ករណីប្រព្រឹត្តអំពើពុករលួយនៅក្នុងសាលាដំបូងរាជធានីភ្នំពេញ កំពុងស្ថិតនៅក្នុងភាពចម្រូងចម្រាសរវាងចៅក្រម និងក្រឡាបញ្ជី ដែលអ្នកទាំងពីរកំពុងតែចោទប្រកាន់គ្នាទៅវិញទៅមក។
ក្រុមអ្នកច្បាប់ និងក្រុមអ្នកការពារសិទ្ធិមនុស្ស បានទាមទារឲ្យស្ថាប័នអំពើពុករលួយ ឬឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមពិនិត្យមើលករណីកិបកេងសាច់ប្រាក់ជាង ២សែនដុល្លារ ដែលតុលាការបានចោទប្រកាន់អតីតក្រឡាបញ្ជីឈ្មោះ ក្រូច បូរ័ត្ន ពីបទរំលោភលើសេចក្ដីទុកចិត្ត និងបទក្លែងបន្លំឯកសារ។ ប៉ុន្តែអតីតក្រឡាបញ្ជីឈ្មោះ ក្រូច បូរ័ត្ន នេះ បានបដិសេធនៅក្នុងអង្គសវនាការកាលពីថ្ងៃទី១៦ មករា ថា ការយកប្រាក់ចំនួន ២សែន ៥ម៉ឺនដុល្លារនោះ គឺធ្វើតាមបញ្ជារបស់ចៅក្រមឈ្មោះ កែ សុខន ដែលជាចៅហ្វាយនាយរបស់គាត់។
ទោះបីជាយ៉ាងនេះក្ដី រឿងក្ដីនេះកំពុងស្ថិតនៅក្នុងបរិបទចម្រូងចម្រាសមួយអំពីការប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីសាលាដំបូងរាជធានីភ្នំពេញនេះ។ បញ្ហានេះ ក្រុមអ្នកច្បាប់បានលើកឡើងថា អង្គភាពប្រឆាំងអំពើពុករលួយ ឬតុលាការថ្នាក់ផ្សេងទៀត ត្រូវតែធ្វើការស៊ើបអង្កេតករណីនេះឲ្យបានច្បាស់លាស់ ដើម្បីលាតត្រដាងអំពីមន្ត្រីតុលាការដែលប្រព្រឹត្តអំពើពុករលួយនោះ។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា លោកមិនគាំទ្រចំពោះសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះក្ដីលើករណីបុគ្គលិករបស់ខ្លួនបានប្រព្រឹត្តអំពើពុករលួយនេះទេ។ លោកពន្យល់ថា ការធ្វើដូច្នេះមិនឆ្លុះបញ្ចាំងអំពីភាពយុត្តិធម៌ និងឯករាជ្យនោះឡើយ។
ការលើកឡើងដូច្នេះ នៅបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះសំណុំរឿងអតីតក្រឡាបញ្ជីឈ្មោះ ក្រូច បូរ័ត្ន ក្រោមបទចោទរំលោភលើសេចក្ដីទុកចិត្តចំពោះការលួចលុយចំនួន ២សែន ៥ម៉ឺនដុល្លារអាមេរិក។
កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ចុះផ្សាយនៅថ្ងៃទី១៧ មករា បានសរសេរថា កាលពីថ្ងៃទី១៦ មករា លោក ក្រូច បូរ័ត្ន ជាអតីតក្រឡាបញ្ជីរបស់ចៅក្រមឈ្មោះ កែ សាខន នៃសាលាដំបូងរាជធានីភ្នំពេញ បានសារភាពនៅក្នុងអង្គសវនាការថា លោកបានយកប្រាក់ចំនួន ២សែន៥ម៉ឺនដុល្លារតាមបញ្ជារបស់ចៅហ្វាយនាយរបស់លោក គឺចៅក្រម កែ សាខន។ លោកបញ្ជាក់ថា ថវិកាទាំងនោះលោកបានទុកខ្លួនឯងខ្លះ និងបានប្រគល់ឲ្យចៅក្រម កែ សាខន ចំនួន ១៧.៥០០ (មួយសែនប្រាំពីរម៉ឺនប្រាំពាន់ដុល្លារ)។
ទាក់ទងនឹងបញ្ហានេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក កែ សាខន បានបំភ្លឺនៅថ្ងៃទី១៧ មករា ថា លោកមិនបានបញ្ជាឲ្យក្រឡាបញ្ជីរបស់លោក គឺលោក ក្រូច បូរ័ត្ន នោះ យកប្រាក់គេទេ។
លោក កែ សាខន អះអាងថា កាលពីឆ្នាំ២០១០ កន្លងទៅ លោក ក្រូច បូរ័ត្ន បានបន្លំហត្ថលេខា និងត្រារបស់លោក ដើម្បីទទួលយកប្រាក់សំណងរឿងក្ដីរដ្ឋប្បវេណីមួយ ដែលភាគីចាញ់ក្ដីត្រូវសងភាគីឈ្នះក្ដី ហើយលោក ក្រូច បូរ័ត្ន ទទួលយកប្រាក់ពីភាគីចាញ់ក្ដីបញ្ចូលទៅក្នុងគណនីធនាគារផ្ទាល់ខ្លួនរបស់លោក ហើយប្រាប់ទៅភាគីឈ្នះក្ដីថា លុយនោះភាគីចាញ់ក្ដីមិនទាន់សងទេ លុះដល់ឆ្នាំ២០១២ ទើបបែករឿងនេះ។
