សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 17, 2013

នាយក​រដ្ឋ​មន្ត្រី​ការពារ​រដ្ឋមន្ត្រី​ចម ប្រសិទ្ធ

130117_03
លោក ​ចម ប្រសិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ ដែល​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​ដក​ចេញ​​​

ភ្នំពេញៈ ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​កាល​ពី​ម្សិលមិញ បាន​ហៅ​សំណើ​របស់​គណបក្ស​ប្រឆាំង សុំ​ដក​លោក ចម ប្រសិទ្ធ ចេញ​ពី​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម កាល​ពី​សប្តាហ៍​មុន​ថា ជា​«អាជីវកមុ្ម» របស់​គណបក្ស​នេះ ដើម្បី​កេង​ចំណេញ​ខាង​នយោបាយ។
ក្នុងពិធីចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ដល់​ប្រជា​ពលរដ្ឋ នៅ​ឃុំ​ស្រែ​ក្ទម្ព ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គិរី កាល​ពី​ម្សិល​មិញ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ធ្វើ​ការ​ការពារ​តំណែង​លោក​ ចម ប្រសិទ្ធ ទប់​ទល់​ទៅ​នឹង​ការ​រិះគន់ ដែល​ថា លោក ចម ប្រសិទ្ធ អសមត្ថ​ភាព ក្នុង​ការ​រក​ទីផ្សារ​លក់​ផលិត​ផល ជូន​កសិករ។

លោក​គូស​បញ្ជាក់​ថា តម្លៃ​អង្ករ​ឡើងចុះ​ ជា«​សភាព​ការណ៍» តែ​មន្ត្រី​គណ​បក្ស​សម​ រង្ស៊ី​ អាច​ឆ្លៀត​ឱកាស​យក​ចំណេញ​​ពី​អ្នក​ធ្វើ​ស្រែ​ផង និង​អាច​យក​ចំណេញ ពី​អ្នក​ទិញ​អង្ករ​នៅ​ផ្សារ​ផង។ លោក​ថ្លែង​ថា៖ «សូម​ផ្តាំ​ទៅ​វិញ​ថា នេះ​ជា​សភាព​ការណ៍​ឡើង​ចុះ។ នៅ​ពេល​ធ្វើ​ដំណើរ​លើ​ផ្លូវ​តែ​មួយ​ គេ​អាច​រក​អាជីវ​កម្ម​បាន​ពីរ។ នៅ​ពេល​ជួប​ជាមួយ​អ្នក​លក់​ដូរ និង​ទិញ​អង្ករ គេ​យក​ចំណេ​ញ​បាន​ពី​អ្នក​ទិញ​អង្ករ សួរ​ថ្លៃ​ប៉ុន្មាន? គេ​ថា ថ្លៃ ២ ពាន់​រៀល​មួយ​គីឡូ។ ងាប់​ហើយ​បង​ប្អូន​អើយ​ ថ្លៃ​ណាស់ ដាច់​ពោះ​ងាប់​អស់​ហើយ គេ​ស្រែក​អ៊ីចឹង​ទៅ! អា​ហ្នឹង​គេ​យក​ចំណេញ​ពី​អ្នក​ទិញ​អង្ករ»។ លោក​នាយក​រដ្ឋ​មន្ត្រី បន្ត​ទៀត​ថា បន្ទាប់​ពី​នេះ​ ​បក្ស​ប្រឆាំង​ចេញ​ទៅ​ជួប​អ្នកធ្វើ​ស្រែ «គេសួរ​ថ្លៃ​ប៉ុន្មាន? ឧទា​ហរណ៍​ថា ៧០០ ​រៀល... អូ! បង​ប្អូន​អើយ ស្រូវ​ថោក​ណាស់ មិន​រួច​ថ្លៃ​ពលកម្ម ថ្លៃ​ជី​ទេ​បង​ប្អូន។ ក្នុង​មួយ​ដំណើរ​ផ្លូវ គេ​យក​ចំណេញ​​បាន​២រឿង»។
លោក ​ហ៊ុន សែន​ បាន​គូស​បញ្ជាក់​ទៀត​ថា បើ​ប្រជា​ពលរដ្ឋ​មិន​យល់​ទេ គេថា បក្ស​ប្រឆាំង​និយាយ​ត្រូវ​។​ គេថា រាជ​រដ្ឋាភិបាល​​អសមត្ថ​ភាពដោយ​សារ​​តែមិន​អាច​​ធ្វើ​ឲ្យ​ស្រូវ​ឡើង​ថ្លៃ​បាន​។ «អ៊ី​ចឹង​ គេ​ចំណេ​ញ​រហូត​ហ្នឹង​ តែ​ប្រជា​ជន​ក៏​ដឹង​ក្រយៅ​ដែរ»។
ដោយ​សំដៅ​ទៅ​លើ​គណ​បក្ស​ប្រឆាំង ដែល​មាន​ទំនោរ​ស្អប់​វៀត ​ណាម ហើយ​ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​​មណ្ឌល​គិរី​ភាគ​ច្រើន ជា​អ្នក​ដាំ​ដំឡូង​ លក់ទៅ​ឲ្យ​វៀត​ណាម​លោក​ ហ៊ុនសែន​ បាន​ថ្លែង​​ថា៖ «បើ​សិន​ពួក​គាត់​​(បក្ស​ប្រឆាំង) ឡើង​កាន់​អំណាច​នឹង​បង្កើត​សង្គ្រាម​ជា​មួយ​​វៀត​ណាម នោះ​បង​ប្អូន​នឹង​អត់​ទីផ្សារ​ហើយ»។
កាល​ពីថ្ងៃ​ទី​១០ មករា អ្នក​តំណាង​រាស្ត្រ​គណ​បក្ស​សម រង្ស៊ី ៤ ​រូប​ បាន​ផ្ញើ​លិខិត​មួយ​​ច្បាប់ ជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ តាម​រយៈ​លោក​ ហេង សំរិន ប្រធាន​រដ្ឋ​សភា ដើម្បី​ស្នើ​ឲ្យ​ដក​តំណែង​លោក ចម​ ប្រិសិទ្ធ ដោយ​សំអាង​ថា រដ្ឋ​មន្ត្រី​រូប​នេះ «អសមត្ថ​ភាព​ ក្នុង​ការ​រក​ទីផ្សារ​កសិកម្ម​ជូន​ប្រជាពលរដ្ឋ​ ដែល​បច្ចុប្បន្ន​មាន​ឈ្មួញ​ចុះ​ទិញ​ដំណាំ​កសិកម្ម​ដូច​ជា​ ស្រូវ​ ពោត​ សណ្តែក​ ដំឡូង​មី និង​ដំណាំ​រួម​ផ្សំ​ផ្សេង​ទៀត​ ពី​ប្រជាពលរដ្ឋ​ដែល​កំពុង​ឲ្យ​តម្លៃ​ថោក​យ៉ាង​ខ្លាំង​ធ្វើ​ឲ្យ​ប្រជា​ពល​ រដ្ឋ​ ត្អូញ​ត្អែរ​ រអ៊ូ​រទាំ​សឹង​គ្រប់​ៗ​គ្នា​»។
លិខិត​នោះ​ សរសរ​បន្ត​ថា៖ «ដូច្នេះ​ហើយ​ ប្រជាពលរដ្ឋ​ជួប​ផល​លំបាក​យ៉ាង​ខ្លាំង​ សង្ឃឹម​ថា ពេល​​ដែល​ស្រូវ​ទុំ​ពួកគាត់​លក់​​បាន​ថ្លៃ​បន្តិច​ ដើម្បី​សង​បំណុល​ផ្សេងៗ​ ជាពិសេស​ថ្លៃ​ដី ប្រេង​ជាដើម​ ប៉ុន្តែ​ឥឡូវ​នេះ​ ត្រូវ​បាន​រាំង​ស្ទះ​ ដោយមាន​ឈ្មួញ​ចុះ​ទិញ​ដំណាំ​កសិកម្ម​ ជា​ពិសេស​ដំណាំ​ស្រូវ​ ក្នុង​តម្លៃ​ថោក​យ៉ាង​ខ្លាំង»។
