លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លី នាពេលកន្លងមក
ប្រមុខរដ្ឋាភិបាល ព្រមានថា លោកនឹងមិនដោះស្រាយជម្លោះដីធ្លីរបស់ពលរដ្ឋទាំងឡាយណា ដែលមានអ្នកនយោបាយ និងអង្គការក្រៅរដ្ឋាភិបាលចូលរួមជ្រុំជ្រែងឡើយ ដោយអះអាងថា បើដោះស្រាយមិនចេញ អាចនាំឲ្យអ្នកនយោបាយខ្លះដែលមានដីដែរនោះ នឹងដឹកនាំប្រជាពលរដ្ឋធ្វើបាតុកម្ម។
ការព្រមានជាថ្មីទៀតនេះ បានកើតឡើងក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ នៅព្រឹកថ្ងៃសុក្រនេះ។ នាយករដ្ឋមន្ដី្រលោក ហ៊ុន សែន ថ្លែងថា ដីពលរដ្ឋដែលមានទំនាស់ ហើយមានអ្នកនយោបាយ និងក្រុមអង្គការស៊ីវិលចូលឡូកឡំនោះ លោកនឹងមិនដោះស្រាយជូននោះទេ។ លោកបន្ដថា ការធ្វើបែបនេះ ដើម្បីងាយស្រួលមិនឲ្យមន្ដ្រីគណបក្សប្រជាជន ឬអ្នកនយោបាយណាមួយដែលមានដីធ្លី ដឹកនាំប្រជាជនធ្វើបាតុកម្ម និងបង្ករភាពស្មុគស្មាញក្នុងការដោះស្រាយ ៖ "អាហ្នឹងសូមជូនសារពីទីនេះទៅតែម្តង បើមានអង្គការក្រៅរដ្ឋាភិបាល ឬគណបក្សនយោបាយចូលលូកឡំ ខ្ញុំនឹងមិនដោះស្រាយទេ សុំបង្កកទុកមួយកន្លែង បើកាលណាមាននយោបាយចូលលូកឡំហើយ រឿងដោះមិនចេញទេ ដោះងាប់ទាំងខ្លួនទៀត ដោះមិនចេញដែរ អញ្ចឹងទេខ្ញុំសូមជូនសារបើថា ចង់ឲ្យខ្ញុំជួយដោះស្រាយ កុំឲ្យមាននយោបាយចូលលូកឡំ កុំឲ្យអង្គការក្រៅរដ្ឋាភិបាលប្រឆាំងចូលលូកឡំឲ្យសោះ"។
លោកនាយរដ្ឋមន្រ្ដី ហ៊ុន សែន បន្ដថា កន្លងមក មានក្រុមអង្គការសង្គមស៊ីវិលមួយចំនួន បានដឹកនាំប្រជាពលរដ្ឋធ្វើបាតុកម្មដល់គេហដ្ឋានរបស់លោក។
ប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា មានប្រសាសន៏ថា លោកនាយករដ្ឋមន្រ្ដី កំពុងបិទសិទ្ធិប្រជាពលរដ្ឋ និងបន្លាចអ្នកនយោបាយ និងសង្គមស៊ីវិល ដើម្បីឈានទៅរកការកាន់អំណាចតែបក្សមួយ។ លោកបន្ដថា ប្រជាពលរដ្ឋមានសិទ្ធិ រត់រកអ្នកតំណាងរាស្ដ្រ ដើម្បីជួយរកដំណោះស្រាយបញ្ហាជូនពួកគេ ខណៈដែលរដ្ឋាភិបាលបានដោះស្រាយករណីដីធ្លីមួយចំនួន មិនមានភាពយុត្ដិធម៌ ៖ "អាហ្នឹងបំបិទសិទ្ធិប្រជាពលរដ្ឋហើយ ឲ្យប្រជាពលរដ្ឋមានតែមួយជម្រើស កាលណាប្រជាពលរដ្ឋមានតែមួយជម្រើស អាហ្នឹងគហៅរបបកុម្មុយនីស្ត របបផ្តាច់ការហើយ របបប្រជាធិបតេយ្យ គេឲ្យប្រជាពលរដ្ឋមានជម្រើសច្រើន បីជម្រើស ខាងរដ្ឋាភិបាលគាត់មិនពេញចិត្ត ប្រជាពលរដ្ឋអាចមានជម្រើសរកគណបក្សផ្សេងទៀត ឬក៏ទៅខាងសង្គមស៊ីវិល"។
ដោយឡែកប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៏ថា ដោយសារមានមន្រ្តីរដ្ឋាភិបាលខ្លះ បានរំលោភយកដីធ្លីប្រជាពលរដ្ឋ ទើបពួកគេរកការគាំទ្រពីសង្គមស៊ីវិល និងអ្នកនយោបាយមួយចំនួន។ លោកថា សង្គមស៊ីវិល បានចូលរួមតាមសិទ្ធិរបស់ខ្លួន និងជំរុញឲ្យរដ្ឋាភិបាល មានដំណោះស្រាយដល់ពួកគេ ព្រោះរដ្ឋាភិបាលជាអ្នកផ្ដល់ដីសម្បទានដល់ក្រុមហ៊ុន ហើយប៉ះពាល់ដីប្រជាជន ៖ "ប៉ុន្តែបើសិនរដ្ឋាភិបាលយល់ថា សង្គមស៊ីវិលបានលើកឡើងពីបញ្ហានេះ ដឹងរឿងច្រើននៅតាមមូលដ្ឋាន ហើយមន្ត្រីរបស់ខ្លួនមិនអាចប្រាប់រឿងស្មោះត្រង់ការពិតទាំងអស់ទៅរដ្ឋាភិបាល អាហ្នឹងរដ្ឋាភិបាលគួរយកសង្គមស៊ីវិលជាដៃគូ បើសិនជាមានឆន្ទៈក្នុងការដោះស្រាយបញ្ហាដីធ្លី អាហ្នឹងបើសិនមានអញ្ចឹង សង្គមស៊ីវិលអាចជាដៃគូល្អបំផុត"។
ក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីនៅខេត្តព្រះវិហារនេះដែរ លោកនាយករដ្ឋមន្រ្តី បានអះអាងម្តងទៀតថា នៅកម្ពុជាមិនមានអ្នកទោសនយោបាយទេ គឺមានតែអ្នកនយោបាយប្រព្រឹត្តកំហុស ខុសច្បាប់ ត្រូវតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគារ។ ការលើកឡើងនេះ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានបង្ហាញកង្វល់កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២ នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន ចំពោះបញ្ហាសិទ្ធិមនុស្សជម្លោះដីធ្លី ការចាប់ឃុំឃាំងលោក ម៉ម សូណង់ដូ ការបោះឆ្នោត និងករណីរបស់មេដឹកនាំគណបក្សប្រឆាំង ជាដើម៕
No comments:
Post a Comment
yes