សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 17, 2011

សម្ដេច​ក្រុមព្រះ​នឹង​ដឹកនាំ​គណបក្ស​ឲ្យ​ក្លាយ​ជា​បក្ស​ធំ​ទី​២


ព្រះ​ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ បាន​បង្ហាញ​ពី​មហិច្ឆតា​ដឹកនាំ​គណបក្ស​របស់​ខ្លួន​ឲ្យ​ក្លាយ​ជា​បក្ស​ធំ​ទី​ពីរ​ បន្ទាប់​ពី​គណបក្ស​​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច។
អតីត​នាយករដ្ឋមន្ត្រី​ទី​១​កម្ពុជា អាណត្តិ​ទី​១ សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បច្ចុប្បន្ន​ជា​ព្រះ​ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ។ ព្រះអង្គ​មាន​បន្ទូល​ថា គណបក្ស​នេះ​មាន​យុទ្ធសាស្ត្រ​ថ្មី​មួយ គឺ​ប្រកាន់​យក​នយោបាយ​និយម​កណ្តាល​ ដោយ​មិន​ប្រឆាំង​នឹង​គណបក្ស​ណា​មួយ ប៉ុន្តែ​គណបក្ស​នេះ​នឹង​ផ្តោត​​​លើ​ការ​បង្រួប​បង្រួម​កម្លាំង​រាជានិយម។
សម្តេច​ក្រុមព្រះ​មាន​បន្ទូល​ដូច្នេះ​ក្នុង​ពិធី​រំលឹក​ខួប ៥​ឆ្នាំ ថ្ងៃ​បង្កើត​គណបក្ស នរោត្តម រណឫទ្ធី ថ្ងៃ​ទី​១៦ វិច្ឆិកា ឆ្នាំ​២០០៦ – ១៦ វិច្ឆិកា ឆ្នាំ​២០១២ នៅ​មជ្ឈមណ្ឌល​ម៉ុងឌីយ៉ាល់ ក្រុង​ភ្នំពេញ។ ព្រះ​អង្គ​មាន​ជំនឿ​ថា ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៣ ខាង​មុខ បក្ស​រាជនិយម​របស់​ព្រះអង្គ​នឹង​ទទួល​បាន​អ្នក​គាំទ្រ​ក្នុង​លំដាប់​លេខ​រៀង​បន្ទាប់​ពី​គណបក្ស​ប្រជាជន។ 
សម្ដេច​ក្រុម​ព្រះ​មាន​បន្ទូល​ដូច្នេះ៖ «ទិសដៅ​ធំ​បំផុត​រួប​រួម​គ្នា ផ្សះផ្សា​ជាតិ​រួម​គ្នា។ មាន​ន័យ​ថា គណបក្ស នរោត្តម រណឫទ្ធិ ខ្ញុំ​យល់​ថា មាន​ទិសដៅ​សំខាន់​បំផុត​ក្នុង​ការ​ដោះស្រាយ​បញ្ហា គឺ​ការ​បូក​គ្នា ការ​បង្រួបបង្រួម​ទៅ​កម្លាំង​ជាតិ​ដើម្បី​បំរើ​ជាតិ​នេះ​ឯង»។ 
​នៅ​ក្នុង​ពិធី​នេះ ​សម្ដេច​ក្រុមព្រះ​ក៏​បាន​បដិសេធ​មិន​បង្រួបបង្រួម ឬ​ក៏​ចូល​រួម​ជាមួយ​គណបក្ស​ប្រឆាំង​ណា​មួយ​នោះ​ទេ។ 
ទាក់ទង​បន្ទូល​សម្ដេច​ក្រុមព្រះ លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស មាន​ប្រសាសន៍​ថា លោក​មិន​មាន​ជំនឿ​ថា ការ​វិល​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​របស់​ព្រះអង្គ​អាច​មាន​ពលរដ្ឋ​គាំទ្រ​ទៀត​ទេ ព្រោះ​លោក​យល់​ថា ប្រជាពលរដ្ឋ​ខ្មែរ​បាន​អស់​ជំនឿ​ទៅ​លើ​​ការ​ដឹកនាំ​របស់​ព្រះអង្គ​ចាប់​តាំង​ពី​អាណត្តិ​ទី​១ ឆ្នាំ​១៩៩៣ មក​ម្ល៉េះ។ 
