សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, November 12, 2011

លោក ព្រហ្ម ម៉ាញ រត់ឡើងជិះ ម៉ូតូឌុបគេចខ្លួន  ខណៈសមត្ថកិច្ច  ឃាត់រថយន្ត បន្ទាប់ពីបង្ក គ្រោះថ្នាក់ចរាចរ


 លោក មាន សំណាង អធិការ​ស្រុក អង្គស្នួល បាននិយាយដោយ អះអាងតាមនគរបាលចរាចរណ៍
រាជធានីភ្នំពេញមួយរូប ថា លោក ព្រហ្ម ម៉ាញ ពិតជាបានឋិតនៅក្នុងរថយន្ត ដែលបង្កគ្រោះថ្នាក់
ចរាចរណ៍កាលពីថ្ងៃទី១៦ ខែតុលា តែលោកបានរត់ឡើងជិះម៉ូតូឌុប គេចខ្លួន បន្ទាប់សមត្ថកិច្ច​រាជធានីភ្នំពេញ ឃាត់រថយន្តរបស់លោក នៅក្បែរស្ពានអាកាស ស្តុបមន្ទីរពេទ្យលោកសង្ឃ ខណៈ
ដែលលោកព្យាយាមបើករត់ ក្រោយពីរថយន្តរបស់លោក បានបុកអ្នកជិះម៉ូតូពីរនាក់​ឲ្យរបួសធ្ងន់ ម្នាក់បាក់ជើងស្តាំ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិត្រពាំងរនោច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល  តែបែរជាប៉ុន្មានថ្ងៃមុនេះ លោកព្រហ្ម ម៉ាញ ចេញបដិសេដតាមកញ្ចក់ទូរទស្សន៍
អាស៊ីអាគ្នេយ៍ថា មិនបានរួមដំណើរនៅក្នុងរថយន្តនោះទេទៅវិញ តើនេះជាគេចវេះពីការពិត ឬខ្លាច
ធ្លាក់ប្រជាប្រិយភាព ទើបខំបកស្រាយលាងជម្រះភាពអាស្រូវរបស់ខ្លួន?។


 លោកឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន ស្នងការនគរបាល ខេត្តកណ្តាល និងជាជំនួយការ សម្តេចតេជោ ហ៊ុន សែន បាននិយាយប្រាប់​ដើមអម្ពិល ពាក់ព័ន្ធនឹងរឿងចោទ ប្រកាន់ពីសំណាក់ តារាកំប្លែង ព្រហ្ម ម៉ាញ ទៅលើលោកអធិការស្រុកអង្គស្នួល បានទារលុយ ៥០០ដុល្លារនោះ លោកសូម
អះអាងថា មន្រ្តីនគរបាលរបស់លោក តប្រាកដជាមិនបានប្រព្រឹត្តដូចការចោទប្រកាន់នេះឡើយ ។


 លោកស្នងការបានបន្តថា ផ្ទុយទៅវិញលោកបានជួយសម្រួល ដល់ការដោះស្រាយគ្រោះថ្នាក់នេះ ដោយឡែកចំណុចថា លោកព្រហ្ម ម៉ាញ បុកគេហើយ ព្យាយាមបើករត់គេចនោះ តើខុស ឬត្រូវ ? បុកគេពីចំណុចស្រុកអង្គស្នួល បើករត់រហូតមកដល់ចំណុចក្បែរមន្ទីរពេទ្យ លោកសង្ឃ ទើបត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់បាន ហើយប្រគល់ទៅឲ្យអធិការស្រុកអង្គស្នួលវិញ ។


 លោកស្នងការបានចោទជាសំណួរថា ត្រង់ចំណុចនេះ តើលោក ព្រហ្ម ម៉ាញ ត្រូវច្បាប់ ឬខុសច្បាប់ លើបញ្ហាបុកគេហើយ បើករត់គេចនោះ ចុះបើគេចខ្លួនបាត់នោះ ជនរងគ្រោះទាំងនោះ នឹងទៅ
ជាយ៉ាងណា? ចំណែក ៥០០ដុល្លារ ដែលថា លោកអធិការ ស្រុកអង្គស្នួល ទាមទារ ពីលោកព្រហ្ម ម៉ាញ នោះ លោកបានបញ្ជាក់ជាថ្មីថា "ខ្ញុំហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនបើមន្រ្តី
នគរបាលរបស់លោកបានធ្វើបែបនោះ" ។


 អធិការនគរបាលស្រុកអង្គស្នួល លោក មាន សំណាង ហៅ ចក្រី បានច្រានចោលទាំងស្រុង នូវការចោទប្រកាន់ផ្ដេសផ្ដាសរបស់តារាចម្រៀងអាយ៉ៃ ព្រហ្ម ម៉ាញ ដែលនិយាយថា អធិការ
នគរបាលស្រុកអង្គស្នួល បានទារលុយគាត់ចំនួន ៥០០ដុល្លារ ទាក់ទិនទៅនឹងគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្ដរបស់លោក កាលពីថ្ងៃទី១៦ ខែតុលា កន្លងទៅ ។


