សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 23, 2012

រដ្ឋ​សភា​ហៅ​មន្រ្តី​រដ្ឋាភិ​បាល​ទៅ​បំភ្លឺ​ដោយ​បិទ​ទ្វារ​ចំពោះ​កញ្ចប់​ថវិកា​ឆ្នាំ​២០១៣

រដ្ឋសភា​កម្ពុជា បាន​កោះ​ហៅ​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល ឲ្យ​ចូល​បំភ្លឺ​នៅ​ក្នុង​កិច្ច​ប្រជុំ​បិទ​ទ្វារ នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១២​នេះ ចំពោះ​ការ​ព្រាង​កញ្ចប់​ថវិកា​ជាតិ សម្រាប់​ចំណាយ​ឆ្នាំ​២០១៣ មុន​នឹង​សភា​អនុ​ម័ត។
កិច្ច​ប្រជុំ​បិទ​ទ្វារ​នេះ បាន​ធ្វើ​ឡើង​ដោយ​ប្រធាន​គណៈ​កម្មការ​សេដ្ឋ​កិច្ច ហិរញ្ញ​វត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋ​សភា លោក ជាម យៀប ជាមួយ​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ​រួម​ជាមួយ​មន្រ្តី​ជំនាញ​មួយ​ចំនួន​ទៀត ចំពោះ​គម្រោង​ចំណាយ​ថវិកា​ជាតិ​ឆ្នាំ​២០១៣។
លោក ជាម យៀប បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា មុន​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​នេះ​ថា កញ្ចប់​ថវិកា​ជាតិ​ឆ្នាំ​២០១៣ មាន​ចំនួន ១២​លាន​លាន​រៀល ឬ​ប្រមាណ​ជាង​៣ពាន់​លាន​ដុល្លារ​អាមេរិក។
បើតាម​លោក ជាម យៀប មាន​វិស័យ​ចំនួន​៧ ជា​ស្ថាប័ន​អាទិភាព​ដែល​នឹង​ទទួល​បាន​ថវិកា​ជាតិ​ច្រើន​ជាង​គេ តែ​លោក​មិន​បាន​បញ្ជាក់​ពី​ឈ្មោះ​ក្រសួង និង​ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​ចំណាយ​នោះ​ទេ។
ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សម​រង្ស៉ី លោក សុន ឆ័យ មាន​ប្រសាសន៍​ថា ការ​ពិគ្រោះ​យោបល់​បិទ​ទ្វារ​បែប​នេះ មិន​បង្ហាញ​ពី​តម្លា​ភាព​ក្នុង​នាម​ប្រទេស​ប្រកាន់​លិទ្ធិ​ប្រជា​ធិប​តេយ្យ​ទេ។ លោក​ថា ទីបំផុត ពលរដ្ឋ​កម្ពុជា​ក្រីក្រ​ជា​អ្នក​រង​គ្រោះ ដោយ​សារ​ជំពាក់​បំណុល​បរទេស ៖" តាម​នយោបាយ​ខ្ចី​លុយ​យក​មក​ចាយ​ហើយ​​​​​​បណ្ដោយ​ឲ្យ​មាន​អំពើ​ពុក​រលួយ​លួច​ប្រាក់​​ជាតិ​​​រាប់​ពាន់​ មិន​មែ​ន៥០០​លាន​ដុល្លារ​ដូច​ស្ថាន​ទូត​​​​អាមេរិក​​កាំង​ធ្លាប់​ប្រកាស​ប្រាំ​ប្រាំមួយ​ឆ្នាំ​មុន​ទេ​ ​។​ឥឡូវ​តាម​ការ​ប៉ាន​ស្មាន​ថ្មី​នេះ​ជាង​មួយ​ពាន់​លាន​​​​ដែល​ត្រូវ​បាត់​បង់​ទៅ​។ យើង​ថា​​​ត្រូវ​តែ​ប្រមូល​លុយ​ហ្នឹង​មក​ ដើម្បី​យក​​មក​​ចែក​​ជូន​​​​ដល់​មន្ត្រី​រាជ​ការ​ គ្រូ​បង្រៀន​​ ​កង​កម្លាំង​ប្រដាប់​អាវុធ​យើង​ដែល​ខិត​ខំ​​បម្រើ​ប្រយោជន៍ជាតិ​នោះ មិន​អាច​ឲ្យ​គ្នា​រស់​នៅ​វេទនា​​រហេម​រហាម​ទេ" ។​​
