កុលសម្ព័ន្ធម៉ុងតាញ៉ា១០នាក់រត់មក
ជ្រកកោននៅកម្ពុជាទាមទារត្រឡប់ទៅ
វៀតណាមវិញ
កុលសម្ព័ន្ធ ភ្នំ ឬជនជាតិភាគតិចម៉ុងតាញ៉ា (Montanhards) ១០នាក់ ក្នុងចំណោម ៦២នាក់ដែលអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានផ្តល់ឋានៈជាជនភៀសខ្លួន ហើយគេគ្រោងនឹងបញ្ជួនទៅប្រទេសកាណាដា នោះ ប៉ុន្តែពួកគេមិនចង់ទៅរស់នៅប្រទេសកាណាដាទេ គឺចង់ត្រឡប់ទៅ ប្រទេសវៀតណាមវិញ។
លោក ឃ្ស័រ លៀន (Ksor Laun) ជាជនជាតិភាគតិចម៉ុងតាញ៉ា បានមានប្រសាសន៍ឲ្យដឹង ថា អ្នកទាំង ១០នាក់ដែលកំពុងស្នាក់នៅក្នុងជំរំភៀសខ្លួន UNHCR ក្នុងរាជធានីភ្នំពេញ បានសម្រេចចិត្តមិនទៅកាន់ប្រទេសទីបី គឺប្រទេសកាណាដា នោះទេ ពីព្រោះគេចង់ទៅរស់នៅសហរដ្ឋអាមេរិក ដោយសារតែអ្នក ទាំងនោះមានបងប្អូនគេនៅទីនោះ ហើយគេមិនចង់រស់នៅបែកគ្នា។
មន្រ្តី នាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានមានប្រសាសន៍ថា លោកមិន ទាន់ដឹងអំពីការមិនចង់ទៅរស់នៅប្រទេសទីបីរបស់ជនជាតិ ម៉ុងតាញ៉ាទាំង ១០នាក់នេះនៅឡើយទេ ប៉ុន្តែបើសិនជាមានការចាប់ខ្លួនណាមួយនៅពេលគេវិលទៅវៀតណាមវិញ នោះ ជារឿងរបស់វៀតណាម ព្រោះអ្នកទាំងនោះជាប្រជាពលរដ្ឋវៀតណាម។
ជំរំ ជនភៀសខ្លួនម៉ុងតាញ៉ារបស់ UNHCR រដ្ឋាភិបាលកម្ពុជា គ្រោងនឹងបិទនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១១ ខាងមុខនេះជាកំហិត។ កាលពីឆ្នាំ២០១០ ជនភៀសខ្លួនម៉ុងតាញ៉ាចំនួន ៦២នាក់ នៅកម្ពុជា ត្រូវបានទទួលស្គាល់ដោយ UNHCR ហើយ ដើម្បីបញ្ជូនទៅតាំងទីលំនៅថ្មីនៅក្នុងប្រទេសទី៣។ ចំពោះ ជនភៀសខ្លួនចំនួន ១៤នាក់ផ្សេងទៀត ដែលបានសម្ភាសធ្លាក់កន្លងមក នឹងត្រូវបញ្ជូនឲ្យទៅរស់នៅក្នុងប្រទេសវៀតណាមវិញ។
ជន ជាតិម៉ុងតាញ៉ាជិត ១.០០០នាក់ នៅភូមិភាគកណ្ដាលប្រទេសវៀតណាម បានរត់មកលាក់ខ្លួន និងសុំសិទ្ធិជ្រកកោនពីអង្គការ UNHCR នៅក្នុងប្រទេស កម្ពុជា តាំងពីឆ្នាំ២០០៥ មក ដោយសំអាងថា ពួកគេបានរងការតាមចាប់ខ្លួនដោយអាជ្ញាធរវៀតណាម ដោយសារតែបានងើបតវ៉ាទាមទារដីធ្លី និងជំនឿលើសាសនាគ្រិស្ត។ កន្លងមក ជនភៀសខ្លួនមួយចំនួនធំ ត្រូវបានបញ្ជូនទៅតាំងទីលំនៅថ្មី នៅក្នុងប្រទេសទី៣ ដូចជាសហរដ្ឋ អាមេរិកជាដើម ៕
No comments:
Post a Comment
yes