សកម្មជនកាន់ស្លាកគណបក្សប្រឆាំងនៅផ្លូវជាតិលេខ១ត្រូវគេបាញ់ស្ប្រៃយ៍
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើការព្រមានចំពោះអ្នកទម្លាក់ស្លាកនិងបាញ់ថ្នាំដាក់ស្លាកគណបក្សប្រឆាំងចំនួន១៦ ក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង កាលពីសប្តាហ៍មុន ជាមួយនឹងការអំពាវនាវឲ្យជនល្មើសចូលសារភាពដែលអាចនឹងទទួលបានរង្វាន់ពីលោក។
ថ្លែងទៅកាន់ប្រជាជនប្រហែល១ម៉ឺននាក់ នៅពិធីក្នុងវត្តព្រះពុទ្ធសាសនាមួយកន្លែងក្នុងស្រុកបាធាយ ខេត្តកំពង់ចាម កាលពីម្សិលមិញ លោកនាយករដ្ឋមន្រ្តី បានបដិសេធថា គណបក្សប្រជាជនពុំបានពាក់ព័ន្ធនឹងការបំផ្លិចបំផ្លាញស្លាកសញ្ញាគណបក្សណាឡើយ ហើយលោកបានសន្យាតាមចាប់ខ្លួនជនល្មើសឲ្យទាល់តែបាន ឬផ្តល់រង្វាន់ដល់ពួកគេ ប្រសិនបើពួកគេចេញសារភាព។
លោក ហ៊ុន សែន បានមានប្រសាសន៍ទៀតថា៖ «តាមការស្មានរបស់ខ្ញុំ គឺស្ថានការណ៍បំផ្លាញស្លាកគណបក្សនយោបាយនេះមិនមែនជាសមាជិកគណបក្សប្រជាជនកម្ពុជាទេ ហើយគណបក្សប្រជាជនកម្ពុជា គ្មានមូលហេតុធ្វើបែបនេះឡើយ។ ករណីនេះនឹងមិនត្រូវព្រងើយកន្តើយឡើយ បើទោះបីជាការស៊ើបអង្កេតត្រូវបន្តរយៈពេល១០ ឆ្នាំក៏ដោយ»។
លោកហ៊ុន សែន បានអំពាវនាវដល់ជនល្មើសទាំងឡាយឲ្យចូលខ្លួនសារភាពហើយពួកគេនឹងមិនជាប់ខ្នោះទេ ថែមទាំងនឹងទទួលបានរង្វាន់ដ៏ច្រើនពីលោកទៀតផង។
លោក ហ៊ុន សែន បានបន្តដាស់តឿននគរបាលឲ្យការពារជនសង្ស័យដែលពួកគេអាចកំណត់អត្តសញ្ញាណដោយលោកថ្លែងថា ជនល្មើសនឹងស្ថិតក្នុងគ្រោះថ្នាក់ត្រូវគេសម្លាប់ ក្នុងកិច្ចប៉ុនប៉ងបង្ការកុំឲ្យបញ្ចេញភ័ស្តុតាង។ លោកនាយករដ្ឋមន្រ្តី បានបន្តទៀតថា៖ «ករណីនេះគេចោទថា ពាក់ព័ន្ធអាជ្ញាធរ និងសកម្មជន គណបក្សកាន់អំណាចដូចនេះចាំបាច់ត្រូវមានការស៊ើបអង្កេត ដើម្បីស្តារកិត្តិយសរបស់អាជ្ញាធរ បើទោះបីជាវាត្រូវការ១ខែ ១ ឆ្នាំ ២ ឆ្នាំ ៣ ឆ្នាំឬ ១០ ឆ្នាំក៏ដោយ។ អ្នកណាក៏ដោយ គេត្រូវទទួលខុសត្រូវបើទោះបីជាសមាជិកគណបក្សប្រជាជនកម្ពុជាក៏ដោយ»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានអំពាវនាវឲ្យគណបក្សប្រជាជនកម្ពុជាចាត់វិធានការចាប់ខ្លួនអ្នកបង្ក ជាជាងគ្រាន់តែប្រកាសចោល។ លោក សុវណ្ណ បានបញ្ជាក់ថា៖ «ក្រសួងមហាផ្ទៃត្រូវតែចាប់ជនល្មើសមុនពេល [លោកហ៊ុន សែន] បញ្ជូនសារដោយគ្មានការទទួលខុសត្រូវ។ ខ្ញុំមិនចោទអ្នកណាម្នាក់ទេ ប៉ុន្តែ គណបក្សកាន់អំណាចគឺជាគូប្រជែងធំរបស់គណបក្សសង្គ្រោះជាតិ ដូច្នេះ គណបក្សកាន់អំណាចត្រូវតែទទួលខុសត្រូវ»។
ក្នុងសុន្ទករថា កាលពីម្សិលមិញ លោក ហ៊ុន សែន បានកោតសរសើរបរិស្ថាននយោបាយ គ្មានអំពើហិង្សា ហើយបានលើកឡើងជាថ្មីនូវចេតនារបស់លោកមិនចេញមុខជាសាធារណៈឡើយ ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល១ខែ ដែលចាប់ផ្តើមនៅថ្ងៃទី២៧ ខែមិថុនានេះ៕
No comments:
Post a Comment
yes