ឆ្លើយតបនឹងការលើកឡើងនេះ លោក ក្រូច បូរ័ត្ន បានបដិសេធនៅក្នុងអង្គសវនាការថា លោកមិនបានយកត្រារបស់លោក កែ សាខន ទៅបោះលើឯកសារដើម្បីយកលុយសម្រាប់ខ្លួនលោកទេ គឺលោកមានការចុះហត្ថលេខាអនុញ្ញាតជាមុនពីលោក កែ សាខន។
ទោះបីជាការចោទប្រកាន់គ្នាអំពីការប្រព្រឹត្តអំពើពុករលួយរវាងក្រឡាបញ្ជី និងចៅក្រម ដោយពួកគាត់រុញដាក់គ្នាយ៉ាងនេះក្ដី អ្នកច្បាប់បានលើកឡើងថា ករណីនេះជារឿងអាថ៌កំបាំងមួយ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់តុលាការទាំងមូល ពិសេសគឺធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿ និងគ្មានទំនុកចិត្តមកលើតុលាការ។ បញ្ហានេះអ្នកច្បាប់បញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយត្រូវតែស៊ើបអង្កេតអំពីករណីនេះឲ្យបានច្បាស់លាស់។
ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោកបណ្ឌិត សុក សំអឿន មានប្រសាសន៍ថា ករណីនេះជះឥទ្ធិពលអាក្រក់ដល់តុលាការកម្ពុជា និងរដ្ឋាភិបាល ពីព្រោះតុលាការស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណបក្សកាន់អំណាច។ លោក សុក សំអឿន បញ្ជាក់ថា ដើម្បីធានាសុក្រឹតភាព និងលុបបំបាត់អំពើពុករលួយនៅក្នុងប្រព័ន្ធតុលាការ អង្គភាពប្រឆាំងអំពើពុករលួយត្រូវមានវិធានការស៊ើបអង្កេតករណីនេះឲ្យមានប្រសិទ្ធភាព។
បន្ថែមពីលើនេះទៀត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានឲ្យដឹងថា ការប្រព្រឹត្តអំពើពុករលួយនៅក្នុងស្ថាប័នមួយ គេមិនត្រូវឲ្យស្ថាប័ននោះធ្វើការស៊ើបអង្កេតដោយខ្លួនឯងនោះទេ។ លោក អំ សំអាត បញ្ជាក់ថា ការធ្វើដូច្នេះមិនធានាលើភាពយុត្តិធម៌បាននោះឡើយ។
នៅក្នុងបរិបទសង្គមកម្ពុជាបច្ចុប្បន្ន អ្នកវិភាគមើលឃើញថា ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមមិនមានអំណាចគ្រប់គ្រាន់ក្នុងការដាក់ពិន័យ ឬធ្វើការស៊ើបអង្កេតទៅលើការប្រព្រឹត្តខុសរបស់មន្ត្រីតុលាការនេះឡើយ។ នៅត្រង់ចំណុចនេះ លោកបណ្ឌិត សុក សំអឿន បានពន្យល់ថា នៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះ គេត្រូវតែផ្ដល់អំណាចដល់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម។
ម្យ៉ាងវិញទៀត ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគបានលើកឡើងថា កម្ពុជាកំពុងតែបើកទំព័រថ្មីមួយ ឈានទៅរកការបង្ក្រាបជនប្រព្រឹត្តអំពើពុករលួយបានបន្តិចម្ដងៗហើយ ហើយមន្ត្រីតុលាការដែលអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួននោះ មានចំនួន ៤នាក់រួចមកហើយ រួមមាន ២នាក់ជាមន្ត្រីតុលាការនៅសាលាដំបូងខែត្រកណ្ដាល ម្នាក់ជាចៅក្រម និងម្នាក់ជាក្រឡាបញ្ជី ព្រះរាជអាជ្ញារងនៅខែត្រព្រះវិហារ និងព្រះរាជអាជ្ញានៅខែត្រពោធិ៍សាត់ លោក តុប ច័ន្ទសិរីវុឌ្ឍ ជាដើម។
ដោយឡែកក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ ឈ្មោះ ក្រូច បូរ័ត្ន នេះ ត្រូវបានតុលាការចាប់ខ្លួនកាលពីខែតុលា ឆ្នាំ២០១២។ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមករណី លោក ក្រូច បូរ័ត្ន នៅថ្ងៃទី៦ ខែកុម្ភៈ ខាងមុខ៕
No comments:
Post a Comment
yes