អ្នកប្រើប្រាស់បណ្តាញហ្វេសប៊ុក ទាមទារឲ្យផ្សាយផ្ទាល់ តាមវិទ្យុ ឬ ទូរទស្សន៍ ចំពោះការជួបចរចាលើកទីបី រវាងលោក ហ៊ុន សែន និង លោក សម រង្ស៊ី ដើម្បីដោះស្រាយភាពជាប់គាំងនយោបាយ នៅដើមខែវិច្ឆិកានេះ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា ថ្នាក់ដឹកនាំគណបក្សទាំងពីរ គ្រោងជួបគ្នានៅដើមខែវិច្ឆិកា។ ជុំវិញគម្រោងជួបគ្នារវាងថ្នាក់ដឹកនាំគណបក្សទាំងពីរ នៅថ្ងៃពុធនេះ VOD បានបង្ហោះសំណួរស្ទង់មតិដោយសួរថា "តើគណបក្សទាំងពីរគួរបើកចំហព័ត៌មានកម្រិតណា ជូនដល់ប្រជាពលរដ្ឋ?"។ រយៈពេលបង្ហោះ ៥ម៉ោងមានអ្នកចុច ចូលចិត្ត៣១៨នាក់ អ្នកចែករំលែកបន្ត៥៥ និងអ្នកផ្តល់មតិ យោបល់ចំនួន៥៤។
(សំណួរស្ទង់មតិរបស់ VOD)
អ្នកដែលផ្តល់មតិយោបល់ទាំង៥៣នាក់ គឺពួកគេភាគច្រើនចង់ឲ្យផ្សាយផ្ទាល់ពីជំនួបនោះ តាមរយៈវិទ្យុ ឬទូរទស្សន៍ ហើយមានអ្នកខ្លះលើកឡើងថា ត្រូវបើកចំហព័ត៌មានឲ្យបានយ៉ាងតិច៩០%។ មូលហេតុដែលអ្នកប្រើហ្វេសបុកទាមទារឲ្យផ្សាយផ្ទាល់នេះ ដោយសារពួកគេ ចង់ឲ្យអ្នកនយោបាយជជែក ផ្តោតលើផលប្រយោជន៍ជាតិជាមូលដ្ឋានសំខាន់។
អ្នកប្រើហ្វេសប៊ុក ឈ្មោះ ឆាយ វីណា លើកឡើងថា៖ "បើនៅតែរឹងទទឹង មិនព្រមផ្សាយបន្តផ្ទាល់ ពេលកំពុងចរចាមានន័យថា អ្នកនយោបាយក្បត់ប្រជាពលរដ្ឋ ព្រោះធ្លាប់ធ្វើដូច្នេះ ច្រើនដងហើយ"។
អ្នកប្រើហ្វេសប៊ុកឈ្មោះ លីវ សារ៉ុម សរសេរថា៖ ឲ្យអ្នកសារព័ត៌មាន ចូលទៅយកព័ត៌មានទៅ ដូចជា វីអូឌី អាស៊ីសេរី ។ល។
អ្នកប្រើហ្វេសប៊ុកម្នាក់ទៀតឈ្មោះ សំឡេង ឈិតឡេង សរសេរជាភាសាអង់គ្លេស ក្នុងន័យថា កម្ពុជាខ្មែរទាំងអស់គ្នា ដូច្នេះគណបក្សប្រជាជនកម្ពុជាកម្ពុជា និងគណបក្សសង្គ្រោះជាតិ ត្រូវតែផ្សាយផ្ទាល់តាមទូរទស្សន៍។
នៅប៉ុន្មានថ្ងៃកន្លងទៅនេះ គណបក្សទាំងពីរ សុទ្ធតែបង្ហាញជំហរ បើកចំហព័ត៌មាន នៅពេលពិភាក្សា តែរហូតមកដល់ថ្ងៃទី៣០ ខែតុលានេះ ភាគីទាំងពីរមិន កំណត់ថ្ងៃប្រជុំឲ្យបានច្បាស់ ហើយថា ត្រូវបើកចំហព័ត៌មានកម្រិតណា ឬផ្សាយផ្ទាល់ ឬអត់ទេ។
កាលពីថ្ងៃទី១៦ និង១៧ ខែកញ្ញា លោក ហ៊ុន សែន និង សម រង្ស៊ី បានជួបគ្នានៅវិមានរដ្ឋសភា ដោយប្រជុំបិទទ្វារ បន្ទាប់មកពួកគេទម្លាយព័ត៌មានខុសៗគ្នា ពីកិច្ចប្រជុំនោះ៕
No comments:
Post a Comment
yes