លោក ជា ប៉ូច អ្នក​តំណាង​រាស្រ្តម្នាក់​ ដែល​មាន​ឈ្មោះ​ ក្នុង​លិខិត​ស្នើ​ដក​លោក​ចម ប្រសិទ្ធ​នោះ ថ្លែង​កាល​ពីម្សិល​មិញ​ថា ស្រូវ​ចុះ​ថ្លៃ​ ដោយ​សារ​មាន​ឈ្មួញ​កណ្តាល ជាអ្នក​បន្ថោក ហើយ​លក់​ចេញ ក្នុង​តម្លៃ​ខ្ពស់​ ទើប​ក្រុម​តំណាង​រាស្ត្រ​របស់​លោក ស្នើ​ឲ្យ​រដ្ឋាភិបាល​គិត​គូរ​ប្តូរ​លោក​ចម​ ប្រសិទ្ធ​ ចេញ ដោយ​សារ​ស្រូវ​ថោក មក​ពី​ឈ្មួញ​បញ្ចុះ​ថ្លៃ។ លោក​ថ្លែង​ថា៖​«យើង​គ្រាន់​តែ​ឲ្យ​សម្តេច​ពិចារណា​ចំពោះ​សំណើ​យើងបើ​ សម្តេច​យល់​ថា លោក​ចម ប្រសិ​ទ្ធ​ខ្លាំង ​សម្តេច​ទុក​ទៅជា​សិទ្ធិ​របស់​សម្តេច​តើ! តែ​យើង​ស្នើ​ឲ្យ​ដកព្រោះ​យើង​ឃើញ​ឈ្មួញ​បន្ថោក​តម្លៃ​កសិផល​របស់​កសិករ​ ពេក​។ យើង​អត់​ចង់​ឲ្យ​មាន​ឈ្មួញ​កណ្តា​ល​ទេ»។
ទោះ​យ៉ាង​ណាប្រធាន​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ទៅក្រៅ​ប្រទេ​ស​ មា​ន​ទៅ​បណ្តា​ប្រទេស​នៅ​​អឺរ៉ុប​ជា​ដើម​បា​ន​ឲ្យ​ដឹង​ថា តម្លៃ​ដែល​លោក​ទិញ​ពី​ឈ្មួញ និង​ទិញ​ពី​កសិករ ​ គឺ​មាន​តម្លៃ​ប្រហាក់​ប្រហែល​គ្នា ហើយ​កសិករ​ជា​ច្រើន​លក់​ឲ្យ​ឈ្មួញ ព្រោះ​ពួក​គាត់​ មិន​អាច​លក់​ដល់​កន្លែង​ផលិត ឬ​ទីផ្សារ​ដោយ​ខ្លួន​ឯង​បាន​ទេ។
លោក លឹម ប៊ុន​ហេង ប្រធាន​ក្រុម​ហ៊ុន​ឡូរ៉ង់ ដែល​ផលិត​នាំ​អង្ករ​ចេញ ទៅ​ទីផ្សារ​អឺរ៉ុប​ ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​លោក​ទិញ​អង្ករ​ទាំង​ពី កសិករ និង​ឈ្មួញ ក្នុង​តម្លៃ​ប្រហាក់​ប្រហែល​គ្នា។ លោក​បញ្ជាក់​ថា ស្រូវ​ឆ្នាំ​នេះ អាច​ថោក​ជាង​ឆ្នាំ​មុន ​ដោយ​សារ​រដ្ឋា​ភិបាល ក៏ដូច​ក្រុម​ហ៊ុន​ស្រូវ​អង្ករ​ក្នុង​ស្រុក មិន​មាន​ថវិកា​គ្រប់​គ្រាន់​ទិញ​អង្ករ​ពីពល​រដ្ឋ ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​លក់​ទៅ​កាន់​ប្រទេស​ជិត​ខាង​អស់។
ដោយ​បដិសេធ​ មិន​ឆ្លើយ​នឹង​សមត្ថ​ភាព​របស់​លោកចម ប្រសិ​ទ្ធ ក្នុង​ការ​រក​ទីផ្សារ​ជូន​ពលរដ្ឋ​លោក​ប្រធាន​ក្រុម​ហ៊ុន​ស្រូវ​អង្ករ​រូប​ នេះ ថ្លែង​ថា៖«​កត្តា​ស្រូវ​ថោកគឺ​​សំខាន់ ​ដោយ​អ្នក​នាំ​ចេញ​ធំៗ​របស់​យើង​ អត់​មាន​លុយ​ទិញ​ស្រូវ​ស្តុក​ទុក​ អត់​លុយ​បោះ​ទុន ដើម្បី​ទិញ​ស្រូវ ​ទប់​ស្កាត់ ហើយ​ឈ្មួញ​នៅ​ប្រទេស​ជិត​ខាង​ ក៏​បន្ទាប​តម្លៃ​ ហើយ​កសិករ​យើង ក៏លក់​ទៅ​គេ​អស់​ទៅ»។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក លឹម ប៊ុន​ហេង ស្រូវ​ប្រាំង​ប្រភេទ IR ដែល​ជា​ស្រូវ​សើម ប្រជាកសិករ​​អាច​លក់​ចេញ​ ក្នុង​តម្លៃ​ ៨០០ រៀលប៉ុន្តែ​បើ​ស្រូវ​ស្ងួត អាច​លក់​ចេញ​បាន​ ១០០០ រៀល​​ក្នុង​មួយ​គីឡូ​ក្រាម​៕

No comments:

Post a Comment

yes