មេក្លោងចាប់ជំរិតកូនមេប៉េអឹមខេត្តសៀមរាប
ត្រូវបានចាប់ខ្លួន
ការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ អ ហ ផ ទ ចាប់បានមេក្លោងចាប់ជំរិតមនុស្ស ។ មេក្លោងចាប់ជំរិតកូនលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀម រាបឈ្មោះ ចក់ ចាន្នី ភេទប្រុស អាយុ ២៦ឆ្នាំ ត្រូវបានកំលាំងការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃស្នងការស្រាវជ្រាវ និងយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយកំលាំងកងរាជអាវុធហត្ថ ខណ្ឌដូនពេញ ចុះបង្ក្រាប និង ចាប់ខ្លួននៅវេលាម៉ោង ១៧:០០នាទី ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១១ ស្ថិតនៅចំនុចរោងជាងជួសជុលអូប័រ យីហោមិនអោម៉ា តាមបណ្តោយ ផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ តាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ ០៩ ក្រ១(ច) ចុះថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១០ របស់សាលាដំបូងខេត្តសៀមរាប-ឧត្តរមានជ័យ ។
លោកឧត្តមសេនីយ៏ត្រី សៀ សម្បត្តិ នាយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ បានមានប្រសាសន៏ថា៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញបញ្ជា ឱ្យស្នងការស្រាវជ្រាវ និង យុត្តិធម៌ ការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ ចុះធ្វើការស្រាវជ្រាវ រុករក ទណ្ឌិតឈ្មោះ ចក់ ចាន្នី ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិកន្ទុយទឹក ឃុំទៀន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រួមនិងបក្ខពួកវាម្នាក់ទៀតឈ្មោះ សយ ខ្នា ហៅ វណ្ណា ភេទប្រុសអាយុ ២៨ឆ្នាំ មានទីលំនៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ឱ្យខានតែបាន ទោះបីជាទៅដល់ទីណាក្តី រហូតមកដល់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១១ សមត្ថកិច្ចកងរាជអាវុធហត្ថ ចាប់បានមេក្លោងចាប់ជំរិត ឈ្មោះ ចក់ ចាន្នី ស្ថិតនៅចំនុចរោងជាងជួសជុលអូប័រ យីហោមិនអោម៉ា តាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ លោកឧត្តមសេនីយ៏ត្រី សៀ សម្បត្តិ បានបញ្ជាក់ថាក្រុមចាប់ជំរិតនេះ មានបក្ខពួក៦នាក់ បានធ្វើ សកម្មភាពចាប់ជំរិត ជនរងគ្រោះឈ្មោះ មន ចរិយា ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្ន នៅភូមិសាលាកន្សែង សង្កាត់ថ្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី០៦ ខែមិនា ឆ្នាំ២០០៩ នៅចំនុចភូមិវត្តបូព៌ ឃុំសាលាកំរើក ខេត្តសៀមរាប ហើយត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ ធ្វើការបង្ក្រាប បក្ខពួកវាបានចំនួន៤នាក់៖១-ឈ្មោះ ផាន់ គឹមអាន ហៅ ដា ភេទប្រុស អាយុ ២៦ឆ្នាំ២-ឈ្មោះ ចក់ ចាន់នឿន ហៅ ជេន ភេទប្រុស អាយុ ២៣ឆ្នាំ៣-ឈ្មោះ លឿត សុកញ្ញារិទ្ធ ហៅ ពៅ ភេទប្រុស អាយុ ២២ឆ្នាំ៤-ឈ្មោះ សំ សាម៉ៃ ភេទស្រី អាយុ ៤០ឆ្នាំ អ្នកទាំង៤នាក់ នេះត្រូវបានសាលាដំបូងខេត្តសៀមរាបបើកសាវនាការកាត់ទោសឱ្យជាប់ ពន្ធធនាគារ ម្នាក់ៗ១៥ឆ្នាំ គិតចាប់ពីថ្ងៃឃុំខ្លួនបណ្តោះអាសន្ន រីឯទណ្ឌិតឈ្មោះ ចក់ ចាន្នី និង សយ ខ្នា ជាមេក្លោងត្រូវបានសាលាដំបូង ខេត្តសៀមរាប កំណត់ទោសដាក់ពន្ធធនាគារម្មាក់ៗ ១៧ឆ្នាំ គិតចាប់ពីថ្ងៃចាប់ខ្លួនបាន និង យកមកឃុំខ្លួនតាម អំណាចសាលក្រម ។ បច្ចុប្បន្នៈ មេក្លោងចាប់ជំរិត ចក់ចាន្នី ត្រូវបានការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ្ធ នៃស្នងការស្រាវជ្រាវ និងយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើសំណុំបែបបទឯកសារ ប្រគល់ឧក្រិដ្ឋជនឱ្យសមត្ថកិច្ច កងរាជអាវុធហត្ថខេត្តសៀមរាប យកទៅឃុំខ្លួននៅមណ្ឌលអប់រំកែប្រែខេត្តសៀមរាប តាមនីតិវិធី ។ ទណ្ឌិត សយ ខ្នា ហៅ វណ្ណា កំលាំងជំនាញកំពុងបន្តតាមប្រមាញ់ ។
No comments:
Post a Comment
yes