សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, November 19, 2011

អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី ៥ រូប នឹងត្រូវលាលែងពីរដ្ឋសភា


​មន្ត្រីជាន់ខ្ពស់​គណបក្ស សម រង្ស៊ី មួយរូប​បាន​ប្រាប់អោយដឹងថា អ្នកតំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី ចំនួន ៥ រូប បាន​ស្ម័គ្រចិត្ត​លាលែង ចេញពី​តំណែង​តំណាងរាស្ត្រ ដើម្បី​អនុវត្ត​នូវ​យុទ្ធសាស្ត្រ ធ្វើ​ឲ្យ​រដ្ឋសភា មិន​ពេញលក្ខណៈ​ច្បាប់ ក្នុង​ការអនុម័ត​ថវិកា​ជាតិ​ឆ្នាំ​២០១២ នាពេលខាងមុខ​។ ឈ្មោះ​អ្នក​ទាំង​តំណាងរាស្ត្រ​ទាំង ៥ រូបនោះ ត្រូវបាន​បញ្ជូន​ទៅ​ឲ្យ​លោក​សម​រង្ស៊ី ដើម្បី​ពិនិត្យ សម្រេច​រួចរាល់​ហើយ​។​


មន្ត្រីជាន់ខ្ពស់​គណបក្ស​សមរង្ស៊ី​ដដែល បាន​អោយដឹង​បន្ត​ថា អ្នកតំណាងរាស្ត្រ​ទាំង ៥ រូប ដែល​បាន​បញ្ជូន​ឈ្មោះ​ទៅ​អោយ​លោក សម រង្ស៊ី រួមមាន​៖ លេខ​រៀង​ទី​១-​លោកស្រី កែ សុវណ្ណ​រតន៍ អគ្គលេខាធិការ និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​សៀមរាប​, ២-​លោក ម៉ែន សុថា​វ​រិន្ទ្រ អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ធំ​, ៣-​លោក ហូរ វ៉ាន់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ​, ៤-​លោក នុត រំដួល អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ និង​ទី​៥-​លោកស្រី ថាក់ ឡា​នី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​។​

លោកស្រី កែ សុវណ្ណ​រតន៍ អគ្គលេខាធិការ​គណបក្ស សម រង្ស៊ី បាន​អោយ​ដឹងថា ក្នុង​ដំណាក់កាល​ទី​១​នេះ នឹង​មាន​អ្នកតំណាងរាស្ត្រ​ចំនួន ៤ រូប របស់​គណបក្ស​សម​រង្ស៊ី នឹង​ប្រកាស​លាលែង​។ ក្នុងនោះ មាន​អ្នកតំណាងរាស្ត្រ ក្នុង​តំណែង​ចំនួន ៣ រូប និង​មួយ​រូប​ទៀត គឺ​លោក​ប្រធាន សម រង្ស៊ី​។​


លោកស្រី បន្ថែមថា ការលាលែង​នេះ ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​កម្ពុជា ដែល​រងគ្រោះ​ដោយសារ​ការ​រឹបអូស​យក​ដីធ្លី ការបណ្តេញចេញ និង​មួយទៀត​ចង់​អោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. មាន​តម្លាភាព និង​ត្រឹមត្រូវ​យុត្តិធម៌ ពីព្រោះ គ​.​ជ​.​ប​. សព្វថ្ងៃ ស្ថិតនៅក្រោម​គណបក្សកាន់អំណាច​។​

សូម​រម្លឹកថា លោក​សម​រង្ស៊ី កាលពី​ថ្ងៃ​ទី​១៦​វិច្ឆិកា ឆ្នាំ​២០១១ បាន​ប្រកាស​ចេញ​នូវ​យុទ្ធសាស្ត្រ វិបត្តិ​រដ្ឋធម្មនុញ្ញ ដែល​នឹង​ធ្វើ​ឲ្យ​រដ្ឋសភា ខ្វះ​លក្ខណៈ​ផ្លូវច្បាប់ ចំពោះ​ការប្រជុំ​អនុម័ត​ច្បាប់​ថវិកាជាតិ​នៅ​ឆ្នាំ​២០១២​ខាងមុខ ដូច​ការ​កំណត់ ក្នុង​រដ្ឋធម្មនុញ្ញ មាត្រា ៧៦​។ មាត្រា ៧៦ ដែល​បាន​កំណត់​ថា រដ្ឋសភា នឹង​មិន​ពេញលក្ខណៈ​ផ្លូវច្បាប់ ប្រសិនបើ​អ្នក​តំណាងរាស្ត្រ​មាន​តិច​ជាង ១២០ រូប ក្នុងចំណោម​សមាជិក​រដ្ឋសភា​សរុប ១២៣ រូប​។​

ការលើកឡើង​របស់​លោក​សមរង្ស៊ី​ដូច្នេះ បាន​ធ្វើឡើង ខណៈ​ដែល​រដ្ឋសភា នឹង​ត្រូវ​បើក​កិច្ចប្រជុំ​នាពេលខាងមុខ ដើម្បី​អនុម័ត​លើ​សេចក្តីព្រាង​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១២ ដែល​មាន​ចំនួន​ជាង ២៦០០ លាន​ដុល្លារ​។ ក្នុង​ពង្រាង​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១២ ក៏​បាន​បើកផ្លូវ​ឲ្យ​រដ្ឋាភិបាល អាច​ខ្ចី​ប្រាក់​បំណុល​ពី​បរទេស​ប្រមាណ​ជាង ១.០០០ លាន​ដុល្លារ​។​

យ៉ាងណាក៏ដោយ សមាជិកសភា និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប បាន​លើកឡើង​ថា ការលើកឡើង​របស់​លោក​សមរង្ស៊ី​ខាងលើ នឹង​មិន​រារាំង​ដល់​ដំណើរការ​អនុម័ត​ច្បាប់​នៅ​រដ្ឋសភា​ទេ​។ ការយល់ឃើញ​របស់​លោក​សមរង្ស៊ី គ្រាន់តែ​ជា​ការ​យល់សប្តិ និង​មិន​អាច​ក្លាយ​ជា​ការ​ពិត​ឡើយ​។ ផ្ទុយទៅវិញ គណបក្ស​សមរង្ស៊ី នឹង​ត្រូវ​បាត់បង់​អាសនៈ​ក្នុង​រដ្ឋសភា ប្រសិនបើ​មាន​តំណាងរាស្ត្រ​លាលែង ដូច​អ្វី​ដែល​លោក ហ៊ុន​សែន បានលើកឡើង កាលពី​ថ្ងៃ​ច័ន្ទ ទី​១៤​វិច្ឆិកា ឆ្នាំ​២០១១៕​

No comments:

Post a Comment

yes