 អធិការនគរបាលស្រុករូបនេះ បានបញ្ជាក់ទៀតថា ក្រោយពីបញ្ជូនសំណុំរឿងទៅ ខេត្ដ លោក ព្រហ្ម ម៉ាញ បានមកទទួលរថយន្ដ នៅអធិការដ្ឋាន នគរបាលស្រុកអង្គស្នួល ហើយពេលនោះ លោកបានផ្ដល់ថវិកាចំនួន ២០ ដុល្លារ ជូនដល់កម្លាំងសមត្ថកិច្ចនៅស្រុកអង្គស្នួល ក្នុងពេលបំពេញ ភារកិច្ចថា មានភាពនឿយហត់ ។


 ការចេញមកបដិសេធពី សំណាក់អធិការនគរបាល ស្រុកអង្គស្នួលរូបនេះ បានធ្វើឡើងបន្ទាប់
ពីតារាចម្រៀងអាយ៉ៃ និងកំប្លែងរូបនេះ បានរិះគន់ ជាសាធារណៈនៅ តាមកញ្ចក់ទូរទស្សន៍
អាស៊ីអាគ្នេយ៍ កាលយប់ថ្ងៃទី ០៩ វិច្ឆិកា ថា អធិការនគរបាលស្រុកអង្គស្នួល បានទារលុយពីរូប លោក ចំនួន ៥០០ដុល្លារ ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៦ ខែតុលា ។


 សូមជំរាបថា  សមត្ថកិច្ចរាជធានីភ្នំពេញ បានឃាត់រថយន្តដ៏ទំនើប របស់លោក ព្រហ្ម ម៉ាញ នៅម្តុំស្តុបពេទ្យលោកសង្ឃ កាលពីរសៀលថ្ងៃអាទិត្យ ទី១៦ ខែតុលា បន្ទាប់ពីរថយន្តរបស់គាត់ បានបុកអ្នកជិះម៉ូតូពីរនាក់ឲ្យរបួសធ្ងន់ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិត្រពាំងរនោច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល  ខណៈដែលរថយន្តនេះកំពុងធ្វើដំណើរ ពីខេត្តព្រះសីហនុ មកភ្នំពេញ ហើយក៏បានពើបប្រទះនឹងម៉ូតូ ដែលកំពុងធ្វើដំណើរបញ្រ្ចាស់ទិស។


 មន្រ្តីនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នោះ បណ្តាលឲ្យលោក  ម៉ៅ មិនា អាយុ២៣ឆ្នាំ ជាសិស្សនាយទាហានសកម្ម ត្មាតពងរងរបួសបាក់ជើងស្តាំ រីឯជនរងគ្រោះម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណនោះទេ តែមានស្រុកកំណើតនៅខេត្តបាត់ដំបង។


 ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង រថយន្តរបស់លោក ព្រហ្ម ម៉ាញ បានបើកបរតាមបណ្តោយ ផ្លូវជាតិលេខ៤ ពីកើតមកលិច លុះ
ដល់ចំណុចកើតហេតុ ម៉ូតូម៉ាកវីវ៉ា បានបើកបញ្រ្ចាស់ទិសរថយន្ត ក្នុងល្បឿនលឿនឌុបអ្នកជិះ
ម្នាក់ ពេលនោះម៉ូតូបើកវ៉ារថយន្តមួយគ្រឿង ផ្សេងទៀត នៅពីខាងមុខ ហើយក៏ជ្រុលចង្កូតចូល
ចំណែកផ្លូវម្ខាងទៀត ដែលរថយន្តរបស់លោក ព្រហ្ម ម៉ាញ ម៉ាក CHEVROLET ពណ៌ខ្មៅពាក់ ស្លាកលេខ បណ្ដោះអាសន្ន ១៥៩១ កំពុងបោះពួយយ៉ាងលឿន បណ្តាលឲ្យបុកគ្នា ហើយអ្នក
ជិះម៉ូតូទាំងពីរនាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។


 សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង នៅស្រុកអង្គស្នួល ខេត្តកណ្តាល មិនបានធ្វើឲ្យរថយន្តរបស់លោក ព្រហ្ម ម៉ាញ ឈប់ស្ងៀមទេ តែក៏បានបោះពួយយ៉ាងលឿន សំដៅ
មករាជធានីភ្នំពេញ តែត្រូវបានមន្រ្តីនគរបាលស្ទាក់ចាប់បាន នៅភ្លើងស្តុបពេទ្យលោកសង្ឃ។



 គួរបញ្ជាក់ថា ការឆ្លើយឆ្លងគ្នាតាមបណ្តាញព័ត៌មានរវាងមន្រ្តីនគរបាលខេត្តកណ្តាល និងលោក ព្រហ្ម ម៉ាញ ប្រៀបដូចជាអាយ៉ៃឆ្លើយឆ្លង អស់រយៈពេលជាច្រើនថ្ងៃ មកហើយ គឺផ្តើមចេញពី
ការរិះគន់របស់លោក ព្រហ្ម ម៉ាញ តាមកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១១ ទៅលើអធិការស្រុកអង្គស្នួល និងអ្នកកាសែត ពាក់ព័ន្ធទៅរឿងគ្រោះថ្នាក់ចរាចរណ៍។ គេនៅរង់ចាំមើល តើតារាចម្រៀងអាយ៉ៃរូបនេះ នឹងចេញមកស្រាយបែបណា ចំពោះការបញ្ជាក់
របស់មន្រ្តីនគរបាលខាងលើនេះ៕








ពីគេហទំព័រ៖ នគរវត្ត

No comments:

Post a Comment

yes