លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីដ៏ មានអំណាច នៃកម្ពុជា
ទំនងជាផ្នែកចំអកឲ្យដល់សំណើរ របស់ប្រធានាធិបតីអាមេរិក តាមរយៈការសុំពីសំណាក់សមាជិកព្រឺទ្ធសភា-រដ្ឋសភា របស់គេ ឲ្យកម្ពុជា គោរពសិទ្ធិមនុស្ស បញ្ឈប់ការបណ្ដេញប្រជាពលរដ្ឋយកដី ក៏ដូចជាការសុំឲ្យដោះលែងអ្នទោសនយោបាយនោះ កាលពីព្រឹកមិញ ពីខេត្ត ព្រះវិហារ លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ” ..កម្ពុជា ពុំមានអ្នកទោសនយោបាយទេវ៉ើយ..! “ ។
ប្រសាសន៏ដ៏មានខ្លឹមសារ ដែលត្រូវបានបន្ទរទះដៃញញឹញញែមដោយពួកអ្នកហែរហមត្រូវបានគេធ្វើការចាក់ផ្សាយ យ៉ាងព្រោងព្រាត តាមប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងផ្ដាច់មុខដោយបក្សប្រជាជន គឺចង់បញ្ជាក់ថា កម្ពុជា គឺជាប្រទេសគោរពច្បាប់ និង មានតុលាការឯករាជ្យ ហើយសូម្បីតែលោក ក៏ដូចជាមន្ត្រីផ្សេងទៀតដែរ ត្រូវជាប់ទោស ឲ្យតែប្រព្រឹត្តខុសច្បាប់ ។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៏សង្កត់ដូច្នេះថា ” ខ្ញុំប្រាប់ហើយថា កម្ពុជាអត់មានអ្នកទោសនយោបាយទេវ៉ើយ ! មានតែអ្នកនយោបាយជាប់ទោសព្រហ្មទណ្ឌតែប៉ុណ្ណោះ ។ .. ហើយចង់ឲ្យខ្ញុំធ្វើអន្តរាគមន៍ ហើយចោទថា ខ្ញុំកំពុងត្រួតត្រាតុលាការ ។ អីចឹងទេ ឲ្យខ្ញុំទៅអន្តរាគមន៍ដោះលែងអ្នកទោស ! ខ្ញុំមិនដូចអ្នកឯងថា ខ្ញុំកំពុងត្រួតត្រាតុលាការ , មិនអីចឹង ? ។ មកចោទប្រកាន់ខ្ញុំ ថាខ្ញុំកំពុងត្រួតត្រាលើតុលាការ ដែលជាប្រព័ន្ធឯករាជ្យមួយរបស់គេ ។
រួចមកស្នើឲ្យខ្ញុំ ទៅធ្វើខុសច្បាប់។ ឲ្យដោះលែងអ្នកទោស ស្អីអីចេះអីចុះ ហើយបើខ្ញុំទៅដោះលែងអ្នកទោស តើខ្ញុំទៅធ្វើម៉េចជាមួយតុលាការ ព្រោះតុលាការ គេឯករាជ្យ របស់ គេ ។ យើងធ្វើខុស ក៏ត្រូវតុលាការ គេកាត់ទោសដែរ…” ។
សេចក្ដីថ្លែងឆ្កុយតែឯងបែបនេះ របស់លោកនាយករដ្ឋមន្ត្រីខ្មែរ គឺស្របពេលដែលពួកអ្នកច្បាប់បណ្ដាប្រទេសធំៗលើពិភពលោកដូចជា ព្រឹទ្ធសភា-រដ្ឋសភាអាមេរិក សភាសហគមន៏អឺរ៉ុប និង ព្រឹទ្ធសភាប្រទេសអូស្រ្តាលី បានមើលឃើញយ៉ាងច្បាស់ថា កម្ពុជា កំពុងតែរំលោភបំពានសិទ្ធិមនុស្ស សិទ្ធិនយោបាយ និង ចាប់អ្នកនយោបាយដាក់គុក ។ល។និង។ល។ ហើយពិសេសជាងនេះទៀតនោះ គឺនៅក្នុងជំនួបទ្វេភាគីជាមួយប្រធានាធិបតីអាមេរិក កាលពីព្រលប់ថ្ងៃទី ១៩វិច្ឆិកា លោក អូបាម៉ា ក៏បានស្នើដោយសម្លេងផ្អែមល្ហែម តាមរបៀបការទូតស៊ីជម្រៅផងដែរ ឲ្យកម្ពុជាធ្វើកំណែទម្រង់របៀបគ្រប់គ្រងរបស់ខ្លួន ។ ពោលគឺបញ្ឈប់ការរំលោភបំពានសិទ្ធិមនុស្ស ផ្លាសប្ដូរប្រព័ន្ធបោះឆ្នោតឲ្យមានភាពឯករាជ្យយុត្តិធម៌ជឿទុកចិត្តបាន និង ដោះលែងអ្នកទោសនយោបាយ ។ប៉ុន្តែត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បដិសេធ គឺជាការបដិសេធដែលត្រូវបានគេមើលឃើញថា បានធ្វើឲ្យសហរដ្ឋអាមេរិកដែលក៏ជាម្ចាស់បំណុលកម្ពុជាផងដែរ ក៏ដូចជាប្រទេសធំៗលើពិភពលោកមួយចំនួនទៀតទទួលបរាជ័យយ៉ាងជូរចត់បំផុត ៕
No comments:
Post a Comment
yes