បន្ទាប់ពីឈ្លានពានបរាជ័យ សៀមសុំចរចាទ្វេភាគី
តែកម្ពុជាទាត់ចោល
សេចក្តីរាយការណ៍របស់ថៃ បានឲ្យដឹងថា រដ្ឋាភិបាលបន្តទទូចស្វែងរកដំណោះស្រាយទ្វេភាគី នៅក្នុងបញ្ហាជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដែលបានឈានទៅដល់ការផ្ទុះអាវុធចំនួន ៤លើកជាប់គ្នា។
គេហទំព័រ MCOT របស់ថៃ បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេស កាស៊ីត ភិរម្យ បានបញ្ជូនលិខិតមួយច្បាប់ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កាលពីល្ងាចថ្ងៃចន្ទ ដោយបានលើកឡើងថា ជម្លោះព្រំដែននៃប្រទេសទាំងពីរ គួរតែត្រូវបានដោះស្រាយនៅត្រឹមកម្រិតទ្វេភាគី។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ផានីតាន់ វឌ្ឍនាយ៉ាខន ត្រូវបាន MCOT ដកស្រង់សម្តី ដែលបានថ្លែងថា៖ «ថៃរក្សាសិទ្ធិបញ្ជាក់ថា កម្រិតទ្វេភាគី គឺជាដំណោះស្រាយដ៏ល្អបំផុត»។ ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងនៅអំឡុងសន្និសីទកាសែតរួមមួយកាលពីរសៀលថ្ងៃចន្ទជាមួយអ្នកនាំពាក្យយោធាថៃ សានសឿន កែវកំណើត និង ឆាវ៉ាណុន ឥន្ទ្រកុម៉ាលយ៉ាសុទ្ធ ជំនួយការរបស់រដ្ឋមន្ត្រីការបរទេសថៃ។
អ្នកនាំពាក្យរូបនោះបន្តថា៖ «យើងសូមបញ្ជាក់ថា ការប៉ះទង្គិចគ្នានេះគឺពិតជាចេតនាមួយដើម្បីនាំយកបញ្ហានេះទៅឆាកអន្តរជាតិ ហើយនាំប្រទេសដទៃទៀតចូលមកពាក់ព័ន្ធក្នុងជម្លោះទឹកដី និងអធិបតេយ្យជាតិនេះ»។
សុមជំរាបថានាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី៧ កុម្ភះ ថា ការផ្ទុះអាវុធរវាងកងទ័ពនៃប្រទេសទាំងពីរ គឺផ្តើមចេញពីទាហានថៃព្យាយាមនាំគ្រឿងចក្រចូលមកឈូសឆាយផ្លូវឡើងទៅកាន់វត្តកែវសិក្ខាគិរីស្វរៈ ជាទីដែលភាគីទាំងពីរឯកភាពថា មិនអនុញ្ញាតឲ្យនរណា
ម្នាក់ឈរជើងឡើយ។នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា៖ «បើអ្នកឯង[ភាគីថៃ]មិនមកធ្វើផ្លូវហ្នឹង កុំនាំទ័ពចូលមកកន្លែងហ្នឹង[វត្តកែវសិក្ខាគិរីស្វរៈ] ហើយ
អ្នកឯងកុំបាញ់ខ្ញុំមុន ក៏គ្មានរឿងហ្នឹងកើតឡើងដែរ»។
រដ្ឋាភិបាលកម្ពុជា បានសម្រេចប្រើយន្តការអន្តរជាតិហើយ បន្ទាប់ពីយន្តការទ្វេភាគីមិនអាចបញ្ចប់ជម្លោះ។ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «យើងមានតែដឹកដៃគ្នាទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីទប់ស្កាត់ជម្លោះ ឬក៏ដឹកដៃគ្នាទៅតុលាការអន្តរជាតិក្រុងឡាអេ ឬក៏ស្វែងរកយន្តការអន្តរជាតិណាមួយ បើមិនដូច្នេះទេ សង្រ្គាមនឹងមិនចប់ទេ»៕

No comments:
Post a Comment
yes