លោក កឹម សុខា បន្ថែម៖ «សម្ដេច​ក្រុម​ព្រះ​លោក​អស់​តម្លៃ​ហើយ​នៅ​ក្នុង​ឆាក​នយោបាយ​ខ្មែរ ព្រោះ​លោក​ធ្លាប់​គេ​ឲ្យ​ឈ្នះ​ហើយ ហើយ​ដល់​ទៅ​ឈ្នះ​ហើយ​ធ្វើ​មិន​កើត​ផង។ ដូច្នេះ​គ្មាន​គោលនយោបាយ​អី​មក​ទៀត​ទេ និង​រឹតតែ​មិន​មែន​ជា​គូប្រកួត​របស់​គណបក្ស​សិទ្ធិ​មនុស្ស។ គណបក្ស​សិទ្ធិ​មនុស្ស គូ​ប្រកួត​គឺ​គណបក្ស​ប្រជាជន​កម្ពុជា»។
បន្ថែម​លើ​នេះ លោក កឹម សុខា បាន​ពោល​ចំអក​ថា ការ​បោះ​ឆ្នោត​សកល​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ ខាង​មុខ គណបក្ស នរោត្តម រណឫទ្ធិ ស្ទើរ​រក​​មិន​បាន​១​អាសនៈ​ក្នុង​រដ្ឋ​សភា​ផង​ទេ កុំ​ថា​ឡើយ​ដល់​ទៅ​ក្លាយ​ជា​បក្ស​ធំ​ទី​២ បន្ទាប់​ពី​បក្ស​កាន់​អំណាច​នោះ»
។ 
មិន​ខុស​គ្នា​ទេ​សម្រាប់​លោក​បណ្ឌិត សុខ ទូច អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​ឯករាជ្យ​នៅ​កម្ពុជា។ លោក​មាន​ប្រសាសន៍​ថា សម្តេច​​ក្រុមព្រះ​មិន​អាច​កែ​នគរ​ឲ្យ​ពលរដ្ឋ​ខ្មែរ​វិល​មក​គាំទ្រ​ព្រះអង្គ​ដូច​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ទៀត​នោះ ​​មិន​អាច​ទៅ​រួច​ទេ។ 
លោក​បណ្ឌិត សុខ ទូច បន្ថែម៖ «បើ​ព្រះអង្គ​ជឿ​ជាក់​ថា អាច​ក្លាយ​ជា​គណបក្ស​ធំ​ទីពីរ​វា​អត់​អាច​ទៅ​រួច​ទេ។ ទី​១ លោក​បាន​ក្លាយ​ទៅ​ជា​គណបក្ស​ធំ​ទី​១ ហើយ​មក​គណបក្ស​ធំ​ទី​២ ហើយ​រហូត​ដល់​ស្ទើរ​តែ​គ្មាន​សំឡេង​ទៀត»។ 
លោក​បាន​ចាត់​បន្ទូល​សម្ដេច​ក្រុមព្រះ​ថា ជា​បន្ទូល​លួងលោម​ចិត្ត ឬ​ក៏​លើក​ទឹក​ចិត្ត​សមាជិក​គាំទ្រ​គណបក្ស នរោត្តម រណឫទ្ធិ ដែល​មាន​វត្តមាន​នៅ​ក្នុង​ពិធី​អ្វី​មួយ។ ប៉ុន្តែ​ជាក់ស្ដែង​ពលរដ្ឋ​បាន​អស់​ជំនឿ​ទៅ​លើ​ការ​ដឹកនាំ​របស់​ព្រះអង្គ​ទៅ​ហើយ។ 
សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​វិល​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ និង​ដឹកនាំ​គណបក្ស នរោត្តម រណឫទ្ធិ មាន​រយៈ​ពេល​ជិត​មួយ​ឆ្នាំ កាល​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១០។ 
ការ​វិល​មក​ឆាក​នយោបាយ​ជា​ថ្មី ព្រះអង្គ​បាន​ជ្រើស​យក​ជំហរ​នយោបាយ​កណ្តាល និង​ស្វែង​រក​ដោះស្រាយ​បញ្ហា​ជាតិ​​ក្រោម​ដំបូល​​រាជបល្ល័ង្ក។
បន្ថែម​លើ​នេះ បេសកកម្ម​នយោបាយ​របស់​ព្រះអង្គ​ គឺ​ប្រមូល​អ្នក​រាជានិយម​ និង​អ្នក​ជាតិ​និយម​ឲ្យ​រួម​គ្នា ប៉ុន្តែ​ឲ្យ​មិន​​ប៉ះពាល់​គណបក្ស​ប្រឆាំង ជា​ពិសេស​មិន​ប៉ះពាល់​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ៕


ពីវិទ្យុ អាស៊ីសេរី

No comments:

Post a Comment

yes