ព្រះតេជព្រះគុណ លួន សុវ៉ាត ដែលរងការបណ្ដេញចេញពីវត្តកាលពីពាក់កណ្ដាលខែសីហា កំពុងគង់ចល័តនៅតាមទីនានា
ព្រះតេជព្រះគុណ លួន សុវ៉ាត មានថេរដិកាប្រាប់វិទ្យុអាស៊ីសេរីពីប្រទេសកម្ពុជាថាព្រះអង្គកំពុងគង្គនៅជាលក្ខណៈចល័ត និងរក្សាខ្លួនព្រះអង្គជាសង្ឃកាន់ព្រះពុទ្ធសាសនាដដែល ទោះបីជាព្រះអង្គមិនមានទំនាក់ទំនងជាមួយវត្តអារាម និងព្រះសង្ឃឯទៀត បន្ទាប់ពីមានការប៉ះទង្គិចជាមួយរដ្ឋអំណាច ក្នុងការបញ្ចេញមតិការពារសិទ្ធិពលរដ្ឋ ដែលនាំទៅដល់ការបណ្ដេញព្រះសង្ឃចេញពីវត្ត។
ព្រះអង្គរស់នៅចាត់ចែងចង្ហាន់ដោយថវិកាផ្ទាល់ខ្លួន រួមជាមួយនិងការឧបត្ថម្ភពីញាតិញោមតាមសហគមន៍ដែលស្រឡាញ់រាប់អានព្រះអង្គ ចាប់តាំងពីព្រះអង្គចាកចេញពីវត្តមក ៖ "ស្ថានភាពមកដល់ពេលនេះគឺអាត្មាមិនមានវត្តអារាមណាមួយដែលអាត្មាអាចស្នាក់នៅបានទេ ដូច្នេះការត្រាច់ចរ... ទុកតែមិនបានស្នាក់នៅក្នុងវត្តក៏មានពុទ្ធបរិស័ទខ្មែរ ទាំងក្នុងប្រទេស ក្រៅប្រទេស រួមទាំង... ហើយបានចង្ហាន់ពីពុទ្ធបរិស័ទពេលដែលអាត្មាគង់នៅទីណាប្រជាសហគមន៍នៅទីនោះប្រគេនទំនុកបម្រុងឲ្យអាត្មា"។
ព្រះតេជព្រះគុណ លួន សុវ៉ាត មានបន្ទូលទៀតថា ការរក្សាសីលតាមព្រះពុទ្ធសាសនាមិនចាំបាច់តែរស់អាស្រ័យនៅក្នុងវត្តអារាមនោះទេ គឺអាស្រ័យតាមការគោរព និងកាន់វិន័យធម៌តាមបែបព្រះពុទ្ធបានត្រឹមត្រូវខ្ជាប់ខ្ជួនតែប៉ុណ្ណោះ ៖ "ការពិតបើនិយាយពីអ្នកបួសគឺមិនបួសឲ្យសប្បាយ ឲ្យស្រណុក ឬបួសទៅនៅតែក្នុងវត្តទេ បើនិយាយពីអ្នកបួស គឺបួសត្រូវមើលធម៌វិន័យរបស់ព្រះពុទ្ធសាសនា គឺអង្គរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះពុទ្ធគ្រប់ទីកន្លែង គ្រប់ពេលវេលា ដែលព្រះអង្គតែងតែជួយសង្គ្រោះមនុស្សសត្វរស់នៅ ដែលរងទុកលំបាកវេទនា ហើយព្រះពុទ្ធគឺចល័តគ្រប់ទីកន្លែងតាមស្រុកស្រែចម្ការ តាមទីព្រៃ លើភ្នំ ក្រោមថ្ម គឺព្រះពុទ្ធលោកដើរចូលទៅក្នុងសង្គម។ យ៉ាងណាចំពោះអាត្មា ដែលរងការគំរាមការបណ្ដេញចេញ រងការបំបិទសិទ្ធិ គេពុំមើលធម៌វិន័យរបស់ព្រះពុទ្ធសាសនាទេ ដោយយកព្រះពុទ្ធសាសនាធ្វើជាឧបករណ៍លេងសើចផ្នែកនយោបាយ ដើម្បីធ្វើបាបព្រះសង្ឃ ដូចជាអាត្មាជាដើម គ្រាន់តែជួយប្រោសសត្វគេថាខុស"។
ព្រះអង្គក៏បានសង្វេគក្នុងចិត្តខ្លះដែរ ដោយពិធីកាន់បិណ្ឌភ្ជុំបិណ្ឌឆ្នាំនេះទាំងមូល ព្រះអង្គមិនអាចចូលវត្តកាន់បិណ្ឌជាមួយព្រះសង្ឃឯទៀត និងបរិស័ទក្នុងវត្តនៅប្រទេសកម្ពុជាបាន។ ដោយហេតុនេះហើយ ព្រះសង្ឃ និងសហគមន៍ខ្មែរនៅក្នុងប្រទេសអូស្ត្រាលី បាននិមន្តព្រះអង្គចូលទៅកាន់បិណ្ឌនៅក្នុងវត្តធំ នៅក្នុងទីក្រុង Sydney នៃប្រទេសអូស្ត្រាលី ៖ "ជាការគាបសង្កត់គំរាមកំហែងដ៏ធ្ងន់ធ្ងរពីព្រោះព្រះសង្ឃ មិត្តភ័ក្ដិ និស្សិតនៅក្នុងវត្តក្ដី គេហាមមិនឲ្យទាក់ទងមកអាត្មាទេ ហើយថាបើអ្នកណាមួយហ៊ានទាក់ទងមកអាត្មា គេចាត់ទុកថាអ្នកនោះមិនគោរពតាមបទបញ្ជា ដែលគេហាមប្រាម ហើយនឹងត្រូវគេបណ្ដេញចេញដូចអាត្មាអ៊ីចឹងដែរ។ បុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ គឺអាត្មានៅប្រទេសអូស្ត្រាលី បងប្អូនប្រជាពលរដ្ឋខ្មែរ គាត់បាននិមន្តអាត្មាទៅប្រារព្ធកាន់បិណ្ឌនៅប្រទេសអូស្ត្រាលី"។
ព្រះតេជព្រះគុណ លួន សុវ៉ាត ចាប់ផ្ដើមនិមន្តគង្គចល័តតាំងពីព្រះអង្គចាកចេញពីវត្តមួយក្នុងខេត្តសៀមរាប ពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១១ បន្ទាប់ពីសង្ឃដិកាបន្តបន្ទាប់បានចេញបម្រាមដល់គ្រប់ទីវត្តអារាមក្នុងរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យព្រះអង្គគង្គនៅក្នុងរាជធានីភ្នំពេញ ដោយសារការបញ្ចេញមតិការពារសិទ្ធិពលរដ្ឋកន្លងមករបស់ព្រះអង្គ។
ព្រះអង្គ លួន សូវ៉ាត មានថេរដិកាអះអាងថា ព្រះអង្គមានការសោកស្ដាយណាស់ ដែលព្រះអង្គពុំបានធ្វើអ្វីខុសនឹងច្បាប់សង្ឃទាល់តែសោះ ៖ "ការចោទប្រកាន់ការហាមប្រាមហ្នឹង គឺវាខុសទៅក្នុងព្រះពុទ្ធសាសនាទាំងស្រុងតែម្ដង ហើយមិនមែនជាសង្ឃសម្រេចប្រកាសទេ ជាបុគ្គលប្រកាស អំណាចប្រកាស ឬក៏ផ្ដាច់ការប្រកាស… មិនមែនជាសេចក្ដីប្រកាសរបស់សង្ឃទេ។ អាត្មាបដិសេធមិនទទួលស្គាល់ជាដាច់ខាត... ក្នុងព្រះសង្ឃទូទៅជាង ៦ម៉ឺនអង្គក្នុងប្រទេសកម្ពុជា ក៏លោកមិនឯកភាពដែរ លោកមិនឯកភាព មិនគាំទ្រនូវសង្ឃសម្រេចនោះទេ មិនមែនជាសង្ឃសម្រេច"។
ព្រះអង្គ លូន សុវ៉ាត ថ្មីៗនេះទើបបានចូលរួមប្រជុំជាមួយសកម្មជនអ្នកការពារសិទ្ធិមនុស្ស នៅក្នុងប្រទេសអៀរឡង់ ដែលមានសមាជិកចូលរួមពីប្រទេសខុសៗគ្នាចំនួនជាង ៩០ប្រទេសក្នុងពិភពលោក តាមការនិមន្តអញ្ជើញរបស់អង្គការសិទ្ធិមនុស្សអន្តរជាតិ ឈ្មោះអ្នកការពារជួរមុខ។
អង្គការអ្នកការពារជួរមុខ ជាអង្គការការពារសកម្មជនរងគ្រោះពីការការពារសិទ្ធិមនុស្សនៅក្នុងតំបន់។ ព្រះអង្គមានថេរដិកាដែរថា នៅក្នុងសេចក្ដីប្រកាសចុងក្រោយនៃកិច្ចប្រជុំនោះ អង្គការ Frontline Defenders នេះ បានផ្ដល់ឱវាទថា ឲ្យសមាជិកទាំងអស់ជួយផ្ដល់ព័ត៌មានឲ្យបានឆាប់ ដើម្បីស្វែងរកការគាំទ្រពីអង្គការអន្តរជាតិផ្សេងៗ នៅលើពិភពលោក ប្រសិនសកម្មជនណាមួយទទួលរងការគំរាមធ្ងន់ធ្ងរដល់សុវត្ថិភាពពីសំណាក់អាជ្ញាធរក្នុងតំបន់។
ព្រះអង្គ លូន សូវ៉ាត ក៏បានអង្គការការពារសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ផ្ដល់រង្វាន់ Hellman/Hammett ក្នុងការបញ្ចេញមតិការពារសិទ្ធិពលរដ្ឋក្នុងតំបន់ដែរ៕
ពីវិទ្យុ អាស៊ីសេរី
No comments:
Post a Comment
yes