លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ
បុគ្គលិកអន្តរជាតិប្រមាណជា២០នាក់ នៃសាលាក្តីខ្មែរក្រហម បានសម្រេចសរសេរញត្តិ ស្នើឲ្យមានការដោះលែងប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងនាយកវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ ជាបន្ទាន់និងគ្មានលក្ខខណ្ឌ។
ញតិនោះសរសេរថា សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ហាក់ដូចជាដើម្បីបំបាត់សំឡេងសហគមន៍ដែលពាក់ព័ន្ធនឹងជម្លោះដីធ្លី និងអ្នករិះគន់រដ្ឋាភិបាល។
ញត្តិនោះបន្តទៀតថា អ្វីដែលច្បាស់នោះ គឺថាលោក ម៉ម សូណង់ដូ ជាប់ទោស គ្មានហេតុផលណាផ្សេង ក្រៅពីជាប់ទាក់ទងនឹងសេរីភាពនៃការបញ្ចេញមតិនោះទេ ដោយសុំឲ្យដោះលែងលោក ម៉ម សូណង់ដូ ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ។
ក្នុងញត្តិនោះ មានហត្ថលេខាចំនួន២១ ដែលក្នុងនោះរួមមានហត្ថលេខារបស់សហមេធាវីអន្តរជាតិ នាំមុខដើមបណ្តឹងរដ្ឋប្បវេណីលោកស្រី Elizabeth Simonneau Fort ។
មិនអាចសុំការអត្ថាធិប្បាយពីលោកស្រី Elizabeth Simonneau Fort បាននៅឡើយទេ។
អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្រ្តា មានប្រសាសន៍នៅថ្ងៃសុក្រនេះថា ការសរសេរញត្តិនេះរឿងបុគ្គល មិនទាក់ទងនឹងសាលាក្តីខ្មែរក្រហមទេ។
កាលពីថ្ងៃទី១៧ខែវិច្ឆិកា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ទទូចសាលាឧទ្ធរណ៍តាមរយៈលិខិតមួយ ឲ្យពន្លឿនសំណុំរឿងប្រធានវិទ្យុសំបុកឃ្មុំ និងសមាគមអ្នកប្រជាធិបតេយ្យ ដែលតុលាការបានកាត់ទោសឲ្យជាប់ពន្ធនាគារ ២០ឆ្នាំ ក្នុងរឿងអបគមន៍នៅខេត្តក្រចេះ កាលពីកន្លងទៅ ដើម្បីឲ្យទាន់ពេលកម្ពុជាកំពុងរៀបចំកិច្ចប្រជុំអាស៊ាន។ តែមន្រ្តីសាលាឧទ្ធរណ៍មិនទទួលយកលិខិតមួយនេះទេ។
លោក ម៉ម សូណង់ដូ អាយុ៧១ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ ពីរថ្ងៃបន្ទាប់ប្រទេសកម្ពុជា បានបញ្ចប់កិច្ចប្រជុំកិច្ចកំពូលកាលពីខែកក្កដាកន្លងទៅ៕
No comments:
Post a Comment
yes