទៅ​រដ្ឋាភិបាល​រៀបចំ​ឲ្យ​ប្រព័ន្ធ​តុលាការ​មួយ​ដែល​ឯករាជ្យ មិន​លំអៀង ឬ​សុំ​កុំ​ឲ្យ​រដ្ឋាភិបាល​យក​តុលាការ​ជា​ឈ្នាន់​សម្រាប់​បំភិតបំភ័យ​ពលរដ្ឋ និង​សុំ​ឲ្យ​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា សកម្មជន​ការពារ​ដីធ្លី​តំបន់​បឹង​កក់ និង​អ្នកស្រី ទឹម សាក់មុន្នី សកម្មជន​តវ៉ា​ដើម្បី​សិទ្ធិ​លំនៅឋាន​តំបន់​បុរីកីឡា៕

No comments:

Post a Comment

yes