បើ​ទោះ​ជា​យ៉ាង​ណា លោក សុន ឆ័យ ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយ សមាជិក​រដ្ឋ​សភា​គណបក្ស​ប្រឆាំង​សម​រង្ស៊ី និង សិទ្ធិ​មនុស្ស នឹង​ស្នើ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ស្តី​ពី​ពង្រាង​ថវិកា​ជាតិ​នេះ។
អ្នក​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់ លោក កែម ឡី មាន​ប្រសាសន៍​ថា ការ​ប្រើ​ប្រាស់​ថវិកា​ជាតិ​កន្លង​មក​របស់​រដ្ឋាភិ​បាល ច្រើន​មិន​ចំ​គោល​ដៅ ដោយ​ផ្តោត​ខ្លាំង​ទៅ​លើ​វិស័យ​យោធា ជាជាង​វិស័យ​អទិ​ភាព ដូច​ជា​ផ្នែក​សង្គម​កិច្ច សុខា​ភិបាល និង​កសិកម្ម​ជា​ដើម។ លោក​ថា ការ​ស្នើ​សុំ​បង្កើន​កញ្ចប់​ថវិកា​ជាតិ​នៅ​ឆ្នាំ​២០១៣​នេះ ទំនង​ជា​ពង្រឹង​ការ​គ្រប់​គ្រង​អំណាច​ច្រើន​ជាង ៖ "ទាំង​ផ្នែក​ការ​ពារ​ជាតិ ខ្ញុំ​គិត​ថា​ប្រ​ទេស​យើង ត្បិតតែ​ថា​យើង​ត្រូវ​ការ​ការ​ពារ​ខ្លះ ក៏​ប៉ុន្តែ​យើង​មិន​ត្រូវ​ចំណាយ​ច្រើន​ទេ ពីព្រោះ​អី​យើង​មិន​អាច​ទៅ​ច្បាំង​អ្នក​ណា​ឈ្នះ​ទេ ទោះបី​ជា​យើង​ចង់​ច្បាំង​ជាមួយ​ថៃ យើង​ចង់​ច្បាំង​ជាមួយ​វៀត​ណាត មិន​អាច​ទៅ​រួច​ទេ នៅ​ក្នុង​ស្ថាន​ភាព​បច្ចុប្បន្ន​​ ក៏​ប៉ុន្តែ​យើង​រៀប​ចំគ្រាន់​តែ​ការ​ពារ​សន្តិ​សុខ​ល្មមៗ ខ្ញុំ​​គិត​ថាបាន ហើយ​មួយ​ចរន្ត​ពិភព​លោក គេ​មិន​ត្រូវ​ការ​​កម្លាំង​យោធាទេ យើង​ពង្រឹង​តែវិស័យ​ការ​ពារ​ យើង​ពង្រឹង​តែវិស័យ​ការ​ទូត យើង​​ពង្រឹង​តែ​ប្រ​ជា​ប្រិយ​ភាព​នៅ​ក្នុង​ប្រទេស​ កែ​ប្រ​ទេសឲ្យ​មាន​ប្រ​ជា​ធិបតេយ្យ​ទៅ​​ មិន​ខ្វះ​អ្នក​មក​ជួយ​ទេ បើ​សិន​ជាមាន​បញ្ហា"។
សូមបញ្ជាក់​ថា ថវិកា​ជាតិ​ឆ្នាំ​២០១២ បាន​ចំណាយ​សរុប​ប្រមាណ​ជិត​ពីរ​ពាន់​ប្រាំ​ពីរ​រយ​លាន​ដុល្លារ​អាមេរិក (២.៦៩២) គឺ​កើន​ឡើង​ជាង ១៣% បើ​ធៀប​នឹង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១១។ ចំណែក​នៅ​ឆ្នាំ​២០១៣ ថវិកា​ជាតិ នឹង​កើន​រហូត​ដល់​ប្រមាណ​ជាង​៣​ពាន់​លាន​ដុល្លារ​អាមេ​រិក៕

No comments:

Post a Comment

yes